អ្នកឃ្លាំមើល​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន នៅតែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី

0:00 / 0:00

អ្នក​តាមដាន​សង្គម និង​មន្ត្រី​គណបក្សប្រឆាំង​ថា លោក ហ៊ុន សែន ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​និង​រឿងរ៉ាវ​ប្លែកៗ​ទម្លាក់​កំហុស​លើ​លោក សម រង្ស៊ី។ ជាពិសេស​ក្នុង​រដូវ​កាល​បោះឆ្នោត​ខាងមុខ។

មន្ត្រី​គណបក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មាន​ចិត្ត​ឆេវឆាវ​ហាក់​បង្ហាញ​ពី​អារម្មណ៍​ខ្វល់ខ្វាយ​ពី​វត្តមាន​លោក សម រង្ស៊ី នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ​នេះ ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​លើក​ឡើង​នៅក្នុង​វេទិកាសាធារណៈ និង​ការ​ប្រឌិត​រឿង​ទម្លាក់​កំហុស​មក​លើ​លោក សម រង្ស៊ី ជាដើម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មិថុនា ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន គឺជា​រឿងប្រឌិត​ទម្លាក់កំហុស​ឱ្យ​លោក សម រង្ស៊ី និង​ជា​ការ​បង្វែងដាន​បញ្ហា​នៅ​ចំពោះមុខ​ដែល​លោក​មិនអាច​ដោះស្រាយ​បាន​ដូចជា​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBAនិង GSP ជាដើម។ លោក​អះអាង​ថា លោក ហ៊ុន សែន ខ្លួនឯង​នេះ​ហើយ​ដែល​ជា​អ្នក​កាត់​ដី​ធនធាន​ធម្មជាតិ​ព្រៃឈើ​ឱ្យ​ទៅ​បរទេស និង​ក្រុម​អ្នកមាន​លុយ​មាន​អំណាច​ព្រោះ​លោក​ជា​អ្នកគ្រប់គ្រង និង​មានអំណាច​ពេញដៃ​។ លោក​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​រឿង​នេះ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ខណៈ​លោក​កំពុង​ខ្លាច​បាត់បង់​សន្លឹកឆ្នោត ទោះបី​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ក្ដី។

លោក ម៉ែន សុថាវរិន្ទ្រ៖ «រឿង​នេះ​អត់​បាន​ការ​!ខ្ញុំ​មើលទៅ​អត់​បាន​ការ​សោះ។ និយាយ​ឱ្យ​ចំ​លោក ហ៊ុន សែន គាត់​អត់​មានអី​និយាយ​គាត់​និយាយ​តែ​ដដែលៗ​ហ្នឹង។ ដោយសារ​គាត់​ខ្លាច​ជាពិសេស​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធEBAនិងGSPគេ​នឹង​ធ្វើ​មែនទែន​ហើយ។ វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា។ ហើយ​គាត់​ចេះតែ​ប្រឌិត​រឿង​អី​ដែល​ជិត​បោះឆ្នោត​ទៅ។ ចង់​មិន​ចង់​ការបោះឆ្នោត​នេះ​អត់​មាន​គណបក្សជំទាស់​ទេ អត់​មាន​គណបក្ស​ភ្លើងទៀន​ទេ តែ​ក៏​ខ្លាច​ម្ល៉េះ»?

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៨ មិថុនា និយាយ​ដោយ​កាយវិការ​ច្រងេងច្រងាង​ចោទប្រកាន់​មក​លើ​លោក សម រង្ស៊ី ថា​កំពុង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជនជាតិភាគតិច​ម៉ុងតាញ៉ា ឬ​ចារ៉ាយ ដែល​រត់​ភៀសខ្លួន​ពី​ការ​តាម​ចាប់​របស់​ទាហាន​វៀតណាម​និង​រត់​មក​ពួន​នៅ​តាម​តំបន់​ព្រៃភ្នំ​ក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី។ ក្នុងនោះ​លោក ហ៊ុន សែន ចោទ​ថា​បាន​ចុះហត្ថលេខា​ប្រគល់​ខេត្ត​ចំនួន​៤​នៅ​ភូមិភាគ​ឦសាន ឱ្យទៅ​ជនជាតិ​នេះ។

លោក ហ៊ុន សែន៖ «នេះ​ហើយ​ដែល​អា​មេ​ក្បត់ជាតិ​បី​ជំនាន់​ចុះ​ហត្ថលេខា​ជាមួយ​កុក ស​(​ជនជាតិភាគតិច​ម៉ុងតាញ៉ា)គឺ​ពួក​ដេហ្គា​(Dega)​ហ្នឹងឯង រដ្ឋ​ដេហ្គា ដែល​ចុះហត្ថលេខា​ជាមួយ​អាក្បត់ជាតិ​បី​ជំនាន់​ដែល​ត្រូវតែ​កាត់ទោស។ រួចហើយ​ខំ​ថា​ប្រគល់​សិទ្ធិ​ជនជាតិ​ភាគតិច​ឥឡូវ​ជនជាតិភាគតិច​នៅ​កន្លែង​ណា​?មើល​ពីក្រោយ​ខ្នង​រវាង​អាកុក ស ជាមួយ​នឹង​អា​ក្បត់ជាតិ បី​ជំនាន់​មាន​ទង់ជាតិ​អាមេរិក​មួយ​មាន​ទង់ជាតិ​ខ្មែរ​មួយ និង​ទង់ជាតិ​ដេហ្គាមួយ។ អ៊ីចឹង​អ្នកឯង​កាត់​អ្នកឯង​តល់​ថា​ម៉េច?កុំ​ថា​នេះ​ជា​រឿង​នយោបាយ​ឱ្យ​សោះ។ រឿង​ក្បត់​ជាតិ​ពេញ​ទី»។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នេះ​លោក សម រង្ស៊ី អះអាង​ថា លោក​គ្មាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ណាមួយ​ដូច​រដ្ឋបាល​របស់​លោក ហ៊ុន សែន ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាន​ជួប​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​លោក​កុក ស នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៣​នោះ​គ្រាន់តែ​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​។ ទោះបីជា​លោក សម រង្ស៊ី អះអាង​បែបនេះ​ក្ដី​ក៏​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន​នៅ​ខែតុលា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ពី​បទ​«​ប្រគល់​ឱ្យ​រដ្ឋ​បរទេស»។ ក្រៅពី​ដកសិទ្ធិ​ធ្វើ​នយោបាយ​ហើយ​តុលាការ​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​ចាត់ទុក​ការប្រកាស​សាលក្រម​នេះ​នៅ​ចំពោះ​មុខ​ជន​ជាប់ចោទ។

ជុំវិញ​រឿង​នេះ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway)​លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន មក​លើ​លោក សម រង្ស៊ី គឺជា​អាការៈ​នៃ​ជំងឺ​ខ្លាច​លទ្ធិប្រជាធិបតេយ្យ ដែល​តែងតែ​កើត​មាន​លើ​មេដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ។ លោក​លើកឡើង​ថា លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧​ដែល​គណបក្ស​កាន់អំណាច​របូត​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​អស់​ជាច្រើន​ទៅ​គណបក្សប្រឆាំង​គឺជា​មេរៀន​មួយ​ដែល​តាម​បន្លាច​ឱ្យ​លោក ហ៊ុន សែន ខ្លាច​ស្រមោល​លោក សម រង្ស៊ី។

លោក ម៉ែន ណាត៖ «បើ​ថា​ជ្រុល​ជា​លេងល្ខោន​លេង​ឱ្យ​វា​ល្អ​មើលទៅ​កុំ​ឱ្យ​តែ​លេងល្ខោន​មិន​សម​ហេតុផល ហើយ​ដើរ​ចោទប្រកាន់​គេ​អ្នកដទៃ​។ ហើយ​អ្នកដទៃ​គេ​មិនដឹង​រឿង​អី​ផង​ហើយ​គាត់​លេង​តែ​ម្នាក់​គាត់​គាត់​ចោទ​គេ​ចោទ​ឯង​អ៊ីចឹង​វា​មិន​សម​ហេតុ​សម​ផល​យើង​គិត​មើល​ទៅ​ហើយ​កៀក​នឹង​ការ​បោះឆ្នោត​ផង​ហ្នឹង»។

ការ​ទម្លាក់​កំហុស​ចោទប្រកាន់ និង​ការ​គំរាម​ប្រើ​អាវុធ​ជា​យុទ្ធសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ក្នុង​ការ​រារាំង​ដំណើរ​របស់​លោក សម រង្ស៊ី មិន​ឱ្យ​វិលត្រឡប់​មក​ជាន់​ទឹកដី​កម្ពុជា​វិញ ខណៈ​លោក​ធ្លាប់​អះអាង​ថា នឹង​ស្វាគមន៍​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ដោយ​គុក និង​ខ្នោះដៃ។ ក្រៅពី​កែ​ច្បាប់​ដើម្បី​បិទផ្លូវ​នយោបាយ​លោក សម រង្ស៊ី លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះថា ជា​បុរស​ខ្លាំង​កម្ពុជា​បាន​បង្ហាញ​ការ​ប្ដេជ្ញា​យ៉ាង​ដាច់អហង្ការ​ថា នឹង​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​មក​លើ​ទឹកដី​ខ្មែរ​ឡើយ ហើយ​លោក​បាន​គំរាម​ប្រើ​អាវុធ​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​គឺ BM-21​បាញ់​កម្ទេច​លោក សម រង្ស៊ី ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។