ព្រះសង្ឃ​រិះគន់​លោក ហ៊ុន សែន ថា មិន​សម​គួរ​ទទួល​បាន​គោរមងារ​ពី​ព្រះពុទ្ធ​សាសនា

0:00 / 0:00

ព្រះសង្ឃ​រិះគន់​ថា លោក ហ៊ុន សែន មិន​ស័ក្ដិសម​នឹង​ទទួល​បាន​ការ​ផ្ដល់​គោរមងារ​ផ្នែក​ព្រះពុទ្ធ​សាសនា​ឡើយ ព្រោះ​លោក​ជា​មេ​ដឹកនាំ និង​ជា​អ្នក​នយោបាយ ចូលចិត្ត​ប្រើប្រាស់​អំពើ​ហិង្សា​ទាំង​ផ្លូវ​កាយ​និង​ចិត្ត បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជារឿយៗ លើ​ព្រះសង្ឃ ដែល​មិន​ស្រប​តាម​ការ​ដឹកនាំ​របស់​លោក។ ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​អន្តរជាតិ​មួយ​គ្រោង​ផ្ដល់​គោរមងារ​អ្នក​ការពារ​ព្រះពុទ្ធ​សាសនា​ឱ្យ​លោក ហ៊ុន សែន។

ព្រះសង្ឃ​លើកឡើង​ថា លោក ហ៊ុន សែន មិន​សូវ​យក​ចិត្ត​ទុកដាក់​លើក​កម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​ឡើយ ព្រោះ​លោក​មិន​អនុញ្ញាត​ព្រះសង្ឃ​ដើរ​តាម​លំអាន​ព្រះពុទ្ធ​ឱ្យ​បាន​ត្រឹមត្រូវ និង​តែង​ដាក់​គំនាប​ព្រះសង្ឃ​ឱ្យ​គាំទ្រ ឬ​ដើរ​តាម​ការ​ដឹកនាំ​របស់​លោក ជាពិសេស ព្រះសង្ឃ​ខ្លះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ធ្វើ​បាប​រាង​កាយ និង​ការ​គំរាមកំហែង​បណ្ដេញ​ចេញ​ពី​វត្ត ឬ​ចាប់​ផ្សឹក និង​រង​ការ​ជេរ​ប្រមាថ​ពាក្យ​សម្ដី​អាក្រក់​ៗ ដោយ​មិន​ញញើត​មាត់​ពី​លោក ហ៊ុន សែន។

ព្រះសង្ឃ​ភៀស​ព្រះកាយ​នៅ​ប្រទេស​ស្វីស ព្រះតេជព្រះគុណ បូរ បេត មាន​ថេរ​ដីកា​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ មេសា ថា លោក ហ៊ុន សែន មិន​ស័ក្ដិសម​ទទួល​គោរមងារ​ជា​អ្នក​គាំទ្រ​ព្រះពុទ្ធសាសនា​ឡើយ។ ព្រះអង្គ​បន្ត​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ជិត ៤០​ឆ្នាំ​នេះ លោក ហ៊ុន សែន បង្ក​ការ​ឈឺចាប់​រាប់​មិន​អស់​ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ ដែល​សកម្ម​ក្នុង​ការ​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ការពារ​បរិស្ថាន និង​វិស័យ​ព្រះពុទ្ធសាសនា។ ព្រះអង្គ​ថា រួមមាន​ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេ​សហជីព​កម្មករ​លោក ជា វិជ្ជា សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី និង​លោក​បណ្ឌិត កែម ឡី ជាពិសេស​ការ​បន្ត​ចាប់ចង​អ្នក​នយោបាយ​ប្រឆាំង​ទាំង​អយុត្តិធម៌ ដែល​កំពុង​នាំឲ្យ​ពួកគេ​បែកបាក់​ព្រាត់ប្រាស​និរាស​គ្រួសារ

Ven. BoBeth.jpg
ព្រះតេជព្រះគុណ បូរ បេត។ រូប៖ ហ្វេសប៊ុក Bor Bet

ព្រះតេជព្រះគុណ បូរ បេត៖«ព្រះពុទ្ធ​តែង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​សត្វលោក​ហ្នឹង ឱ្យ​អប់រំ​ចិត្ត​ខ្លួនឯង​ឱ្យ​បរិសុទ្ធ​ឱ្យ​ស្អាត មិន​ឱ្យ​ប្រើ​អំពើ​ហិង្សា មិន​ឱ្យ​ឃោរឃៅ ជាពិសេស​ចំពោះ​ពុទ្ធ​បរិស័ទ ឧបាសក ឧបាសិកា ឱ្យ​រក្សា​សីល​៥។ រក្សា​សីល​៥​ហ្នឹង គឺ​ហាម​ផ្ដាច់​មិន​ឱ្យ​បៀតបៀន​សត្វ​ដទៃ មិន​ឱ្យ​សម្លាប់ មិន​ឱ្យ​មូល​បង្កាច់ មិន​ឱ្យ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ជន​ស្លូតត្រង់»។

ប្រតិកម្ម​របស់​ព្រះអង្គ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​ពុទ្ធ​សាសនិក​ពិភព​លោក (World Fellowships of Buddhists) មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ គ្រោង​នឹង​ផ្ដល់​គោរមងារ«ពុទ្ធមាមកាភិបាល​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភព​លោក(Patron of WFB) ឬ​អាច​ហៅ​ថា គោរមងារ​អ្នក​ការពារ​ព្រះពុទ្ធ​សាសនា ដល់​លោក ហ៊ុន សែន ហើយ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​ទទួល​បាន​គោរមងារ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក ដែល​ដកស្រង់​សម្ដី​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ​លោក ឈិន កេតនា។ ពិធី​ប្រគល់​គោរមងារ​នេះ នឹង​ធ្វើ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​២ឧសភា​។

ព្រះតេជព្រះគុណ បូរ បេត មាន​ថេរដីកា​ទៀត​ថា អ្នក​ស័ក្ដិសម​គួរ​ទទួល​បាន​គោរមងារ​នេះ ត្រូវ​តែ​មាន​មេត្តាធម៌​និង​គុណធម៌​ខ្ពស់ តាម​លំអាន​ព្រះពុទ្ធ និង​ត្រូវ​រក្សា​សីល​ឱ្យ​បាន​ខ្ជាប់ខ្ជួន មិន​កាប់​សម្លាប់​បៀតបៀន ឬ​ធ្វើ​បាប​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ ដើម្បី​ធ្វើ​ជា​គំរូ​ពុទ្ធសាសនិក​ល្អ​នៅ​ក្នុង​សង្គម។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ​លោក ឈិន កេតនា ដោយសារ​អ្នក​លើក​ទូរស័ព្ទ​បាន​អះអាង​ថា ជា​ជំនួយ​ការ​របស់​លោក។ ជាមួយ​គ្នា​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក៏​ពុំ​បាន​ទទួល​ទូរស័ព្ទ។

ទោះជាយ៉ាងណាក៏ដោយ​កាល​អំឡុង​ឆ្នាំ​២០១៣ មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ឈប់​ធ្វើ​បុណ្យ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ការ​បោះឆ្នោត។ ការណ៍​នេះ​ហាក់​បញ្ជាក់​ថា លោក ហ៊ុន សែន គ្មាន​ចិត្ត​ជ្រះថ្លា​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​បុណ្យ ឬ​ជួយ​ការពារ​ព្រះពុទ្ធ​សាសនា​ឡើយ។

លោក ហ៊ុន សែន៖«​ចាញ់​ឆ្នោត​ហើយ ចាំ​តែ​ធ្វើ​កថិន​ឱ្យ​ព្រះតេជព្រះគុណ និយាយ​ឱ្យ​ត្រង់​ៗ ជា​មួយ​គ្នា។ អ្នក​ណា​ទៅ​ធ្វើ​កថិន​អី​ទៀត ធ្វើ​បុណ្យ​សឹង​ងាប់ ហើយ​អា​ពួក​វា​អត់​ធ្វើ​អី​សោះ បែរ​ជា​ឈ្នះ​ឆ្នោត​។ អើ!ទៅ​ពឹង​អ្នក​ណុង​ហែ​កថិន​ទៅ​វ៉ី ឃើញ​ពួក​ហ្នឹង ហែ​កថិន​ពី​អង្កាល់។ បាន​សេចក្ដី​ថា គណបក្ស​ប្រជាជន​នឹង​ឈប់​ធ្វើ​បុណ្យ»។

ក្រៅ​ពី​ការ​ព្រមាន​ឈប់​ធ្វើ​បុណ្យ លោក ហ៊ុន សែន ក៏​មិន​ដែល​ញញើត​មាត់​ជេរប្រមាថ​ព្រះសង្ឃ​ជា​សាធារណៈ​នោះ​ដែរ​។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ នេះ លោក​បាន​ជេរប្រមាថ​ជាថ្មី​ទៀត និង​ប្រកាស​តាម​ចងពៀរ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ខណៈ​ព្រះអង្គ​បាន​ឆ្លើយតប​វិញ​ថា មូលហេតុ​លោក ហ៊ុន សែន តាម​ចង់​ពៀរ​ព្រះអង្គ​បែប​នេះ ដោយសារ​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ព្យាយាម​ដាក់​គំនាប​ព្រះអង្គ​ឱ្យ​ដើរ​គោល​នយោបាយ​របស់​លោក។

លោក ហ៊ុន សែន៖«ឥឡូវ បើ​ចេញ​មក​សុំ​ទោស អា​ហ្នឹង អូខេ បាន​អញ​ហៅ​ព្រះតេជព្រះគុណ ឱ្យ​តែ​អ្ហែង អាខ្មៅ​ចេញ​មក​សុំ​ទោស អ្ហែង​ខូច​។ បើ​អ្ហែង កាល​ណា អ្ហែង​មិន​ព្រម​សារភាព​អា​រឿង ១០​ម៉ឺន​ដុល្លារ ថា ហ៊ុន សែន ផ្ញើ​ឱ្យ ជែម សុខ ឬ សុខ សុគុន ទេ អ្ហែង​កុំ​សង្ឃឹម​ថា អញ​ឈប់​រក​រឿង​អ្ហែង អញ​តាម​រក​រឿង​អ្ហែង​រហូត​។ អញ​ងាប់​ទៅ​ឋាន​ក្រោម​ហើយ អញ​តាម​រក​រឿង​អ្ហែង​រហូត​ទៀត»។

ជុំវិញ​គម្រោង​ផ្ដល់​គោរមងារ​ដល់​លោក ហ៊ុន សែន នេះ ព្រះតេជព្រះគុណ លួន សុវ៉ាត ម្ចាស់​ពានរង្វាន់​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ឆ្នាំ​២០១២ មាន​ថេរ​ដីកា​ដែរ​ថា បើ​តាម​ចរិត​លក្ខណៈ និង​ការ​អនុវត្ត​ជាក់ស្ដែង លោក ហ៊ុន សែន មិន​ស័ក្ដិសម​ទទួល​បាន​គោរមងារ​ជា​អ្នក​ការពារ និង​ថែរក្សា​ព្រះពុទ្ធសាសនា​ឡើយ ព្រោះ​លោក​មិន​ដែល​យក​ធម៌​អហិង្សា និង​ធម៌​សន្តិភាព​ដែល​មាន​សីលធម៌​ជា​គោល មក​អនុវត្ត​នៅ​ក្នុង​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន។

ព្រះតេជព្រះគុណ លួន សុវ៉ាត៖ «ហើយ​ពេល​ខ្លះ គាត់​ទៅ​ជេរប្រមាថ​កាត​ទាន​ដល់​ព្រះសង្ឃ ដែល​ជា​អ្នក​មាន​សីល ដែល​ជា​អ្នក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទៅ​ទៀត​។ អ៊ីចឹង​!វា​អស់​ត្រឹម​ការ​ជេរប្រមាថ​កាត​ទាន​ព្រះសង្ឃ ដែល​មាន​សីល ព្រះសង្ឃ​ជា​អ្នក​បួស​ហ្នឹង អា​ហ្នឹង មិន​មែន​ជា​ពុទ្ធសាសនិកជន ដែល​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទីពឹង​ទី​រឭក​ទេ»។

ព្រះអង្គ​លើកឡើង​ទៀត​ថា ប្រហែល​លោក ហ៊ុន សែន ចំណាយ​លុយ​បរិច្ចាគ ជា​ថ្នូរ​ទទួល​បាន​ការ​ផ្ដល់​គោរមងារ​ពី​ខាង​សាសនា ដើម្បី​បញ្ជាក់​ថា លោក​ជា​អ្នក​គោរព​តាម​គោលការណ៍​ធម៌​ព្រះពុទ្ធ ធ្វើ​ជា​នយោបាយ​បោក​ប្រាស់​ពលរដ្ឋ សម្រាប់​ស្វែងរក​ការ​គាំទ្រ​របប​ដឹកនាំ​តវង្ស​ត្រកូល​របស់​លោក​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។