របបសឹកភូមា បានបដិសេធពីការដោះលែងសេដ្ឋវិទូ និងជាសាស្ត្រាចារ្យអូស្ត្រាលី ដូចតាមការអះអាងរបស់លោក ហ៊ុន សែន។ ការបដិសេធនូវព័ត៌មានពីការដោះលែងអតីតទីប្រឹក្សារបស់មេដឹកនាំភូមាស្របច្បាប់អ្នកស្រី អ៊ុង សានស៊ូជី នេះ ធ្វើឡើងភ្លាមៗក្រោយលោក ហ៊ុន សែន ប្រកាសថា លោកជាអ្នកនៅពីក្រោយការស្នើសុំឱ្យដោះលែងនេះ ក្នុងពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា កាលពីដើមខែមករាកន្លងទៅ។
លោក ហ៊ុន សែន អះអាងថា សាស្ត្រាចារ្យអូស្ត្រាលីរូបនេះត្រូវបានដោះលែងកាលពីថ្ងៃទី៦ ខែកុម្ភៈ ម្សិលម៉ិញ៖ «ម្សិលមិញមានការដោះលែងសាស្ត្រាចារ្យរបស់អូស្ត្រាលី ហើយ ... គឺ មីន អ៊ុង លាំង សន្យាពិចារណាជាវិជ្ជមាន ។ គុណសម្បត្តិ ជាគុណសម្បត្តិរបស់ លោក មីន អ៊ុងលាំង ប៉ុន្តែហោចណាស់ក៏ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំទៅទីនោះ ខ្ញុំក៏បានដោះលែងអ្នកទោស រាប់ទាំងសាស្ត្រាចារ្យ ដែលជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស្រី អ៊ុង សានស៊ូជី ដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ស្នើសុំមកខ្ញុំ លើកបញ្ហានេះជាមួយ មីន អ៊ុងលាំង »។
ក៏ប៉ុន្តែ ព័ត៌មាននេះត្រូវបានអ្នកនាំពាក្យរបបសឹកភូមាបដិសេធភ្លាមៗ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) នៅថ្ងៃទី៧ ខែកុម្ភៈ អ្នកនាំពាក្យរបបសឹកភូមាលោក ហ្ស័រ មីន ទុន (Zaw Min Tun) ថា ជនជាតិអូស្ត្រាលីរូបនេះមិនត្រូវបានដោះលែងនោះទេ។ ក៏ប៉ុន្តែ លោកទទួលស្គាល់ថា លោក ហ៊ុន សែន ពិតជាបានលើកសំណើនេះនៅក្នុងពេលដំណើរទស្សនកិច្ចរបស់លោកជួបជាមួយមេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង (Min Aung Hlaing) មែន។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ទាក់ទងនឹងករណីនេះ នាយឧត្តមសេនីយ៍ មីន អ៊ុងលាំង បានឆ្លើយតបថា លោកនឹងពិចារណាលើសំណើនេះនៅពេលបញ្ចប់ដំណើរការក្តីក្តាំតាមផ្លូវច្បាប់របស់ជនជាតិអូស្ត្រាលីរូបនេះ។
លោក សន ធើនណល (Sean Turnell) ជាសេដ្ឋវិទូជនជាតិអូស្ត្រាលី និងជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំស្របច្បាប់ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)។ លោកត្រូវបានរបបសឹកចាប់ឃុំខ្លួនភ្លាមៗក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ជនជាតិអូស្ត្រាលីរូបនេះ រងនូវការចោទប្រកាន់ពីបទរំលោភច្បាប់កិច្ចការសម្ងាត់របស់ប្រទេសភូមា ហើយប្រឈមជាប់គុករហូតដល់ទៅ ១៤ឆ្នាំ ប្រសិនបើរបបសឹករកឃើញថា លោកពិតជាមានកំហុសមែន។
លោកបានបង្ហាញវត្តមាននៅក្នុងតុលាការនៅរដ្ឋធានី ណៃពិដោរ (Naypyidaw) កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្នុងពេលដែលលោកត្រូវបានចោទប្រកាន់រួមគ្នាជាមួយអ្នកស្រី អ៊ុង សានស៊ូជី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
