គណបក្ស​កម្លាំង​ជាតិ​ត្រៀម​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​សមាជិក​បក្ស

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ​ត្រៀម​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ សមាជិក​បក្ស​ចំនួន ២នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ នេះ។ ពួក​គេ​ថា ​ការ​ចាប់​ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌ ដែល​មាន​ចេតនា​រឹតត្បិត​លើ​គណបក្ស​ប្រឆាំង។

អ្នក​គាំទ្រ និង​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ ១៥០នាក់ ត្រៀម​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​បក្ស នៅ​ទី​លាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ ការ​ជួប​ជុំ​សម្ដែង​មតិ​នេះ នឹង​ធ្វើ​ឡើង ​រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ថ្ងៃ​ទី២៤ ខែមេសា។

អ្នក​នាំ​ពាក្យ​គណ​បក្ស​កម្លាំង​ជាតិ លោក ជា មុនី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែមេសា​ថា អ្នក​គាំទ្រ និង​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​​រាប់​រយ​នាក់ មក​ពី​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​ នឹង​ជួប​ជុំ​គ្នា​សម្ដែង​មតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល ឱ្យ​ដោះលែង​សមាជិក​បក្ស គឺ​លោក អ៊ំ វីរៈរដ្ឋ និង លោក គា វិសាល ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ដាក់​ពន្ធនាគារ ពី​បទ «ញុះញង់» និង «រួមគំនិតក្បត់»។

Chea_Mony_NPP_Spokesperson_021824.jpg
លោក ជា មុនី អ្នក​នាំ​ពាក្យ​គណ​បក្ស​កម្លាំង​ជាតិ ពេល​ចូលរួមកម្មវិធីឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅ​ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក​គណបក្សកម្លាំង​ជាតិ

អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ និង​លោក គា វិសាល គឺ​ជា​រឿង​អយុត្តិធម៌។ លោក​បន្ត​ថា​ ការ​ចាប់​ខ្លួន​នេះ គឺ​ជា​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា គណបក្ស​កម្លាំង​ជាតិ​មិន​ឈរ​មើល​ភាព​អយុត្តិធម៌ ដែល​កំពុង​កើត​ឡើង​នោះ​ទេ ហើយ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ទុក្ខ​បុក​ម្នេញ​មក​លើ​បក្ស​ប្រឆាំង ព្រោះ​មិន​ចំណេញ​ដល់​សង្គម​ជាតិ​នោះ​ឡើយ។

លោក ជា មុនី៖«ស្ថានភាព​នយោបាយ​ នៅ​កម្ពុជា​មាន​ការ​រឹតត្បិត មិន​មែន​តែ​គណបក្ស​ នយោបាយ​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ណា​មួយ ដែល​រិះគន់​រដ្ឋាភិបាល ពី​ភាព​អសកម្ម ក៏​ត្រូវ​បាន​គេ​ចាប់​ចោទ តាម​តែ​ការ​នឹក​ឃើញ។ អ៊ីចឹង​ការ​ចាប់​ចោទ ​រយៈ​ពេល​កន្លង​មក​ហ្នឹង គឺ​វា​អត់​ត្រឹម​ត្រូវ អត់​ត្រឹម​ត្រូវ​ត្រង់​ថា បើ​អ្នក​ណា​គាំទ្រ បក្ស​ប្រឆាំង ហើយ​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​ទៅ ​អ្នក​នោះ​ឯង បាន​រួច​ខ្លួន ហើយ​មាន​តួនាទី មាន​បុណ្យស័ក្ដិ​ទៀត»។

កាល​ពី​ថ្ងៃ​ទី៣០ មីនា សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់​ខ្លួន​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី១ គឺលោក អ៊ំ វីរៈរដ្ឋ ដែល​មាន​តួនាទី​ជា​អគ្គហេរញ្ញិក​របស់​គណបក្ស​កម្លាំង​ជាតិ អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ដាក់​កម្រង​ផ្កា​រំលឹក​ខួប នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​អហិង្សា​នៅ​មុខ​រដ្ឋសភា​ចាស់។ ការ​ឃាត់​ខ្លួន​នេះ គឺ​ពាក់ព័ន្ធ​បទ​ចោទ «រួម​គំនិត​ក្បត់»។

ចំណែក​លោក មឺ សេងហ៊ ហៅ ​គា វិសាល ក៏​ត្រូវ​បាន​​អាជ្ញាធរ​ខេត្ត​កំពង់ចាម ឡោមព័ទ្ធ​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា ចោទ​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ការរើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ»។ លោក គា វិសាល គឺ​ជា​អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​ កំពង់ចាម លេខ​រៀង​ទី​១ របស់​គណបក្ស​កម្លាំង​ជាតិ​។

ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នេះ ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខិត​ជិត​មក​ដល់។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​វាយ​តម្លៃ​ករណី​នេះ​ថា ជា​ការ​រឹតត្បិត​ផ្នែក​នយោបាយ​ពី​បក្ស​កាន់​អំណាច ដែល​តែងតែ​ធ្វើ​ឡើង​ជា​ញឹកញាប់ លើ​មន្ត្រី​បក្ស​ប្រឆាំង។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​ឆ្លើយ​តប​ការ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​របស់​គណៈ​កម្លាំង​ជាតិ​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែមេសា។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADO) លោក អំ សំអាត លើក​ឡើង​ថា ការ​ជួប​ជុំ​សម្ដែង​មតិ​របស់​គណៈ​បក្ស​នយោបាយ និង​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ​សេរីភាព ដែល​មាន​ចែង​ដោយ​ច្បាប់។

លោក​បន្ថែម​ថា ករណី​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​ប្រឆាំង តែងតែ​កើត​ឡើង​នៅ​ពេល​ជិត​មាន​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ធ្លាក់​ចុះ និង​កាន់តែ​អាប់អួ។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក ទាំង​អស់​ហ្នឹង​មិន​ចង់​ឃើញ​កម្ពុជា​មាន​បរិយាកាស​នយោបាយ​អាប់អួ ឬ​មាន​ការរិះគន់​សហគមន៍​អន្តរជាតិ​ទេ ​នៅ​ពេល​ដែល​មាន​ការ​បោះឆ្នោត​ម្ដង​ៗ យើង​ចង់​ឃើញ​ស្ថាន​ភាព​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​មាន​បរិយាកាស​ល្អ យើង​នៅ​តែ​ទទូច​សូម​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​តម្កល់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ»។

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ រំពឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​ឱ្យ​ពួក​លោក​ជួប​ជុំ​សម្ដែង​មតិ​ដោយ​សេរី ហើយ​ដោះលែង​សមាជិក​បក្ស​ទាំង ២នាក់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥតលក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។