លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ នៅថ្ងៃទី១៥ ឧសភា បានអំពាវនាវសាជាថ្មីទៀតទទូចដល់ប្រជាពលរដ្ឋកុំឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដាខាងមុខ។ លោក សម រង្ស៊ី ចាត់ទុកការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងចូលរួមថា ជាការបោះឆ្នោតក្លែងក្លាយ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចវិញលើកឡើងថា ប្រជាពលរដ្ឋនឹងមិនស្ដាប់តាមការអំពាវនាវរបស់ លោក សម រង្ស៊ី នោះទេ។
លោក សម រង្ស៊ី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី១៥ ឧសភាថា ពលរដ្ឋ ត្រូវបន្តការតស៊ូ ដែលពួកគេនិងបក្សសង្គ្រោះជាតិបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៣ ដោយធ្វើពហិការ ការបោះឆ្នោតក្លែងក្លាយ។ សាររបស់លោក សម រង្ស៊ី បន្ថែមទៀតថា នៅពេលនោះ ពលរដ្ឋនៅផ្ទះ មិនទៅបោះឆ្នោត គឺប្រៀបដូច បោះឆ្នោតក្នុងចិត្តឱ្យគណបក្សសង្គ្រោះជាតិដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ឃើញថា ប្រជាពលរដ្ឋនឹងមិនស្ដាប់តាមការអំពាវនាវរបស់លោក សម រង្ស៊ី នោះទេ។ លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការពង្វក់សតិអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យយល់ច្រឡំ និងជាសកម្មភាពបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ «»
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សារអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត អាចមានទោស និងគ្មានទោស។ លោក កន សាវាង្ស ថា បើគ្រាន់តែអំពាវនាវធម្មតាដោយមិនមានសកម្មភាពជាក់ស្ដែងទេ គឺជាការបញ្ចេញមតិ ព្រោះសិទ្ធិសម្រេច ការទៅបោះឆ្នោត ឬមិនបោះឆ្នោត អាស្រ័យលើពលរដ្ឋ។ ចំណែកឯការទៅបោះឆ្នោតតិច ឬច្រើននោះ គ្រាន់តែជាការបង្ហាញទៅលើសិទ្ធនៃការចូលរួមរបស់ពលរដ្ឋប៉ុណ្ណោះ ដែលមិនបង្ហាញថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌កម្រិតណានោះឡើយទេ។ «»
កន្លងមកមានពលរដ្ឋនៅបណ្ដាខេត្តមួយចំនួន បានព្រមានថាពួកគាត់នឹងមិនទៅចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខទេ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែងជាមួយកាន់អំណាចនោះ ព្រោះពួកគាត់លើកឡើងថា គណបក្សតូចៗគ្រាន់តែជាគណបក្សហែហមបង្គ្រប់កិច្ចឱ្យគណបក្សកាន់អំណាចប៉ុណ្ណោះ ដូច្នេះប្រសិនពួកគាត់ទៅបោះឆ្នោតក៏គ្មានគណបក្សណាយកឈ្នះ គណបក្សកាន់អំណាចបានដែរ។
គិតត្រឹមថ្ងៃទី១៤ឧសភា មានគណបក្សនយោបាយ ចំនួន ២០ ដែលបានចុះបញ្ជីរួចរាល់នៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុន្តែក្នុងនោះមានតែចំនួន ៤គណបក្សប៉ុណ្ណោះ ដែលគ.ជ.ប បានទទួលស្គាល់ជាផ្លូវការ។ ចំណែកគណបក្សចំនួន ១៦ ទៀត កំពុងតែពិនិត្យឯកសារ ហើយគ.ជ.ប បានសម្រេចទុកពេល៥ថ្ងៃទៀត សម្រាប់គណបក្សទាំងនោះ បំពេញបែបបទបន្ថែម។
គណបក្សដែលគ.ជ.ប.ប្រកាសទទួលស្គាល់ជាផ្លូវការ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ៕
