លោក សម រង្ស៊ី អំពាវនាវ​ជាថ្មី​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខ

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១៥ ឧសភា បាន​អំពាវនាវ​សាជាថ្មី​ទៀត​ទទូច​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាងមុខ។ លោក សម រង្ស៊ី ចាត់​ទុក​ការបោះឆ្នោត​ដែល​គ្មាន​គណបក្សប្រឆាំង​ចូលរួម​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​វិញ​លើកឡើង​ថា ប្រជាពលរដ្ឋ​នឹង​មិន​ស្ដាប់​តាម​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី នោះ​ទេ។

លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១៥ ឧសភា​ថា ពលរដ្ឋ ត្រូវ​បន្ត​ការ​តស៊ូ ដែល​ពួកគេ​និង​បក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ ២០១៣ ដោយ​ធ្វើ​ពហិការ ការបោះឆ្នោត​ក្លែងក្លាយ។ សារ​របស់​លោក សម រង្ស៊ី បន្ថែម​ទៀត​ថា នៅ​ពេល​នោះ ពលរដ្ឋ​នៅផ្ទះ មិន​ទៅ​បោះឆ្នោត គឺ​ប្រៀប​ដូច បោះឆ្នោត​ក្នុង​ចិត្ត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន យល់ឃើញ​ថា ប្រជាពលរដ្ឋ​នឹង​មិន​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក សុខ ឥសាន ចាត់​ទុក​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ពង្វក់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្រឡំ និង​ជា​សកម្មភាព​បំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។ «»

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា សារ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត អាច​មាន​ទោស និង​គ្មាន​ទោស។ លោក កន សាវាង្ស ថា បើ​គ្រាន់តែ​អំពាវនាវ​ធម្មតា​ដោយ​មិន​មាន​សកម្មភាព​ជាក់ស្ដែង​ទេ គឺជា​ការ​បញ្ចេញមតិ ព្រោះ​សិទ្ធិ​សម្រេច ការ​ទៅ​បោះឆ្នោត ឬ​មិន​បោះឆ្នោត អាស្រ័យ​លើ​ពលរដ្ឋ។ ចំណែក​ឯ​ការ​ទៅ​បោះឆ្នោត​តិច ឬ​ច្រើន​នោះ គ្រាន់តែ​ជា​ការ​បង្ហាញ​ទៅលើ​សិទ្ធ​នៃ​ការចូលរួម​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ដែល​មិន​បង្ហាញ​ថា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​កម្រិត​ណា​នោះ​ឡើយ​ទេ។ «»

កន្លង​មក​មាន​ពលរដ្ឋ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ព្រមាន​ថា​ពួកគាត់​នឹង​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​ទេ ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ​មិនបាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​កាន់អំណាច​នោះ ព្រោះ​ពួកគាត់​លើកឡើង​ថា គណបក្ស​តូចៗ​គ្រាន់តែ​ជា​គណបក្ស​ហែហម​បង្គ្រប់​កិច្ច​ឱ្យ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​ពួកគាត់​ទៅ​បោះឆ្នោត​ក៏​គ្មាន​គណបក្ស​ណា​យក​ឈ្នះ គណបក្ស​កាន់អំណាច​បាន​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​១៤​ឧសភា មាន​គណបក្ស​នយោបាយ ចំនួន ២០ ដែល​បាន​ចុះបញ្ជី​រួចរាល់​នៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប៉ុន្តែ​ក្នុង​នោះ​មានតែ​ចំនួន ៤​គណបក្ស​ប៉ុណ្ណោះ ដែល​គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ ចំណែក​គណបក្ស​ចំនួន ១៦ ទៀត កំពុងតែ​ពិនិត្យ​ឯកសារ ហើយ​គ.ជ.ប បាន​សម្រេច​ទុក​ពេល​៥​ថ្ងៃ​ទៀត សម្រាប់​គណបក្ស​ទាំងនោះ បំពេញបែបបទ​បន្ថែម។

គណបក្ស​ដែល​គ.ជ.ប.ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។