គ.ជ.ប. លុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន ២០រូប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ២០រូប (៧រូបជាស្ត្រី) ចេញពីបញ្ជីបេក្ខជនដំបូងរបស់បក្សនេះ ដោយអះអាងនូវបញ្ហាមួយចំនួន មានជាអាទិ៍ ភាគច្រើនបេក្ខជនឲ្យគេបំពេញប្រវត្តិរូបជំនួស ដោយខ្លួនមិនចេះអាន និងសរសេរអក្សរខ្មែរ និងបេក្ខជនមិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។ ក្នុងនោះក៏មានបេក្ខជនពីររូបសុំប្ដឹង គ.ជ.ប. ឲ្យលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ ក្នុងចំណោមបេក្ខជនទាំង ២០រូប ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីនេះ គឺសុទ្ធតែឈរឈ្មោះនៅភ្នំពេញ លើកលែងបេក្ខជនម្នាក់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប កាលពីថ្ងៃទី១៨ ខែមីនានោះ គឺជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។
យោងតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រង់មាត្រា ៣៥ និងប្រការ ៦.១ តម្រូវឲ្យពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចេះអាន និងសរសេរអក្សរខ្មែរ និងបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថា លោកព្រមទទួលយកតាមការសម្រេចរបស់ គ.ជ.ប. ព្រោះបេក្ខជនទាំងនោះ ពិតជាចង់ចូលរួមឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ទើបពឹងឲ្យសកម្មជនបក្សនេះជួយសរសេរប្រវត្តិរូប ទាំងខ្លួនមិនដឹងអំពីលក្ខខណ្ឌទាំងនេះ។
ទោះជាយ៉ាងនេះក្ដី លោកថាការលុបឈ្មោះខ្លះនេះ មិនប៉ះពាល់ដល់បញ្ជីឈ្មោះបេក្ខជននៅទូទាំងប្រទេសនោះឡើយ ដោយសារតែគណបក្សភ្លើងទៀន បានដាក់បេក្ខជនបម្រុងគ្រប់គ្រាន់ ដើម្បីជំនួស។
បើតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប. ទទួលស្គាល់បេក្ខជនគណបក្សភ្លើងទៀន ១.៦៤៩ឃុំសង្កាត់ ក្នុងចំណោម ១.៦៥២ឃុំសង្កាត់ ពោលគឺនៅខ្វះតែ ៣ឃុំសង្កាត់ប៉ុណ្ណោះ នៅទូទាំងប្រទេស។ គណបក្សនេះ ឈរលេខរៀងទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ បានទាំង ១.៦៥២ឃុំសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។