ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះទៅពន្យល់ពលរដ្ឋម្ចាស់ឆ្នោត នៅខេត្តតាកែវ នៅថ្ងៃទី០៤ ឧសភា ដើម្បីពន្យល់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ កក្កដា តាមកាលបរិច្ឆេទកំណត់របស់មេដឹកនាំរបបក្រុងភ្នំពេញ។ សង្គមស៊ីវិល បង្ហាញការភ្ញាក់ផ្អើល ចំពោះករណីប្រធានគ.ជ.ប មានគម្រោងចុះទៅពន្យល់ម្ចាស់ឆ្នោតដោយផ្ទាល់។
សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត ឱ្យដឹងថា កន្លងមកប្រធានស្ថាប័នគ.ជ.ប មិនដែលចុះទៅពន្យល់ម្ចាស់ឆ្នោតដោយផ្ទាល់ អំពីការរៀបចំដំណើរការបោះឆ្នោតទេ គឺមន្ត្រីជាន់ខ្ពស់គ.ជ.ប គ្រាន់តែចុះទៅពន្យល់មន្ត្រីគ.ជ.ប នៅមូលដ្ឋានតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស បង្ហាញការភ្ញាក់ផ្អើល ដែលលឺ ថាប្រធានគ.ជ.ប គ្រោងចុះទៅជួបពន្យល់ម្ចាស់ឆ្នោត ដល់មូលដ្ឋានបែបនេះ។ លោក កន សាវាង្ស យល់ថា បើទោះជា ប្រធានគ.ជ.ប ចេញមុខដោយផ្ទាល់ ទៅពន្យល់ពលរដ្ឋម្ចាស់ឆ្នោត យ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចធ្វើឱ្យពលរដ្ឋផ្លាស់ប្ដូរចិត្តបាននោះដែរ។ «»
ក្នុងសេចក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី០២ ឧសភា បង្ហាញថា ប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក និងគ្រូឧទ្ទេសនាមរបស់គ.ជ.ប មួយចំនួន នឹងចុះទៅជួបម្ចាស់ឆ្នោតដោយផ្ទាល់ នៅខេត្តតាកែវ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ០៤ ខែឧសភា នៅសាលាគរុកោសល្យខេត្ត ដើម្បីបញ្ជ្រាបអំពីសារៈសំខាន់ នៃការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប អះអាង ក្នុងសេចក្តីជូនដំណឹងថា ការចុះទៅជួបនោះ គឺធ្វើឡើងតាមការសំណូមពរ របស់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន ប្រមាណ៨០០នាក់។ បើទោះជា គ.ជ.ប លែងមានការទុកចិត្ត ពីគណបក្សនយោបាយ និងពលរដ្ឋមួយចំនួន ថា មានភាពឯករាជ្យ ហើយត្រូវបានប្រទេសលោកសេរី ព្រមានមិនទទួលស្គាល់ការបោះឆ្នោតអាណត្តិទី៦យ៉ាងណាក្តី ក៏ប៉ុន្ដែ ស្ថាប័នមួយនេះ នៅតែការពារខ្លួន ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី០២ ឧសភា ថា នឹងពន្យល់ដល់ម្ចាស់ឆ្នោត ពីក្រឹត្យក្រមនៃការបោះឆ្នោត តាមបែបប្រទេសជឿនលឿន លើពិភពលោក។
ការចុះទៅជួបពន្យល់ពលរដ្ឋម្ចាស់ឆ្នោត ដោយផ្ទាល់ពីប្រធានគ.ជ.បនេះ ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានទទូចឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទូទៅចែកចាយខិត្តប័ណ្ណ អំពាវនាវឱ្យអ្នកបោះឆ្នោត កុំទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខ ដោយលោក សម រង្ស៊ី ហៅការរៀបចំការបោះឆ្នោត ដោយគ្មានវត្តមានគណបក្សប្រឆាំង ជាការបោះឆ្នោតលេងសើច ធ្វើឡើងដើម្បីបង្គ្រប់កិច្ច តាមការចង់បានរបស់ លោក ហ៊ុន សែន ក្នុងបំណងឱ្យលោក បានបន្តក្រាញអំណាច អស់មួយ ជីវិតតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០១ ឧសភា មានចំណងរឿងថា អត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយ រៀបចំដោយអំណាចផ្ដាច់ការ នៅថ្ងៃទី២៩ កក្កដា។ ខិត្តប័ណ្ណបន្ថែមទៀតថា ថ្ងៃទី២៩ ខែកក្កដា ពលរដ្ឋមានជម្រើសពីរ ទី១មិនទៅបោះឆ្នោត គឺមានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងចិត្ត ហើយចង់ឱ្យគណបក្សនេះមកដឹកនាំប្រទេសដើម្បីមានការផ្លាស់ប្ដូរជាវិជ្ជមាន។ ទី២ គឺទៅបោះឆ្នោត ទោះបីជាបោះឆ្នោតឱ្យគណបក្សណាក៏ដោយ គឺមានន័យការគាំទ្រ គណបក្សប្រជាជនកម្ពុជាហើយចង់ឱ្យគណបក្សនេះ ដឹកនាំប្រទេសតទៅទៀត។
ប្រធានសមាគមគ្រូបង្រៀន ឯករាជ្យខេត្តតាកែវ លោក នី ច័ន្ទតារាវុធ ថា លោកក៏ជាគ្រូបង្រៀនម្នាក់នៅខេត្តតាកែវដែរ ប៉ុន្តែ ប្រហែលអាចនឹងគ.ជ.ប មិនហៅលោកចូលរួមទេ។ គ្រូបង្រៀននៅខេត្តតាកែវរូបនេះ យល់ថា គ.ជ.បហាក់មានការភ័យខ្លាច ដូចគណបក្សនយោបាយ ដែលព្រួយបារម្ភខ្លាចពលរដ្ឋ មិនទៅបោះឆ្នោត ដោយសារមានការរំលាយគណបក្សប្រឆាំង។ ប៉ុន្តែ ទោះជាមានការចុះទៅពន្យល់បែបណា គ្រូបង្រៀនរូបនេះ យល់ថា នឹងមិនអាចប្ដូរឆន្ទៈរបស់គ្រូបង្រៀន ដែលសម្រេចចិត្តរួចហើយនោះបានដែរ។ «»
សង្គមស៊ីវិល ឃ្លាំមើលការបោះឆ្នោត មើលឃើញថា ការបោះឆ្នោតមួយ ដែលអាចចាត់ទុកបាន ថាត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត្យ ដោយសេរី និងមានការទទួលស្គាល់បាន លុះណាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា គ.ជ.ប គណបក្សនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងច្រើនភាគីពាក់ព័ន្ធ។ លោក កន សាវាង្ស យល់ថា គ.ជ.ប មិនមែនអាចអ្នកដើរតួ តែម្នាក់ឯង ក្នុងការរៀបចំការបោះឆ្នោតមួយ ដែលអាចទទួលយកបានពីគ្រប់ភាគីទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគី។
មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ បញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការខុមហ្វ្រែល មិនទាន់សម្រេចចិត្តថា នឹងចូលរួមឃ្លាំមើលការបោះឆ្នោតអាណត្តិទី៦ ឬ អត់នោះនៅឡើយទេ៕
