គ.ជ.ប ទទួល​បាន​បណ្ដឹង​៧០​ក្នុង​រយៈពេល​១​សប្ដាហ៍​ឃោសនា​បោះឆ្នោត

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​វាយ​តម្លៃ​ថា សកម្មភាព​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ១​សប្ដាហ៍​មក​នេះ មាន​លក្ខណៈ​ប្រសើរ បើ​ទោះ​បី​ជា​មាន​ពាក្យ​បណ្ដឹង​មួយ​ចំនួន ប្ដឹង​ទាក់ទង​រឿង​គណបក្ស​នយោបាយ​ក៏ដោយ។

ផ្ទុយ​ពី​ការ​អះអាង​នេះ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ចាត់​ទុក​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ​១​សប្ដាហ៍​មក​នេះ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​ស្ថាប័ន គ.ជ.ប ត្រូវ​មាន​វិធាន​ការ​បន្ទាន់។

អ្នកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប ព្រឹក​ថ្ងៃ​ទី៤ ខែ​កក្កដា ថា មាន​ពាក្យ​បណ្ដឹង​ចំនួន​៧០ ត្រូវ​បាន​គណបក្ស​នយោបាយ​ប្ដឹង​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ និង​រាជធានី-ខេត្ត។ ហើយ​ថា បណ្ដឹង​ទាំង​នោះ​កើត​មាន​នៅ​តាម​រាជធានី-ខេត្ត​ចំនួន​១៣ ក្នុង​ចំណោម ២៤​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស៖ «សូម​អំពាវនាវ​ទៅ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជួយ​ធ្វើ​ម៉េច​ឲ្យ​ការ​ឃោសនា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ប្រទូសរ៉ាយ​គ្នា ឬ​អំពើ​ហិង្សា​កើត​ឡើង»

បន្ថែម​លើ​នេះ លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម គ.ជ.ប បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បណ្ដឹង​ទាំង ៧០​ករណី គឺ​មាន ៦១​បណ្ដឹង ប្ដឹង​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង ៩​បណ្ដឹង​ទៀត កើត​មាន​នៅ​គណៈកម្មការ​រាជធានី-ខេត្ត។ លោក​ឲ្យ​ដឹង​ថា មាន​បណ្ដឹង​ជាង​ពាក់​កណ្ដាល បាន​ដោះស្រាយ​រួច ហើយ​ក្រៅ​ពី​នេះ​កំពុង​ដោះស្រាយ៖ «ដោយ​ឡែក​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ទទួល​បាន ៩​បណ្ដឹង​នោះ គឺ​នៅ​ក្នុង​នោះ​បណ្ដឹង​ឡើង​ឧទ្ធរណ៍ ឬ​ឡើង​បន្ត​ទៅ​គណៈកម្មការ​រាជធានី​ខេត្ត​នោះ មាន ៤​បណ្ដឹង​ដែល​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​ផ្សះផ្សា ឬ​សម្រប​សម្រួល​របស់​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត។ ហើយ​បណ្ដឹង ៥​ទៀត គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្ដឹង​ពី​មន្ត្រី​របស់​គណៈកម្មការ​ឃុំ​សង្កាត់ ទៅ​គណៈកម្មការ​រាជធានី​ខេត្ត​តែ​ម្តង»

ទោះ​ជា​បែប​ណា ទាំង​អ្នកស្រី ស៊ីន ជំបូ អនុប្រធាន គ.ជ.ប និង​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​វាយ​តម្លៃ​ថា សភាពការណ៍​ឃោសនា​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មួយ​សប្ដាហ៍​កន្លង​មក​នេះ មាន​លក្ខណៈ​ប្រសើរ ព្រោះ​គ្មាន​អំពើ​ហិង្សា​កើត​មាន​ទេ។

ប្រតិកម្ម​តប​ការ​អះអាង​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ​មិន​រលូន​ដូច​ថ្នាក់​ដឹកនាំ គ.ជ.ប លើក​ឡើង​ទេ។

លោក ហូ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្បួន​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​តាម​សង្កាត់​មួយ​ចំនួន មាន​ដូច​ជា​សង្កាត់​ជ្រោយចង្វា នា​ខណ្ឌ​ឫស្សីកែវ ជាដើម ត្រូវ​ក្បួន​ឃោសនា​របស់​បក្ស​កាន់​អំណាច​តាម​រំខាន។ លោក​ថា រូបភាព​រំខាន​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រើ​រថយន្ត​ធុន​ធំ បំពាក់​ឧបករណ៍​តន្ត្រី​សម័យ​បើក​សំឡេង​កង​រំពង តាម​រំខាន​សកម្មភាព​ឃោសនា​របស់​គណបក្ស​ប្រឆាំង។ លោក​ថា ភាព​មិន​ប្រក្រតី​នេះ​មិន​មែន​កើត​មាន​តែ​ពេល​ថ្ងៃ​ទេ ដូចជា​នៅ​ព្រលប់​ថ្ងៃ​ទី២ ខែ​កក្កដា នា​មូលដ្ឋាន​សង្កាត់​ឫស្សីកែវ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្បួន​ឃោសនា​គណបក្ស​ប្រជាជន ក៏​បាន​មក​រំខាន​កម្មវិធី​ឃោសនា​បក្ស​ប្រឆាំង​ដែរ ហើយ​សកម្មភាព​នេះ​នាំ​ឲ្យ​កក​ស្ទះ​ផ្លូវ​ជាតិ​លេខ​៥ ថែម​ទៀត។

ទោះ​យ៉ាង​ណា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ក្បួន​ឃោសនា​នៅ​ខណ្ឌ​ឫស្សីកែវ មិន​ធ្វើ​អត្ថាធិប្បាយ ជុំ​វិញ​សកម្មភាព​របស់​ខ្លួន​ទៅ​លើ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង​ទេ។ ហើយ​ករណី​នេះ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សមត្ថកិច្ច​មូលដ្ឋាន ឬ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ពាក់ព័ន្ធ ក៏​គ្មាន​វិធាន​ការ​ទប់ស្កាត់​ភ្លាមៗ​ទេ ពេល​គណបក្ស​ប្រឆាំង​ស្នើ​កិច្ច​អន្តរាគមន៍។

ទោះ​យ៉ាង​ណា លោក កែវ ផល្លា បញ្ជាក់​ថា បណ្ដឹង​ស្ដីពី​ការ​រំខាន​សកម្មភាព​ឃោសនា​នេះ គណបក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ បណ្ដឹង​ទាំង​នោះ គឺ​មិន​ទាក់ទង​ការ​ប្រើ​អំពើ​ហិង្សា​ទេ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​និចហ្វិក (NICFEC)។ លោក​ទទួល​ស្គាល់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ពិត​ជា​មាន​សកម្មភាព​ក្បួន​ឃោសនា​របស់​បក្ស​កាន់​អំណាច​រំខាន​ទៅ​លើ​ក្បួន​ឃោសនា​បក្ស​ប្រឆាំង​ខ្លះៗ​ពិត​មែន តែ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​កំណត់​ថា សកម្មភាព​ឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង​ត្រូវ​ហាម​ឃាត់​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​ម៉ោង ២​រសៀល។ ហើយ​ថា គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ ត្រូវ​ឈប់​សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង ១០​យប់ ដល់​ម៉ោង ៦​ព្រឹក។ ការ​ឃោសនា​ត្រូវ​ចប់ ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។