លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានឲ្យដឹងនៅថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ថា មានបណ្ដឹងជាង ២០០ ត្រូវបានប្ដឹងមកកាន់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ហើយបណ្ដឹងជាង ១០០ បានដោះស្រាយរួច។ ក្នុងនោះបណ្ដឹងនៅថ្នាក់ខេត្ត មានជិត ៤០បណ្ដឹង និងបណ្ដឹងមកថ្នាក់ជាតិ ឬ គ.ជ.ប មាន ៦ បណ្ដឹង។
លោក ទេព នីថា ឲ្យដឹងថា បណ្ដឹងទាំងនោះ កើតមាននៅរាជធានី-ខេត្តចំនួន ២១ ទូទាំងប្រទេស៖ «បណ្ដឹងនៅថ្នាក់ឃុំមាន ២០៩បណ្ដឹង និងបានដោះស្រាយចំនួន ១៤៦បណ្ដឹង នៅសល់ ៦៣បណ្ដឹង។ នៅថ្នាក់ខេត្តមាន ៣៩បណ្ដឹង ត្រូវបានដោះស្រាយ ២០បណ្ដឹង និងនៅសល់ចំនួន ១៩បណ្ដឹង ហើយនៅថ្នាក់ជាតិមាន ៦បណ្ដឹង ដោះស្រាយរួចរាល់ចំនួន ៣បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៣បណ្ដឹង»។
លោក ទេព នីថា បន្ថែមថា ក្នុងចំណោមបណ្ដឹងជាង ២៥០បណ្ដឹង គឺបណ្ដឹងដោយគណបក្សសង្គ្រោះជាតិ មានជាង ១០០បណ្ដឹង និងប្ដឹងដោយប្រជាជនកម្ពុជា មានជាង ៤០បណ្ដឹង។ ក្រៅពីនេះ ប្តឹងដោយបណ្តឹងដោយអាជ្ញាធរមានប្រជាពលរដ្ឋ ៨ បណ្ដឹង និងគណបក្សផ្សេងៗ។
លោក ទេព នីថា ឲ្យដឹងថា បណ្ដឹងធ្វើឲ្យរហែកខិតប័ណ្ណ ឬដួលរលំស្លាកសញ្ញារបស់គណបក្សនយោបាយ មានជិត ៦០បណ្ដឹង។ បណ្ដឹងទាក់ទងការមិនស្មើសុំទីកន្លែង ឬមិនប្រាប់ទីកន្លែង ដែលគណបក្សនយោបាយចុះឃោសនា នៅតាមមូលដ្ឋាន និងបណ្ដឹងទាក់ទងការរំខានក្បួនឃោសនាដោយចាក់មេក្រូ ជាដើមមានជិត ៨០បណ្ដឹង។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC)។ លោករកឃើញថា សកម្មភាពរំខានរវាងគណបក្សមានឥទ្ធិពលទៅលើក្បួនឃោសនាបក្សផ្សេងៗ បានបន្តកើតមានគួរឲ្យបារម្ភ។
លោកបន្តថា ស្ថាប័ន គ.ជ.ប ឬអាជ្ញាធរ គួរមានវិធានការទប់ស្កាត់ពីភាពមិនប្រក្រតីទាំងនេះ ព្រោះបារម្ភខ្លាចកើតមានអំពើហិង្សា៖ «រឿបបើសិនកើតមានហើយមិនបានដោះស្រាយតាមគោលការណ៍ច្បាប់ វាហាក់ដូចជាលើកទឹកចិត្តឲ្យបញ្ហាហ្នឹងកើតមានបន្តទៅទៀត ធ្វើឲ្យអ្នកប្រព្រឹត្តហ្នឹងនៅតែបន្តសកម្មភាពកើនឡើង។ អ៊ីចឹងនេះជារឿងព្រួយបារម្ភដែល គ.ជ.ប ត្រូវតែចាត់វិធានការ ពិសេស ចាំបាច់ដើម្បីដោះស្រាយនូវការរំខានដល់ក្បួនឃោសនារបស់គណបក្សនយោបាយនានា ដើម្បីធានាឲ្យការបោះឆ្នោតស្មើភាពគ្នាចំពោះមុខច្បាប់»។
លោក អេង ឆៃអ៊ាង ជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្ដាល មានប្រសាសន៍ថា នៅព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកក្កដា គណបក្សប្រជាជនកម្ពុជា បានបន្តនាំក្បួនឃោសនាមករំខានសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
លោកបានរិះគន់ថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប និងអាជ្ញាធរ ដែលមិនបានជួយទប់ស្កាត់បញ្ហានេះ៖ «ក្បួនវាមកក្រឡុក មកចូលក្នុងក្បួនខ្ញុំ ខ្ញុំឲ្យទៅមុនក៏មិនទៅ ដល់ឥឡូវនេះ បានមន្ត្រី គ.ជ.ប បានមកដល់អ៊ីចឹងទៅដើម្បីសម្របសម្រួល។ ក្បួនឃោសនាបក្សប្រជាជន ឲ្យទៅមុនក៏មិនទៅ ឲ្យនៅក្រោយក៏មិននៅ»។
យ៉ាងណាក៏ដោយ ទាំងលោក ទេព នីថា និងលោកបណ្ឌិត ហង្ស ពុទ្ធា បានវាយតម្លៃថា សភាពការណ៍បោះឆ្នោតសភាអាណត្តិទី៥ មិនទាន់កើតមានអំពើហិង្សាធ្ងន់ធ្ងរទេ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា។
យុទ្ធនាការឃោសនាបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា។ រីឯការបោះឆ្នោតសភាអាណត្តិទី៥ ចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។