គ.ជ.ប សម្រេច​តម្កល់​ការ​សុំ​ចុះ​បញ្ជី​បេក្ខជន​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​សង្កាត់​អូរឫស្សី​ទី២​

0:00 / 0:00

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) កាល​ពី​ថ្ងៃទី២ ខែមេសា ម្សិល​មិញ បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​បដិសេធ​ ការ​សុំចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​អូរឫស្សី​ទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ដែល​មាន​សមាសភាព​៩​រូប បាន​សម្រេច​ក្នុង​សវនាការ កាល​ពី​ថ្ងៃ២ ខែមេសា ឲ្យ​ដើម​បណ្ដឹង​ឈ្មោះ​ ស ឡុងដេត តំណាង​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្តឹង​តវ៉ា​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ គណៈកម្មការ​រៀបចំការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ ដោយបដិសេធ​ការសុំចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​អូរឫស្សីទី២។ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ គ.ជ.ប អះអាង​ថា នេះជា​សេចក្ដីសម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា។

ពាក់ព័ន្ធ​នឹង​ការ​បន្ត​លុប​ឈ្មោះ​បេក្ខជន និង​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​ នៅ​តាម​បណ្ដា​ឃុំសង្កាត់នេះ មន្ត្រី​គណបក្ស​នយោបាយ​​មួយចំនួន ចោទប្រកាន់ថា ទង្វើទាំងនេះ​អាច​ជា​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតដែល​បាន​រួមគំនិតជាមួយ​អាជ្ញាធរមូលដ្ឋាន ដើម្បី​បំភិតបំភ័យ​ដល់បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។