លោក កឹម សុខា ថា ប្រធានាធិបតីអាល្លឺម៉ង់យកចិត្តទុកពីការបាត់បង់សិទ្ធិសេរីភាពរបស់លោក
មេប្រឆាំងដែលកំពុងបាត់សិទ្ធិធ្វើនយោបាយ លោក កឹម សុខា លើកឡើងថា ប្រធានាធិបតីអាល្លឺម៉ង់ បានយកចិត្តទុកពីការបាត់បង់សិទ្ធិសេរីភាពរបស់លោក។ ទោះយ៉ាងណាក្តី មន្ត្រីបក្សកាន់អំណាចថា អ្វីដែលមេដឹកនាំអាល្លឺម៉ង់លើកឡើងនោះ គ្រាន់តែជាមនោសញ្ចេតនាបុគ្គល ហើយក៏មិនអាចជួយអ្វីដល់លោក កឹម សុខា បានឡើយ។
អង្គការសង្គមស៊ីវិល មិនទទួលយកការបកស្រាយរបស់ក្រសួងកិច្ចការនារីរឿងលោក ផែង វណ្ណៈ ប្រមាថអ្នកសារព័ត៌មានស្ត្រី
ក្រុមអង្គការសង្គមស៊ីវិល ៤០ស្ថាប័ន មិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ ចំពោះការបកស្រាយមិនច្បាស់លាស់ របស់ក្រសួងកិច្ចការនារី ករណីលោក ផែង វណ្ណៈ មាក់ងាយ និងបៀតបៀនលើស្ត្រីអ្នកសារព័ត៌មាន។ ការលើកឡើងនេះ ដោយសារតែក្រសួងនៅបន្តមិនចាត់វិធានការជាក់លាក់ណាមួយប្រឆាំងនឹងលោក ផែង វណ្ណៈ នៅឡើយទេ។
អាជ្ញាធរមូលដ្ឋានក្នុងខេត្តប៉ៃលិនកាប់បំផ្លាញស្លាកគណបក្សភ្លើងទៀនជាច្រើនកន្លែង
អាជ្ញាធរមូលដ្ឋាននៅស្រុកសាលាក្រៅខេត្តប៉ៃលិន លួចកាត់បំផ្លាញស្លាកគណបក្សភ្លើងទៀនជាច្រើនកន្លែងជាបន្តបន្ទាប់។ មន្ត្រីគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើគណបក្សដែលជាដៃគូប្រកួតប្រជែងការបោះឆ្នោតដោយសារព្រួយបារម្ភខ្លាចចាញ់ឆ្នោតនៅពេលខាងមុខ។
សមត្ថកិច្ចរកឃើញសព ៣នាក់ក្នុងចំណោម ៤នាក់ដែលលិចទូកនៅស្ទឹងត្រែង
សមត្ថកិច្ចខេត្តស្ទឹងត្រែងរកឃើញសាកសព ៣នាក់ ក្នុងចំណោមជនរងគ្រោះ៤នាក់ ក្នុងករណីលិចទូក នៅត្រង់កន្ទុយកោះហាន ក្នុងឃុំកោះស្នែង កាលពីថ្ងៃទី ១៤ ខែកុម្ភៈ។
គេហទំព័ររដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៦ ខែកុម្ភៈថា ករណីលិចទូកមួយគ្រឿងរបស់អ្នកភូមិកោះកី ដែលបានដឹកមនុស្សចំនួន៨នាក់ ឆ្លងតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង សមត្ថកិច្ចបានប្រទះឃើញសពចំនួន ៣នាក់ ក្នុងចំណោមបាត់ខ្លួន៤នាក់ ហើយកងកម្លាំងនគរបាល និងប្រជាការពារភូមិ កំពុងស្វះស្វែងរកក្មេងប្រុសម្នាក់ទៀត អាយុ ៨ឆ្នាំ។
អានព័ត៌មានពិស្ដារ ...
បក្សកាន់អំណាចថាចំណាត់ថ្នាក់កម្ពុជាក្នុងបញ្ជីប្រទេសផ្ដាច់ការថា ជារឿងមិនត្រឹមត្រូវ
មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា អង្គការសម្ព័ន្ធភាពសកលតាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក (CIVICUS) ដែលបានបញ្ចូលប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដឹកនាំផ្ដាច់ការ គឺជារឿងមិនត្រឹមត្រូវ និងជាក្រុមបក្សប្រឆាំង។
ប្រតិកម្មនេះ ធ្វើឡើងក្រោយដែលអង្គការសកលមួយនេះ បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ បានរំលោភជាប្រព័ន្ធលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
អានព័ត៌មានពិស្ដារ ...
ចលនាមាតាធម្មជាតិផលិតវីដេអូស្ដីពីពលរដ្ឋបារម្ភពីវាសនាបឹងទន្លេបាទីដែលរដ្ឋកាត់ឱ្យឯកជន
ចលនាមាតាធម្មជាតិបានផលិត និងផ្សព្វផ្សាយវីដេអូមួយអំពីបឹងទន្លេបាទី នៅថ្ងៃទី ១៦ កុម្ភៈនេះ។ វីដេអូនោះជាការសម្ដែងរបស់យុវជនស្ម័គ្រចិត្ត ដោយផ្អែកទៅលើរឿងពិតជាក់ស្ដែងរបស់ពលរដ្ឋរស់នៅតំបន់ទន្លេបាទី ដែលកំពុងខ្វាយខ្វល់អំពីជោគវាសនានៃបឹងធម្មជាតិមួយនេះ។
រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២២ បានកាត់ដីបឹងទន្លេបាទី ទំហំ ២២២ ហិកតារដោយស្ងាត់ៗ ទៅឱ្យបុគ្គលឯកជនម្នាក់ឈ្មោះ ស្រ៊ុន ប៊ុនលាភ។ សេចក្ដីសម្រេចនេះ ធ្វើឱ្យបឹងទន្លេបាទីនៅសល់ផ្ទៃតែជាង ៩៧ ហិកតារប៉ុណ្ណោះ ខណៈពីមុនមក បឹងធម្មជាតិមួយនេះមានផ្ទៃជាង ៣ រយហិកតារ (៣១៩) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងខេត្តតាកែវ។
អានព័ត៌មានពិស្ដារ ...
ពលរដ្ឋរងគ្រោះពីការលុបបឹងតាមោកស្នើតុលាការទម្លាក់បទចោទប្រកាន់លើខ្លួន
ពលរដ្ឋរងគ្រោះពីការលុបបឹងតាមោក ស្នើដល់តុលាការទម្លាក់បទចោទប្រកាន់លើពួកគាត់ ។ សង្គមស៊ីវិលស្នើឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់លាស់ និងកុំលម្អៀងទៅរកភាគីមានអំណាចណាមួយដើម្បីផ្ដល់យុត្តិធម៌ពិតជូនពលរដ្ឋរងគ្រោះ និងបញ្ឈប់អំពើនិទ្ទណ្ឌភាព។
អានព័ត៌មានពិស្ដារ ..
សង្គមស៊ីវិលស្នើដល់អាជ្ញាធរអនុវត្តច្បាប់លើឧក្រិដ្ឋជនចិនមុនបញ្ជូនទៅប្រទេសកំណើតវិញ
មន្ត្រីសង្គមស៊ីវិលចង់ឃើញកម្ពុជាអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា មុននឹងបញ្ជូនពួកគេទៅប្រទេសចិនវិញ។ ការស្នើនេះធ្វើឡើងបន្ទាប់ស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា វត្តមាននៃក្រុមឧក្រិដ្ឋជនចិនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាថយចុះ បន្ទាប់ពីភាគីចិន និងកម្ពុជាសហការចាប់បញ្ជូនឧក្រិដ្ឋជនចិនត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។
អានព័ត៌មានពិស្ដារ ...
ក្រុមសហជីពថា តំណាងកម្មករនៅក្រុមហ៊ុនចិនចំនួន៣បានបញ្ឈប់ពីការងារក្រោយពីពួកគេបង្កើតសហជីព
ក្រុមសហជីពលើកឡើងថា សេរីភាពនៃការបង្កើតសហជីពនៅតែជាបញ្ហាប្រឈមសម្រាប់កម្មករនិយោជិត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតំណាងកម្មករជិត២០នាក់ នៅក្រុមហ៊ុនរោងចក្រចិនចំនួន៣ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពីពួកគេ បានព្យាយាមបង្កើតសហជីពឯករាជ្យនៅកន្លែងធ្វើការ។ ពួកគាត់ចាត់ទុកទង្វើរបស់ថៅកែក្រុមហ៊ុនចិនទាំងនោះថា ជាការរើសអើងសហជីព និងរំលោភច្បាប់ការងារនៅកម្ពុជា។
អានព័ត៌មានពិស្ដារ ...
ក្រសួងកសិកម្ម និង ADB ពិភាក្សារឿងកម្ចីការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ជួបពិភាក្សាជាមួយនាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកស្រី (Jyotsana Varma) ទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម។
ក្នុងជំនួបនោះកាលពីថ្ងៃទី១៣ កុម្ភៈ នោះ លោក ឌិត ទីណា បានលើកឡើងអំពីកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម ព្រមទាំងការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព។ រដ្ឋមន្ត្រីកសិកម្មរូបនេះក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប (Digitization) ដើម្បីផ្សាភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្ដាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។
អានព័ត៌មានពិស្ដារ ...
ពលរដ្ឋមួយចំនួនរស់នៅបណ្ដោយដងស្ទឹងសង្កែ ប្រឈមនឹងបញ្ហាសុខភាពដោយសារប្រើប្រាស់ទឹកមិនស្អាត
ដងស្ទឹងសង្កែដែលធ្លាប់មានទេសភាពដ៏ស្រស់ត្រកាល មានទឹកថ្លាយង់ ប៉ុន្តែ ពេលនេះបានប្រែក្លាយជាកខ្វក់ និងរងការបំពុលបណ្ដាលឱ្យពលរដ្ឋដែលរស់នៅតាមមាត់ជ្រាំង ប្រឈមនឹងបញ្ហាសុខភាព។
អានព័ត៌មានពិស្ដារ ...