នូវែលហ្សេឡង់ និង​អាល្លឺម៉ង់ អំពាវនាវ​ឲ្យ​របប​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ

0:00 / 0:00

ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ទទួល​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់ ដល់​ទៅ ១២៥​អាសនៈ ខណៈ​ដែល​គ្មាន​គូប្រជែង​ពិតប្រាកដ គ្មាន​ឡើយ​ពាក្យពេចន៍ ឬ​សារ​អបអរសាទរ​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍​ថ្កោលទោស និង​សម្ដែង​ក្តី​បារម្ភ​ជុំវិញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ បន្ត​ធ្លាក់​មក​ជា​ហូរហែ​ជុំ​ទិស ធ្វើ​ជា​កាដូ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត ដែល​ត្រូវ​សហគមន៍​អន្តរជាតិ ចាត់ទុកថា ជា​ការ​បោះឆ្នោត «ក្លែងក្លាយ» នេះ។

ក្រៅពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​កាណាដា នៅ​ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ ឥឡូវ​នេះ​ដល់​វេន​ប្រទេស​នូវែលហ្សេឡង់ និង​ប្រទេស​អាល្លឺម៉ង់ នាំគ្នា​ចេញ​មក​ប្រតិកម្ម​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។

ក្នុង​សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​ថ្ងៃ​ទី​៣១ កក្កដា រដ្ឋមន្ត្រីការបរទេស​នូវែលហ្សេឡង់ លោក វីនស្តុន ភីធឺរ (Winston Peters) ថ្លែង​ថា ប្រទេស​នូវែលហ្សេឡង់ មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ដែល​គណបក្សប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ។ លោក វីនស្តុន ភីធឺរ ថ្លែង​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ស្របច្បាប់​មួយ​បាន ជា​ការ​សំខាន់​ដែល​សំឡេង​ប្រឆាំង ត្រូវ​បាន​គេ​ដឹង​ឮ និង​ទទួលស្គាល់។ ប្រទេស​នូវែលហ្សេឡង់ អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ធំជាង​គេ ត្រូវ​តែ​អាច​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើងវិញ និង​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ទាំងអស់ រួម​ទាំង​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ផង​ដែរ។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បន្ត​ថា នៅ​មុន​ពេល​ឈាន​ទៅ​រក​ការបោះឆ្នោត​នេះ តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា បាន​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះជាតិ ខណៈ​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។ ដោយ​គ្មាន​គណបក្សប្រឆាំង​ចូលរួម ការបោះឆ្នោត​នេះ បណ្ដាល​ឲ្យ​គណបក្ស​កាន់អំណាច អាច​ដណ្តើម​យក​ជ័យជម្នះ​ដោយ​ភ្លូកទឹកភ្លូកដី។

រដ្ឋមន្ត្រីការបរទេស​នូវែលហ្សេឡង់ លោក វីនស្តុន ភីធឺរ ថ្លែង​បញ្ចប់​ថា ប្រទេស​នូវែលហ្សេឡង់ គឺជា​ដៃគូ​ដ៏​យូរអង្វែង​របស់​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​ផ្តល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាច្រើន ក្នុង​ការ​ជួយ​នាំមក​នូវ​ដំណើរការ​អន្តរកាល​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​អង្គការសហប្រជាជាតិ ដល់​ប្រទេស​កម្ពុជា កាលពីដើម​ទសវត្សរ៍​ទី​៩០​។ លោក​បន្ត​ថា យើង​នឹង​នៅតែ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បំពេញការងារ​ជាមួយ​ដៃគូ​កម្ពុជា ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ដំណើរការ​នានា ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ។

ដោយឡែក​រដ្ឋាភិបាល​សហព័ន្ធ​នៃ​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​បរទេស​របស់​សហព័ន្ធ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ បាន​កត់សម្គាល់​ឃើញ​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី។ ក៏ប៉ុន្តែ ការ​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ មិនមែន​មាន​ន័យថា ជា​ការ​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឲ្យ​នូវ​ភាព​ស្របច្បាប់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ ដោយសារតែ​ការបោះឆ្នោត​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​នៅ​មុន​ការបោះឆ្នោត​នេះ មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ការ​រម្លាយ​គណបក្សប្រឆាំង​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ការ​ហាម​ប្រាម​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨​រូប ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។

សេចក្ដីថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ អំពាវនាវ​ជាបន្ទាន់​ដល់​ប្រទេស​កម្ពុជា ឲ្យ​ត្រលប់​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឡើងវិញ ដូចដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ មាន​ឆន្ទៈ​ក្នុង​ការ​គាំទ្រ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​ស្របតាម​គន្លង​នេះ។

សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​សមាជិក ២៨​ប្រទេស បញ្ជាក់​ជំហរ​ត្រង់ៗ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នះ មិន​អាច​ជឿទុកចិត្ត​បាន​ឡើយ និង​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​ការបោះឆ្នោត​នេះ​ខ្វះ​ការប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ពិតប្រាកដ។ រីឯ​សហរដ្ឋអាមេរិក ក្រៅពី​ការ​សម្ដែង​ការ​ខកចិត្ត​ខ្លាំង បច្ចុប្បន្ន​កំពុង​ពិចារណា​អំពី​ជំហាន​បន្ទាប់​ទៀត​តាមរយៈ​ការពង្រីក​បន្ថែម​ទៀត​នូវ​បម្រាម​ទិដ្ឋាការ និង​ការ​ដាក់​ទណ្ឌកម្ម តាម​គោលដៅ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។