សង្គមស៊ីវិលថា កម្មវិធីនយោបាយបក្សប្រជាជនហាក់ពុំមានប្រសិទ្ធភាពក្នុងការជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ
2023.01.30

សង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធសាស្ត្រជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជា នឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណត្តិចាស់ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្ដោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។
មេដឹកនាំសមាគមដែលកំពុងធ្វើការជាមួយកសិករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធលើកឡើងថាពួកគេហាក់មិនរំពឹងថា គោលនយោបាយអាណត្តិថ្មីរបស់គណបក្សប្រជាជនកម្ពុជានឹងជួយដោះស្រាយបញ្ហាជាដុំកំភួនជូនពលរដ្ឋនៅក្នុងវិស័យទាំងនោះឱ្យប្រសើរឡើងនោះទេ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន កត់សម្គាល់ថា បក្សកាន់អំណាចដឹកនាំប្រទេស៦អាណត្តិមកនេះ កសិករនៅតែជួបបញ្ហាវត្ថុធាតុដើម ដើមទុន និងត្អូញត្អែរក្រោយពេលប្រមូលផលម្តងៗដោយសារការឆ្លើយតបរបស់រដ្ឋាភិបាលនៅមានកម្រិត និងមិនទាន់ដោះស្រាយបញ្ហាឱ្យចំគោលដៅនៅឡើយ។ លោកយល់ថា ការប្រកាសដាក់ចេញនូវគោលនយោបាយជួយដល់កសិកររបស់បក្សកាន់អំណាចគ្រាន់តែជាយុទ្ធវិធីថ្មីទាក់ទាញសំឡេងឆ្នោតពីកសិករនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការតាក់តែងគោលនយោបាយយកមកបង្ហាញមិនលំបាកនោះទេសម្រាប់បក្សនយោបាយ តែបញ្ហាសំខាន់ត្រូវពិនិត្យលើការអនុវត្ត និងដំណោះស្រាយជាក់ស្តែងថា តើប្រសិទ្ធភាពដូចការអះអាងនៅពេលមុនការបោះឆ្នោតឬទេ។
លោក ថេង សាវឿន៖ «អ្វីដែលយើងអាចវាស់វែងបានគឺការអនុវត្តជាក់ស្តែង និងទិដ្ឋភាពជាក់ស្តែង ការឆ្លើយតប និងដំណោះស្រាយ យើងចង់ឱ្យការគិតរបស់អ្នកនយោបាយ ក៏ដូចជាម្ចាស់ឆ្នោតគិតលើចំណុចទាំងអស់ហ្នឹងទៅ ហើយម្ចាស់ឆ្នោតជាអ្នកសម្រេចចិត្ត ពីព្រោះថា បណ្ដុំព័ត៌មាននាពេលបច្ចុប្បន្ននេះ គឺជាលទ្ធភាពមួយជំរុញឱ្យម្ចាស់ឆ្នោតធ្វើការសម្រេចចិត្តបាន»។
ចំណែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថាបច្ចុប្បន្នអ្នកប្រកបរបរក្រៅព័ន្ធភាគច្រើនមានជីភាពខ្វះខាត ដោយសារពួកគេពិបាករកប្រាក់ចំណូល ដែលអ្នកនយោបាយត្រូវយកចិត្តទុកដាក់ដោះស្រាយសម្រាប់អាណត្តិថ្មីនេះ។ លោកសាទរចំពោះគោលនយោបាយរបស់គណបក្សប្រជាជនដែលផ្តល់ប័ណ្ណក្រីក្រ ឬប័ណ្ណបេឡារបបសន្តិសង្គមឡើងវិញ ប៉ុន្តែលោកយល់ថា ប័ណ្ណទាំងនេះ គ្រាន់តែជាដំណោះស្រាយមួយក្នុងចំណោមបញ្ហាជាច្រើនតែប៉ុណ្ណោះ ពីព្រោះអ្នកប្រកបរបរក្រៅប្រព័ន្ធត្រូវការរដ្ឋាភិបាលយកចិត្តទុកដាក់ស្តារមុខរបរ ផ្តល់របបថែទាំសុខភាពទូទៅ និងជួយជំរុញឱ្យពលរដ្ឋដោះខ្លួនចេញអន្ទាក់បំណុលធនាគារជាដើម។
លោក វន់ ពៅ៖ «យើងសូមឱ្យអ្វីដែលលើកឡើងក្នុងគោលនយោបាយ ឬសរសេរក្នុងក្រដាសបក្សនោះ គឺត្រូវអនុវត្តជាក់ស្តែងតែម្តង យើងមិនចង់ឃើញលើកនៅក្នុងមហាសន្និបាទ ឬគោលនយោបាយរបស់បក្សល្អឥតខ្ចោះ តែការអនុវត្តពិតវានៅមានកម្រិតអាហ្នឹងនៅមានកម្រិតពិបាកហ្នឹងទទួលយកបាន ហើយបើសិនជាអនុវត្តដូចជាចែងក្នុងគោលនយោបាយរបស់បក្សជាពិសេសបក្សកាន់អំណាចហ្នឹងខ្ញុំសាទរបើសិនអនុវត្តបាន»។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីបក្សកាន់អំណាចដាក់ចេញគោលនយោបាយផ្ដោតលើកសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធដើម្បីស្វែងរកការគាំទ្រសម្រាប់ការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់មហាសន្និបាតបក្ស កាលពីល្ងាចថ្ងៃទី២៩ ខែមករា ថា កម្មវិធីនយោបាយនេះ មិនខុសពីអាណត្តិចាស់នោះទេ ដោយគណបក្សគ្រាន់តែពង្រឹង និងជំរុញបន្ថែមទៀត។ លោកបញ្ជាក់ថា គណបក្សប្រជាជននឹងជួយដល់កសិករតាមរយៈបញ្ជូនអ្នកជំនាញដល់ភូមិឃុំបង្រៀនបច្ចេកទេសផលិត ជួយទុន រកទីផ្សារលក់ផលិតផលជាដើម។ លោកបន្តថា កម្មវិធីមួយទៀតគណបក្សក៏ជួយដល់អ្នកប្របមុខរបស់ក្រៅប្រព័ន្ធដែរ ជុំវិញការផ្តល់ប័ណ្ណបេឡារបបសន្តិសង្គម(ប.ស.ស) ឬប័ណ្ណក្រីក្រដើម្បីជួយសម្រួលដល់បញ្ហាលំបាកផ្នែកជីវភាព។
លោក សុខ ឥសាន៖ «ឥឡូវនេះយើងជួយគាំពារទាំងអស់រហូតដល់មហាសន្និបាតដែលបានធ្វើនេះ គឺថាលើកទិសដៅដើម្បីដាក់ប្រភពទុនរាប់រយលានដុល្លារដើម្បីទទួលទិញកសិផលមួយចំនួនដើម្បីគាំពារកុំឱ្យតម្លៃកសិផលត្រូវបានឈ្មួញកណ្តាលបន្ទាបថ្លៃដែលធ្វើឱ្យកសិករយើងរងផលប៉ះពាល់ការលក់កសិផលនេះបាទ កន្លងទៅយើងធ្លាប់ជួបប្រទះហើយ ហើយយើងយកបញ្ហាប្រឈមរបស់កសិករយកមកធ្វើដើម្បីរកវិធានការដោះស្រាយឱ្យបានសមស្រប»។
ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីដឹកនាំក្រសួងកសិកម្មថ្មីយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋនៅតែលើកឡើងពីទុក្ខកង្វល់ជាបន្តបន្ទាប់ទាក់បញ្ហាកង្វះទីផ្សារចំពោះកសិផល តម្លៃជី ថ្នាំ និងសម្ភារៈកសិកម្មលើទីផ្សារឡើងថ្លៃ ហើយពលរដ្ឋជួបទុក្ខលំបាកជីវភាពប្រចាំថ្ងៃ។ កន្លងទៅប្រជាកសិករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងស្នើដល់រដ្ឋាភិបាល រៀបចំគោលនយោបាយជួយស្ដារមុខរបរ និងអាជីវកម្មពួកគាត់ឱ្យប្រសើរឡើងវិញ តាមរយៈការផ្តល់សេវាគាំពារសង្គម ធានានូវតម្លៃកសិកម្ម បញ្ចុះតម្លៃថ្នាំនិងជីកសិកម្ម និងប្រេងសាំងជាចាំបាច់ ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាលមិនទាន់មានចំណាត់ការដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ។
អ្នកវិភាគនយោបាយ សង្កេតឃើញថា នៅពេលមុនបោះឆ្នោតម្តងៗ គណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញគោលនយោបាយ ឬកម្មវិធីនយោបាយយកចិត្តទុកដាក់ចំពោះក្រុមគោលដៅដែលមានសំឡេងឆ្នោតច្រើនដូចជាកសិករ កម្មករ អាជីវករ និងយុវជនជាដើម ប៉ុន្តែក្រោយការបោះឆ្នោតរួចរដ្ឋាភិបាលក្រោមការដឹកនាំបក្សនេះ មិនបានយកចិត្តទុកដាក់ដូចការសន្យាឡើយ។ លើសពីនេះ កន្លងទៅពលរដ្ឋណាដែលហ៊ានងើបតវ៉ា ឬចេញស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលវិញតែងតែរងការបង្ក្រាប ចោទប្រកាន់ចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ដូចពាក្យស្លោកមួយពោលថា មុនបោះឆ្នោតសំពះពេលឈ្នះឆ្នោតសំពង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។