មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រសួង​មហាផ្ទៃ​គួរ​ជំរុញ​ការ​គ្រប់គ្រង​ទិន្នន័យ​ពលរដ្ឋ​តាម​ប្រព័ន្ធ​ឌីជីថល

ដោយ ហ៊ុំ ចំរើន
2024.04.01
មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រសួង​មហាផ្ទៃ​គួរ​ជំរុញ​ការ​គ្រប់គ្រង​ទិន្នន័យ​ពលរដ្ឋ​តាម​ប្រព័ន្ធ​ឌីជីថល លោក ស សុខា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាល​ពី​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក Sar Sokha 2024-04-01

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ​គួរ​តែ​គ្រប់គ្រង​ទិន្នន័យ​អត្តសញ្ញាណកម្ម​ពលរដ្ឋ តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​កាត់​បន្ថយ​កំហុស​នៅ​ពេល​បំពេញ​ព័ត៌មាន សំបុត្រ​កំណើត សៀវភៅ​គ្រួសារ និង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​អាច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បាន។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ពង្រឹង​ការងារ​អត្តសញ្ញាណកម្ម និង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដរាបណា​ក្រសួង​មហាផ្ទៃ​មិន​ធ្វើ​ទំនើប​កម្ម ផ្នែក​គ្រប់គ្រង​ព័ត៌មាន​តាម​បែប​ឌីជីថល​នោះ​ទេ នោះ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ នឹង​មិន​អាច​បំពេញ​ការងារ និង​គ្រប់គ្រង​ការ​ស្នាក់​នៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នោះ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ដៃគូ ដើម្បី​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ (CPDD) លោក សុន ពេញ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១ ខែមេសា ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​ចេះ​អក្សរ ហើយ​ការ​សរសេរ​អក្សរ​ខ្មែរ​ងាយ​នឹង​ខុស​តាម​លំនាំ​ដើម ដូច្នេះ​បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់​ឃុំ សង្កាត់ សាកសួរ​ប្រជាពលរដ្ឋ​មុន​ចេញ​សំបុត្រ​កំណើត ឬ​សៀវភៅ​គ្រួសារ​ក្ដី ក៏​នៅ​តែ​មិន​អាច​បញ្ចៀស​កំហុស​បញ្ចូល​ទិន្នន័យ​បាន​ច្រើន​នោះ​ទេ។ លោក​បន្ត​ថា ដើម្បី​គ្រប់គ្រង​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ និង​ជន​បរទេស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្រសួង​មហាផ្ទៃ​ក៏​គួរ​ធ្វើ​ទំនើបកម្ម​របៀប​ធ្វើ​ការងារ តាម​រយៈ​ការ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​តែ​មួយ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ផង​ដែរ។

លោក សុន ពេញ៖ «ដូច​នៅ​ស្រុក​គេ តាម​ច្បាប់​ទេសចរណ៍​មិន​អាច​ធ្វើ​ការ​បាន​ទេ បើ​ស្រប​ច្បាប់​មក​ធ្វើ​ការ​បាន​មាន​សំបុត្រ​អនុញ្ញាត​ការងារ អ៊ីចឹង​មិន​អាច​មក​រក​ស៊ី​ខុស​ច្បាប់​បាន​ទេ វា​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​អត្តសញ្ញាណប័ណ្ណ​ចុះ​បញ្ជី​មុខរបរ ជាមួយ​នឹង​កម្មករ អ៊ីចឹង​វា​សំខាន់​បើ​មាន​ប្រព័ន្ធ​មួយ​ដែល​អាច​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បាន បាន​អាច​យើង​រក​ឃើញ បើ​គាត់​ធ្វើ​អាជីវកម្ម​គាត់​ត្រូវ​ប្រកាស​ចំនួន​សមាជិក​របស់​គេ​ប៉ុន្មាន​នាក់ កម្មករ​ប៉ុន្មាន​នាក់ មាន​ឈ្មោះ​អី​ខ្លះ អ៊ីចឹង​ស្រួល​នឹង​រក​ទេ​ថា​នៅ​ឯណា នៅ​ឯ​ណី»

ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ណែនាំ ការ​អនុវត្ត​ការងារ​អត្តសញ្ញាណកម្ម កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា។ ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ពង្រឹង​ការ​ផ្ដល់​សេវា​អត្តសញ្ញាណកម្ម ដូច​ជា​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាន ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​ការ​ស្នាក់​នៅ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ជាដើម។ បន្ថែម​ពី​នេះ ក្រសួង​មហាផ្ទៃ​ក៏​ណែនាំ​ឱ្យ​នគរបាល​តាម​ឃុំ សង្កាត់​ចុះ​បញ្ជី​ស្ថិតិ​ជន​បរទេស​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ជៀសវាង​ការ​បញ្ជាក់​ជនបរទេស​ថា​ជា​ជនជាតិ​ខ្មែរ ឬ​សញ្ជាតិ​ខ្មែរ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី១ ខែមេសា។

ជុំវិញ​រឿង​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ក្បែរ​ព្រំដែន​កម្ពុជា វៀតណាម លោក ឆៃ វ៉ិត លើក​ឡើង​ថា លោក​គាំទ្រ​ចំពោះ​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ​នឹង​មិន​អាច​ជួយ​កាត់​បន្ថយ​ជន​បរទេស ជាពិសេស​ជន​ជាតិ​វៀតណាម មក​រកស៊ី​នៅ​លើ​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ឡើយ។ លោក​បន្ត​ថា ដើម្បី​គ្រប់គ្រង​ជន​បរទេស​ស្នាក់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​បាន លុះត្រា​តែ​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​ខិលខូច ដែល​បើក​ដៃ​ឱ្យ​ជន​បរទេស​ចេញ​ចូល និង​ស្នាក់​នៅ​កម្ពុជា​ដោយ​សេរី។

លោក ឆៃ វ៉ិត៖ «ក្រសួង​មហាផ្ទៃ​គួរ​តែ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ទៅ​តាម​វិធានការ​ចំពោះ​មន្ត្រី​នៅ​មូលដ្ឋាន ដែល​មិន​អនុវត្ត​តាម​វិធាន​ការ ហើយ​គ្រាន់​តែ​ចេញ​ក្រដាស​ហ្នឹង​មក វិធានការ​ហ្នឹង​មក ឱ្យ​តែ​ល្អ​មើល ហើយ​មិន​មាន​ការ​អនុវត្ត​ទេ។ ខ្ញុំ​ថា ទោះបីជា​ចេញ​រហូត​ត​ជំនាន់​ទៀត ក៏​មិន​អាច​ទប់​ស្កាត់​បាន​ដែរ ព្រោះ​វៀតណាម​ចូល​មក​រក​ស៊ី មក​លក់​ឆ្នោត មក​ទិញ​អេតចាយ មក​លក់​ម្ហូប​លក់​កាហ្វេ ពេញ​ទឹក​ពេញ​ដី​ក្នុង​ភូមិ​ខ្មែរ​នៅ​ព្រំដែន»

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​គ្រប់គ្រង​ទិន្នន័យ​ជន​បរទេស​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព មិន​ត្រឹម​តែ​អាច​ធានា​សុខ​សុវត្ថិភាព​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ទប់​ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អនឡាញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ធ្ងន់ធ្ងរ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។