អ្នកធ្វើការងារទាក់ទងការបោះឆ្នោតជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា ទោះមិនទាន់មានគណបក្សដែលខ្លួនគាំទ្រធ្វើសកម្មភាពនយោបាយក្ដី។ ការលើកឡើងបែបនេះ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់.គ.ជ.ប នឹងបិទបញ្ជីឈប់ទទួលការចុះឈ្មោះបោះឆ្នោតនៅចុងខែវិច្ឆិកាខាងមុខនេះ។
អ្នកធ្វើការងារទាក់ទងការបោះឆ្នោត រំលឹកពលរដ្ឋថា ពលរដ្ឋឆ្លាតវៃត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ពួកគេលើកឡើងទៀតថា ទោះដល់ថ្ងៃបោះឆ្នោត ប៉ុន្តែបើគ្មានគណបក្សនយោបាយដែលពលរដ្ឋគាំទ្រចូលរួមប្រកួតប្រជែង ហើយពលរដ្ឋមិនទៅបោះឆ្នោត ក៏មិនខុសច្បាប់នោះដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា ក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិមានពលរដ្ឋដែលគាំទ្រគណបក្សនេះនៅតែរុញរាចិត្តក្នុងការចូលរួមបោះឆ្នោត។ អ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះយល់ថា រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចធ្វើឲ្យពលរដ្ឋចូលរួមអាចបំពេញឆន្ទៈរបស់ខ្លួនក្នុងការបោះឆ្នោតជួនគណបក្សដែលពលរដ្ឋគាំទ្រ។ លោកបន្តទៀតថា ចំពោះពលរដ្ឋម្ចាស់ឆ្នោតក៏ត្រូវចុះឈ្មោះនិងទៅពិនិត្យឈ្មោះបោះឆ្នោតរបស់ខ្លួន ទោះមិនទាន់មានគណបក្សដែលខ្លួនពេញចិត្តក្ដី៖ «មានន័យថាដំណាក់កាលនេះត្រូវតែអនុវត្តជាមុនសិននូវសិទ្ធិរបស់ខ្លួនបើអញ្ចឹងទេធ្វើមានបញ្ហាទាក់ទងការសម្រេចចិត្តរបស់ខ្លួនសូមជម្រាបថា ប្រទេសយើងមិនអាចឈានចូលទៅក្នុងគន្លងកុម្មុយនិស្តទេគឺនៅតែក្នុងរបបប្រជាធិបតេយ្យក្នុងកម្រិតណាក៏ដោយអញ្ចឹងរបបប្រជាធិបតេយ្យត្រូវតែមានការបោះឆ្នោតអញ្ចឹងការបោះឆ្នោតសំខាន់ណាស់ម្ចាស់ឆ្នោតត្រូវតាមដានខ្លួនឯង»។
វិបត្តិនយោបាយបានធ្វើឲ្យគណបក្សសង្គ្រោះជាតិ បាត់វត្តមានអស់រយៈ ៤ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្ស ហើយកៅអីនៅរដ្ឋសភា៥៥អាសនៈ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៥០០៧នាក់ ដែលពលរដ្ឋបោះឆ្នោតឱ្យត្រូវគណបក្សកាន់អំណាចយកទៅបែងចែក។ គណបក្សនេះក៏មិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសតាមបែបឯកបក្ស។
ពាក់ព័ន្ធនឹងការស្ទាក់ស្ទើរទៅចុះឈ្មោះបោះឆ្នោតនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អំពាវដល់ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះ ដើម្បីមានសិទ្ធិក្នុងការបោះឆ្នោត។ លោកបន្តទៀតថា ពលរដ្ឋដែលខកខានក្នុងចុះឈ្មោះបោះឆ្នោតស្មើនឹងបោះបង់សិទ្ធិក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខ៖ « ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នាឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ » ។
ទោះយ៉ាងណាក្ដី លោក ហង្ស ពុទ្ធា សង្កេតឃើញថា ពលរដ្ឋភាគច្រើនបាននាំគ្នាទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ទោះជាមានបញ្ហាទឹកជំនន់ បញ្ហាភ្លៀង និងបញ្ហាមួយចំនួនទៀតក្ដី។
ជុំវិញករណីនេះអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ រំពឹងថា នឹងមានដំណោះស្រាយនយោបាយ ដែលអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិអាចផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋឡើងវិញ។ មន្ត្រីបក្សប្រឆាំងរូបនេះ ក៏ជំរុញទៅពលរដ្ឋគួររួសរាន់ទៅចុះឈ្មោះនិងទៅពិនិត្យឈ្មោះបោះឆ្នោតឲ្យទាន់ពេល ចំណែកការចូលរួមបោះឆ្នោតឬមិនបោះឆ្នោតជាសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋនៅនាទីចុងក្រោយ៖ «អ៊ីចឹងបើយើងចុះឈ្មោះរួចរាល់អស់ហើយបើសិនដល់ពេលដល់វេលានោះយើងអត់មានគណបក្សដែលពេញចិត្តយើងអត់ទៅបោះឆ្នោតជាការធម្មតា ប៉ុន្តែយើងអត់បានទៅចុះឈ្មោះស្រាប់តែដល់ថ្ងៃហ្នឹង ស្រាប់តែមានគណបក្សមួយដែលយើងពេញចិត្តឧទាហរណ៍ថា គណបក្សសង្គ្រោះជាតិដំណើរឡើងវិញតាមសំណើសហភាពអឺរ៉ុបនោះយើងសោកស្ដាយដែលយើងមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត»។
គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ពលរដ្ឋគ្រប់អាយុបោះឆ្នោតបានទៅចុះឈ្មោះបោះឆ្នោត ជាង ៣៦ម៉ឺននាក់ (៣៦៤.៨២១)។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ចំនួននេះធ្វើឲ្យចំនួនពលរដ្ឋដែលបោះឆ្នោតសរុបកើតដល់ជាង ៩លាននាក់ ឬនឹង ៨៧ភាគរយនៃពលរដ្ឋមានសិទ្ធិបោះឆ្នោតទាំងអស់។ លោកឲ្យដឹងទៀតថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។