ស៊ុមរូបថត« កែម ឡី និយាយការពិត » ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលគោរពស្រលាញ់វីរៈភាពបណ្ឌិត កែម ឡី នាំគ្នាបង្ហោះព្រោងព្រាតលើរូបប្រូហ្វាល(Profile) ហ្វេសប៊ុករបស់ពួកគេ។ ពួកគេក៏នៅតែលើកឡើងថា បណ្ឌិត កែម ឡី មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេនិងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យដើម្បីរកការពិតនិងអ្នកនៅពីក្រោយខ្នងរឿងឃាតកម្មដ៏កក្រើកមួយនេះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA)លោក វន់ ពៅ ប្រាប់ថា ការដាក់ស៊ុមរូបថតលើហ្វេសប៊ុកលោកបែបនេះ គឺលោកចង់បង្ហាញថាលោកនិងពលរដ្ឋខ្មែរផ្សេងទៀតមិនបំភ្លេចបណ្ឌិត កែម ឡី ឡើយ។ លោករំលឹកថា បណ្ឌិតកែម ឡី ក្រៅពីមានទស្សនៈល្អៗហើយគាត់បានជួយរៀបចំផែនការយុទ្ធសាស្ត្រក្នុងការជួយកសាងសមាគមរបស់លោកឱ្យមានជីវិតដល់សព្វថ្ងៃនេះ៖ «យើងចង់បង្ហាញថា ស្មារតីបណ្ឌិត កែម ឡី នៅជាប់ជានិច្ចសម្រាប់ពលរដ្ឋខ្មែរជាពិសេសអ្នកធ្វើកិច្ចការសង្គម»។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង លោកក៏បានដាក់ស៊ុមរូបថត កែម ឡី និយាយការពិតលើហ្វេសប៊ុកលោកដែរ។ លោកឱ្យអាស៊ីដឹងថា លោក កែម ឡី ជាអ្នករួតវាំងននសង្គម ដែលហ៊ាននិយាយការពិតដើម្បីឱ្យរាស្ត្រប្រុសស្រីបានយល់ពីបញ្ហាសង្គមដែលអ្នកដទៃមិនហ៊ាននិយាយ។ លោករំលឹកថា បណ្ឌិត កែម ឡី ក៏ធ្លាប់បានបណ្ដុះគំនិតឱ្យលោក ប្រឹងប្រែងរៀនសូត្រ និងក្លាហាន ហ៊ានលះបង់ដើម្បីប្រយោជន៍ជាតិដែរ៖ «អ្នករូតវាំងននឱ្យឃើញច្បាស់អំពើអាក្រក់នៅក្នុងប្រទេសកម្ពុជាជាពិសេសគឺត្រកូលហ៊ុន»។
បណ្ឌិត កែម ឡី ដែលជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។
រយៈពេលប្រាំឆ្នាំកន្លងនេះ តុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ហើយគិតថា ឃាតកម្មនេះមានការរៀបចំផែនការនិងពាក់ព័ន្ធនឹងមនុស្សច្រើននាក់។ អឿត អាង ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីនៅតែចាត់ទុកឈ្មោះ អឿត អាង គឺជាឃាតកសប្បនិមិត្ត។
ជុំរិញករណីនេះអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា និងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី០៣ ខែកក្កដា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា មតិថា អឿត អាង ជាឃាតករក្លែងក្លាយនោះជាការបញ្ចេញមតិឯកជនក្រៅផ្លូវការនិងបង្កប់ដោយនិន្នាការនយោបាយ៖ «ត្រង់គាត់យល់ឃើញយ៉ាងម៉ិចរឿងគាត់ ប៉ុន្តែតុលាការគេធ្វើតាមនីតិវិធីរបស់គេមានសក្សីមានឯកសារអីច្បាស់លាស់ដើម្បីដាក់បន្ទុកលើឃាតកររួចហើយ»។
ផ្ទុយពីការលើកឡើងនេះមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ០២កក្កដាថាបន្ទាប់ពីការបាញ់សម្លាប់បណ្ឌិត កែម ឡី ការស៊ើបអង្កេតលើករណីនេះមិនទាន់បានពេញលេញនិងខ្វះតម្លាភាព។ ទន្ទឹមនឹងនេះ សវនាការលើសំណុំរឿងនេះទទួលរងការរិះគន់ថា មិនបានអនុលោមតាមការជំនុំជម្រះស្របតាមស្តង់ដារអន្តរជាតិនោះទេ។
ដើម្បីចូលរួមរម្លឹកខួប៥ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី និងឧទ្ទិសការចងចាំអំពីរូបលោកផងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំយុទ្ធនាការតាមហ្វេសប៊ុក ដោយផ្សព្វផ្សាយសារសំខាន់ៗរបស់លោកជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី០៧ កក្កដា។ សារសម្រាប់ថ្ងៃដំបូង គឺ «ជូនទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត» ឯសារសម្រាប់ថ្ងៃទីពីរ គឺ«បើអ្នកមិនធ្វើអ្វីទាល់តែសោះក៏គង់តែទទួលរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។ ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានកម្មវិធីជាច្រើនទៀត ដូចជា បង្ហោះរូបភាពសកម្មភាពការងារ ជីវប្រវត្តិបណ្ឌិត កែម ឡី ធ្វើកម្មវិធីវិទ្យុនិងជជែកតាមអនឡាញពីការនឹករលឹកនិងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ជាដើម។ យុទ្ធនាការដែលមានសកម្មភាពចម្រុះនេះ នឹងបន្តជាហូរហែររហូតដល់ចុងខែកក្កដានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។