គណបក្សខ្មែររួបរួមជាតិ ប្រកាសថា កំពុងស្វែងរកការរួបរួមគ្នាជាថ្មីជាមួយគណបក្សរាជានិយម គណបក្ស ហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ រណឫទ្ធិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ក្នុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកវិភាគយល់ថា ការរួបរួមនេះជាឧកាសល្អរបស់គណបក្ស ដែលធ្លាប់ជាដៃគូចាស់នឹងគ្នាកន្លងមកនោះ ដើម្បីបន្តជីវិតនយោបាយក្នុងការលម្អឆាកឲ្យគណបក្សកាន់អំណាច ប៉ុន្តែមិនអាចផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋ និងប្រទេសជាតិនោះឡើយ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ រំពឹងថា ក្រោយពេលលោករួបរួមជាមួយព្រះអង្គម្ចាស់ រណឫទ្ធិ ជាថ្មីម្ដងទៀតនោះ នឹងធ្វើឲ្យចំនួនក្រុមប្រឹក្សាខេត្តរាជធានីរបស់ពួកគេនឹងកើនឡើង។ លោកបន្តថា លោកបានព្យាយាមទំនាក់ទំនង និងទៅជួបសម្ដេចក្រុមព្រះនៅប្រទេសថៃ ដែលសម្រាកព្យាបាលជំងឺ ប៉ុន្តែមិនទាន់បានជួបនៅឡើយទេ៖ «មានការជជែកគ្នាខ្លះហើយ ប៉ុន្តែនៅគាំងមកដល់ពេលនេះ ហ៊្វុនស៊ិនប៉ិច បាត់ក្បាលម៉ាស៊ីន » ។
ការប្រកាសរួបរួមគ្នាជាថ្មីរវាងលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ រណឫទ្ធិ នេះ ធ្វើឡើងក្នុងពេលលោកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកប្រឹក្សាគណបក្សខ្មែររួបរួមជាតិ ថ្ងៃទី៥ មករា។ លោក ញឹក ប៊ុនឆៃ ទាមទារឲ្យការរួមគ្នាជាថ្មីនេះ ធ្វើឡើងឲ្យមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌឆ្នាំ២០១៩ ខាងមុខនេះ៖ «មិនអាចនៅយូរបានទេ បើសិនជារួបរួមគ្នា ព្រោះយើងត្រូវការចូលរួមការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តស្រុកខណ្ឌ » ។
ជុំវិញការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ នេះ អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច បាននៅឡើយទេ នៅថ្ងៃទី៦ ខែមករា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
អ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដែត សង្កេតឃើញថា ការធ្វើនយោបាយរបស់លោក ញឹក ប៊ុនឆៃ និង ព្រះអង្គម្ចាស់ រណឫទ្ធិ កន្លងទៅ មិនបានផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋនោះទេ ហើយពួកគេគ្រាន់តែជាអ្នកធ្វើនយោបាយកំដរឆាកឲ្យគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ លោកយល់ថា បើទោះជាការរួមគ្នានេះធ្វើឲ្យកើនចំនួនក្រុមប្រឹក្សាក្ដី ប៉ុន្តែ ពួកគេនឹងមិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នោះឡើយ៖ «គណបក្សទាំងពីរស្ថិតនៅក្រោមដំបូលគណបក្សប្រជាជនកម្ពុជានៅឡើយទេ»។
នេះជាលើកទី៤ ហើយ នៃការប្រកាសធ្វើនយោបាយរួមគ្នារវាងលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ កន្លងទៅលោក ហ៊ុន សែន ក៏ធ្លាប់បានអន្តរាគមន៍ក្នុងការផ្សះផ្សាជម្លោះនេះដែរ។ កាលពីឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយមានការសង្ស័យថា លោកលួចទាក់ទងជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែកាលខែមេសា ឆ្នាំ២០១៨ លោកក៏ត្រូវតុលាការក្រុងភ្នំពេញដោះលែងឲ្យមានសេរីភាពឡើងវិញ។ ការដោះលែងនោះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្ស ប្រជាជនកម្ពុជា ឲ្យវត្តមានលោក ញឹក ប៊ុនឆៃ ចូលរួមលម្អក្នុងការបោះឆ្នោតក្លែងក្លាយរបស់ខ្លួនផង និងដោយសារគណបក្សកាន់អំណាចនៅពេលនេះរងសម្ពាធពីអន្តរជាតិផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
