លោក ស៊ុន ចន្ធី ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​ប្រាក់​ជាង ១០​លាន​រៀល​របស់​មន្ត្រី​បក្ស​ភ្លើងទៀន

0:00 / 0:00

បន្ទាប់ពី​រឿងក្ដី​នៅ​តុលាការ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ពេល​នេះ​ដល់​វេន​មន្ត្រី​គណបក្សប្រឆាំង ប្ដឹង​គណបក្សប្រឆាំង​ដូចគ្នា​វិញ​ម្ដង​ហើយ ពាក់ព័ន្ធ​រឿង​ទាមទារ​សង​ប្រាក់​ជាង ១២លាន​រៀល​ដែល​លោក ស៊ុន ចន្ធី ប្រមូល​ពី​សមាជិក កាល​លោក​នៅ​ជា​មន្ត្រី​គណបក្ស​ភ្លើងទៀន។ អ្នកឃ្លាំមើល​យល់​ថា ទំនាស់​ប្ដឹងផ្ដល់​គ្នា​រវាង​អ្នក​ប្រជាធិបតេយ្យ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ កាន់តែ​ចុះ​ខ្សោយ។

ប្រធាន​គណបក្ស​កម្លាំងជាតិ លោក ស៊ុន ចន្ធី បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ដែល​ប្ដឹង​ដោយ​មន្ត្រី​គណបក្ស​ភ្លើងទៀន ចំនួន ៨​នាក់ ក្នុង​សំណុំរឿង​ឆបោក និង​ទាមទារ​ឱ្យ​លោក ស៊ុន ចន្ធី សង​ប្រាក់​វិភាគទាន​ជាង ១២​លាន ៨​សែន​រៀល (១២.៨០០.០០០) ឬ​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ ឱ្យ​ពួកគេ​វិញ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែ​មីនា ថា នៅ​ក្នុង​សវនាការ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​សាលាដំបូង បាន​សួរ​លោក​អំពី​ដំណើររឿង ដែល​ភាគី​មន្ត្រី​គណបក្ស​ភ្លើងទៀន ប្ដឹង​រូបលោក​។ លោក ស៊ុន ចន្ធី បាន​បំភ្លឺ​ទៅកាន់​តំណាង​អយ្យការ​ថា ប្រាក់​វិភាគទាន​ជាង ២៨​លាន​រៀល ដែល​ប្រមូល​បាន​ពី​សមាជិក​សរុប​ចំនួន ១៩​នាក់ គឺ​លោក​អនុវត្ត​ទៅតាម​គោលការណ៍​កំណត់​របស់​គណបក្ស​ភ្លើងទៀន ដែល​កាលនោះ​លោក​មាន​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​កំពង់ធំ។

លោក ស៊ុន ចន្ធី៖ «កន្លងទៅ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង ពិសេស​គណបក្ស​ភ្លើងទៀន តែងតែ​រិះគន់ និង​បរិហារ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌ មិនដែល​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​ទេ​។ ប៉ុន្តែ​សួរ​ថា ចុះ​ហេតុអ្វី​ពេលនេះ មេដឹកនាំ​គណបក្ស​ភ្លើងទៀន សម្រេច​ជ្រើស​រើស​យក​ប្រព័ន្ធ​តុលាការ យក​មក​ប្ដឹង​រូប​ខ្ញុំ ដែល​តំណាង​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ដែរ»។

កាលពី​ថ្ងៃទី១ កុម្ភៈ ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ធំ លោក ស៊ន ស៊ុនហេង រួម​ទាំង​សមាជិក​ចំនួន ៧​នាក់​ផ្សេងទៀត បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ប្ដឹង​លោក ស៊ុន ចន្ធី ពី​បទ​ឆបោក​ថវិកា​។ ដើមបណ្ដឹង​ទាំង​៨​រូប បាន​ទាមទារ​ឱ្យ​តុលាការ​បង្គាប់​ទៅ​លោក ស៊ុន ចន្ធី ឱ្យ​សង​ប្រាក់​ពួកគាត់​ចំនួន ១២​លាន ៨​សែន​រៀល ឬ​ជាង​៣​ពាន់​ដុល្លារ ព្រមទាំង​សងជំងឺចិត្ត ចំពោះ​ការ​ចំណាយ​លើ​ការងារ​គណបក្ស ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចន្ធី កន្លង​មក ចំនួន ៥​ពាន់​ដុល្លារ​បន្ថែម​ទៀត។

ដើមបណ្ដឹង​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន ទាំង​៨​រូប អះអាង​ថា ប្រាក់​ដែល​លោក ស៊ុន ចន្ធី ប្រមូល​ពី​សមាជិក​ក្នុង​ម្នាក់​ជាង ១​លាន​រៀល គឺ​ដើម្បី​បម្រើ​ឱ្យ​ការ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ និង​សន្យា​ប្រគល់​ប្រាក់​ឱ្យ​សមាជិក​វិញ ប្រសិនបើ​គណបក្ស​ភ្លើងទៀន​មិន​បាន​ឃោសនា​តាម​ការ​គ្រោង​ទុក។ ដើមបណ្ដឹង​បន្ត​ក្នុង​ពាក្យបណ្ដឹង​ថា ក្រោយ​គណបក្ស​ភ្លើង​ទៀន​មិន​បាន​ឃោសនា​បោះឆ្នោត លោក ស៊ុន ចន្ធី មិន​បាន​ប្រគល់​ប្រាក់​មកវិញ​នោះ​ឡើយ ដោយ​លោក​បាន​យក​ថវិកា​នោះ ទៅ​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​កម្លាំង​ជាតិ។

ក៏ប៉ុន្តែ លោក ស៊ុន ចន្ធី បញ្ជាក់​ថា ប្រាក់​ដែល​មន្ត្រី​ជាប់ឆ្នោត​បាន​បរិច្ចាគ​នោះ គឺ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​សកម្មភាព​គណបក្ស​ភ្លើងទៀន ខណៈ​លោក​ក៏​បាន​បរិច្ចាគ​ដែរ​។ ជាមួយ​គ្នា​នេះ លោក ស៊ុន ចន្ធី អះអាង​ថា ការ​ប្ដឹង​ចំពោះ​រូបលោក​នេះ គឺជា​ការរៀបចំ​សេណារីយ៉ូ​របស់​គណបក្ស​ភ្លើងទៀន ដោយសារ​លោក​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត និង​ទំនាស់​រឿង​តែងតាំង​បេក្ខជន​ឈរឈ្មោះ​ព្រឹទ្ធសភា ភូមិភាគ​ទី​៨ មណ្ឌល​ខេត្តកំពង់ធំ។

ទោះជា​យ៉ាងណា គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​១១ ខែ​មីនា បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា ចំពោះ​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន ទាំង ៨​រូប ជាមួយ​លោក ស៊ុន ចន្ធី លើ​ករណី “​ឆបោក​ប្រាក់​ជាង​១០​លាន​រៀល​នេះ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ភ្លើងទៀន​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ទំនាស់​រវាង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ជាមួយ​ភាគី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង មួយ​ផ្សេង​ទៀត​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​បុគ្គល​យក​មក​លូកលាន់​ជាមួយ​បញ្ហា​នយោបាយ។

លោក វ៉ន ចាន់ឡូត៖ «ទី​ពីរ វា​អាច​ពាក់ព័ន្ធ​នឹង​អ្នក​ទី​បី ឬក៏​ជន​ឆ្លៀត​ឱកាស នៅ​ពេល​ដែល​គណបក្សប្រឆាំង​កំពុងតែ​ថមថយ វា​នឹង​លេចឡើង​នៅ​ជន​ឆ្លៀតឱកាស និង​អ្នក​ទី​បី​ជ្រៀតជ្រែក​។ ហើយ​ការ​ជ្រៀតជ្រែក​នេះ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​គណបក្សប្រឆាំង​កាន់តែ​ថមថយ​កម្លាំង ហើយ​ឈាន​ទៅ​ដល់​ការ​រលំរលាយ​ដោយ​ខ្លួនឯង»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លើកឡើង​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​មួយ លោក​នៅតែ​ប្រកាន់​ខ្ចប់​គោល​ជំហរ រួម​សាមគ្គី​គ្នា​ជាមួយ​អ្នក​ប្រជាធិបតេយ្យ និង​លើកទឹកចិត្ត​ឱ្យ​ដោះស្រាយ​បញ្ហា​ដោយ​ការ​ចរចា​ផ្ទៃក្នុង ជា​ជាង​ការ​ប្ដឹង​ទៅ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។