បន្ទាប់ពីរឿងក្ដីនៅតុលាការរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ពេលនេះដល់វេនមន្ត្រីគណបក្សប្រឆាំង ប្ដឹងគណបក្សប្រឆាំងដូចគ្នាវិញម្ដងហើយ ពាក់ព័ន្ធរឿងទាមទារសងប្រាក់ជាង ១២លានរៀលដែលលោក ស៊ុន ចន្ធី ប្រមូលពីសមាជិក កាលលោកនៅជាមន្ត្រីគណបក្សភ្លើងទៀន។ អ្នកឃ្លាំមើលយល់ថា ទំនាស់ប្ដឹងផ្ដល់គ្នារវាងអ្នកប្រជាធិបតេយ្យនេះ នឹងធ្វើឲ្យពួកគេ កាន់តែចុះខ្សោយ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺនៅសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយមន្ត្រីគណបក្សភ្លើងទៀន ចំនួន ៨នាក់ ក្នុងសំណុំរឿងឆបោក និងទាមទារឱ្យលោក ស៊ុន ចន្ធី សងប្រាក់វិភាគទានជាង ១២លាន ៨សែនរៀល (១២.៨០០.០០០) ឬប្រមាណជាង៣ពាន់ដុល្លារ ឱ្យពួកគេវិញ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែមីនា ថា នៅក្នុងសវនាការ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូង បានសួរលោកអំពីដំណើររឿង ដែលភាគីមន្ត្រីគណបក្សភ្លើងទៀន ប្ដឹងរូបលោក។ លោក ស៊ុន ចន្ធី បានបំភ្លឺទៅកាន់តំណាងអយ្យការថា ប្រាក់វិភាគទានជាង ២៨លានរៀល ដែលប្រមូលបានពីសមាជិកសរុបចំនួន ១៩នាក់ គឺលោកអនុវត្តទៅតាមគោលការណ៍កំណត់របស់គណបក្សភ្លើងទៀន ដែលកាលនោះលោកមានតួនាទីជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តកំពង់ធំ។
លោក ស៊ុន ចន្ធី៖ «កន្លងទៅក្រុមមេដឹកនាំគណបក្សប្រឆាំង ពិសេសគណបក្សភ្លើងទៀន តែងតែរិះគន់ និងបរិហារទៅលើប្រព័ន្ធយុត្តិធម៌ មិនដែលជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជាទេ។ ប៉ុន្តែសួរថា ចុះហេតុអ្វីពេលនេះ មេដឹកនាំគណបក្សភ្លើងទៀន សម្រេចជ្រើសរើសយកប្រព័ន្ធតុលាការ យកមកប្ដឹងរូបខ្ញុំ ដែលតំណាងឱ្យគណបក្សប្រជាធិបតេយ្យមួយដែរ»។
កាលពីថ្ងៃទី១ កុម្ភៈ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ស៊ន ស៊ុនហេង រួមទាំងសមាជិកចំនួន ៧នាក់ផ្សេងទៀត បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ធំ ប្ដឹងលោក ស៊ុន ចន្ធី ពីបទឆបោកថវិកា។ ដើមបណ្ដឹងទាំង៨រូប បានទាមទារឱ្យតុលាការបង្គាប់ទៅលោក ស៊ុន ចន្ធី ឱ្យសងប្រាក់ពួកគាត់ចំនួន ១២លាន ៨សែនរៀល ឬជាង៣ពាន់ដុល្លារ ព្រមទាំងសងជំងឺចិត្ត ចំពោះការចំណាយលើការងារគណបក្ស ដែលដឹកនាំដោយលោក ស៊ុន ចន្ធី កន្លងមក ចំនួន ៥ពាន់ដុល្លារបន្ថែមទៀត។
ដើមបណ្ដឹងរបស់មន្ត្រីគណបក្សភ្លើងទៀន ទាំង៨រូប អះអាងថា ប្រាក់ដែលលោក ស៊ុន ចន្ធី ប្រមូលពីសមាជិកក្នុងម្នាក់ជាង ១លានរៀល គឺដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០២៣ និងសន្យាប្រគល់ប្រាក់ឱ្យសមាជិកវិញ ប្រសិនបើគណបក្សភ្លើងទៀនមិនបានឃោសនាតាមការគ្រោងទុក។ ដើមបណ្ដឹងបន្តក្នុងពាក្យបណ្ដឹងថា ក្រោយគណបក្សភ្លើងទៀនមិនបានឃោសនាបោះឆ្នោត លោក ស៊ុន ចន្ធី មិនបានប្រគល់ប្រាក់មកវិញនោះឡើយ ដោយលោកបានយកថវិកានោះ ទៅបង្កើតគណបក្សថ្មី គឺគណបក្សកម្លាំងជាតិ។
ក៏ប៉ុន្តែ លោក ស៊ុន ចន្ធី បញ្ជាក់ថា ប្រាក់ដែលមន្ត្រីជាប់ឆ្នោតបានបរិច្ចាគនោះ គឺបានយកទៅប្រើប្រាស់សម្រាប់ទ្រទ្រង់សកម្មភាពគណបក្សភ្លើងទៀន ខណៈលោកក៏បានបរិច្ចាគដែរ។ ជាមួយគ្នានេះ លោក ស៊ុន ចន្ធី អះអាងថា ការប្ដឹងចំពោះរូបលោកនេះ គឺជាការរៀបចំសេណារីយ៉ូរបស់គណបក្សភ្លើងទៀន ដោយសារលោកបានបដិសេធមិនចូលរួមក្នុងសម្ពន្ធភាពឆ្ពោះទៅអនាគត និងទំនាស់រឿងតែងតាំងបេក្ខជនឈរឈ្មោះព្រឹទ្ធសភា ភូមិភាគទី៨ មណ្ឌលខេត្តកំពង់ធំ។
ទោះជាយ៉ាងណា គណបក្សភ្លើងទៀន កាលពីថ្ងៃទី១១ ខែមីនា បានចេញសេចក្ដីបំភ្លឺថា ចំពោះបណ្ដឹងរបស់មន្ត្រីគណបក្សភ្លើងទៀន ទាំង ៨រូប ជាមួយលោក ស៊ុន ចន្ធី លើករណី “ឆបោកប្រាក់ជាង១០លានរៀលនេះ គឺមិនពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀននោះទេ។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា ទំនាស់រវាងក្រុមមន្ត្រីគណបក្សប្រឆាំងជាមួយភាគីថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង មួយផ្សេងទៀតនេះ អាចពាក់ព័ន្ធនឹងបញ្ហាបុគ្គលយកមកលូកលាន់ជាមួយបញ្ហានយោបាយ។
លោក វ៉ន ចាន់ឡូត៖ «ទីពីរ វាអាចពាក់ព័ន្ធនឹងអ្នកទីបី ឬក៏ជនឆ្លៀតឱកាស នៅពេលដែលគណបក្សប្រឆាំងកំពុងតែថមថយ វានឹងលេចឡើងនៅជនឆ្លៀតឱកាស និងអ្នកទីបីជ្រៀតជ្រែក។ ហើយការជ្រៀតជ្រែកនេះ ធ្វើយ៉ាងម៉េចដើម្បីឱ្យគណបក្សប្រឆាំងកាន់តែថមថយកម្លាំង ហើយឈានទៅដល់ការរលំរលាយដោយខ្លួនឯង»។
ប្រធានគណបក្សកម្លាំងជាតិលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងមួយ លោកនៅតែប្រកាន់ខ្ចប់គោលជំហរ រួមសាមគ្គីគ្នាជាមួយអ្នកប្រជាធិបតេយ្យ និងលើកទឹកចិត្តឱ្យដោះស្រាយបញ្ហាដោយការចរចាផ្ទៃក្នុង ជាជាងការប្ដឹងទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
