កម្ពុជា​មិន​ទាន់​មាន​ស្ថិរភាព​នយោបាយ និង​អភិបាលកិច្ច​ល្អ ដើម្បី​ទាក់ទាញ​អ្នកជំនួញ​ធំៗ​ទេ

ដោយ ជីវិតា
2024.08.15
កម្ពុជា​មិន​ទាន់​មាន​ស្ថិរភាព​នយោបាយ និង​អភិបាលកិច្ច​ល្អ ដើម្បី​ទាក់ទាញ​អ្នកជំនួញ​ធំៗ​ទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីទី២៦ កុម្ភៈ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​ពុំ​ទាន់​មាន​ស្ថិរភាព​នយោបាយ និង​មាន​អភិបាលកិច្ច​ល្អ​នៅឡើយ​សម្រាប់​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកជំនួញ​ដែល​មាន​សក្ដានុពល​ឱ្យ​ចូល​មក​បោះ​វិនិយោគទុន​នៅ​កម្ពុជា​។ ការ​លើកឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា អំពាវនាវ​ដល់​អ្នកជំនួញ​ចិន និង​នៅក្នុង​តំបន់​អាស៊ាន ចូល​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ដោយសារ​លោក​អះអាង​ថា កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​ផ្នែក​នយោបាយ​ពេញលេញ​សម្រាប់​គាំទ្រ​អ្នកជំនួញ​បរទេស។

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ស្ដារ​ប្រជាធិបតេយ្យ​គោរព​សិទ្ធិមនុស្ស និង​កែប្រែ​ទម្រង់​ដឹកនាំ​ប្រទេស​ប្រកបដោយ​នីតិរដ្ឋ ក្រុម​អ្នកជំនួញ​ធំៗ​នឹង​ពិចារណា​មក​រក​ស៊ី​នៅ​កម្ពុជា ដោយ​ពុំ​ចាំបាច់​មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ឡើយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែសីហា អ្នកវិនិយោគទុន​ដែល​មាន​សក្ដានុពល​ជាច្រើន​នឹង​មិន​ហ៊ាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឡើយ ក្រៅពី​ក្រុមហ៊ុន និង​អ្នកជំនួញ​ចិន​មួយចំនួន​ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ហ៊ាន​ចូល​មក​រកស៊ី​នៅ​កម្ពុជា​ដែល​ខ្លះ​ប្រព្រឹត្ត​អំពើពុករលួយ និង​មិន​ខ្វល់​ពី​ការគោរព​សិទ្ធិមនុស្ស​ជាដើម​។ ក្រៅ​ពី​នេះ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​ក៏​មិន​ទាន់​មាន​ស្ថិរភាព​នយោបាយ និង​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​អ្នកជំនួញ​អន្តរជាតិ​នោះ​ដែរ ខណៈ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ ហើយ​បទល្មើស​ឧក្រិដ្ឋកម្ម​នៅតែ​បន្ត​កើនឡើង​ច្រើន។

លោក អ៊ុំ សំអាន៖ «ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន មក​បណ្ដាក់ទុន​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​លុបបំបាត់​នូវ​អំពើពុករលួយ ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​តុលាការ​ហ្នឹង​ឯករាជ្យ ព្រោះ​អ្នកវិនិយោគទុន​នៅ​ពេល​ដែល​មានរឿង​ក្ដីក្ដាំ​អី គេ​ឡើង​ទៅ​តុលាការ ហើយ​តុលាការ​ហ្នឹង មិនមែន​ជា​តុលាការ​ឯករាជ្យ ជា​តុលាការ​ពុករលួយ​ប្រាកដជា​គេ​មិន​ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​នោះ​ទេ ហើយ​ឈប់​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាដើម អាហ្នឹង​បាន​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​មក​កម្ពុជា​បាន»។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​បែបនេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​ចិន និង​នៅក្នុង​តំបន់​អាស៊ាន​បន្ត​ចូល​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​អាស៊ាន​-​ចិន ក្នុង​ខេត្ត​សាន់ស៊ី (Shanxi) នៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃទី​១២ ខែ​សីហា លោក នេត្រ ភក្ត្រា អះអាង​ប្រាប់​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ចិន និង​តំបន់​អាស៊ាន​ថា កម្ពុជា​មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​កម្លាំង​ពលកម្ម​សកម្ម​ជាង ៦០​ភាគរយ ដែល​អាច​ធានា​ដល់​ក្រុមហ៊ុន ឬ​អ្នក​វិនិយោគិន​ណា​ដែល​មាន​បំណង​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា។

យោង​តាម​លោក នេត្រ ភក្ត្រា កាលពី​ឆ្នាំ​២០២៣ ប្រទេស​ចិន​កុម្មុយនិស្ត​បាន​បញ្ជូន​អ្នក​វិនិយោគិន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ច្រើន​ជាងគេ​ដែល​បាន​តម្លៃ​សរុប​ប្រមាណ ៣,៧​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក រយៈពេល ៦​ខែ ដើមឆ្នាំ​២០២៤ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជិត ២​រយ​គម្រោង (១៩០​គម្រោង​) ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២​ពាន់ ២​រយ​លាន​ដុល្លារ​។ ក្នុង​នោះ​អ្នក​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​បាន​បណ្ដាក់​ទុន​វិនិយោគ​ប្រមាណ ៦៨,០៦ ភាគរយ នៃ​ទុន​វិនិយោគ​សរុប។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា រដ្ឋាភិបាល​ពុំ​ទាន់​បាន​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជាប់​គាំង​ដូចជា លុបបំបាត់​អំពើពុករលួយ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ។

លោក សេង វណ្ណលី៖ «ចំណុច​ដែល​ខ្ញុំ​មើលឃើញ​ថា ពិបាក​ក្នុង​ការ​ទាក់ទាញ​ហ្នឹង គឺ​ដោយសារ​បញ្ហា​ផ្ទៃក្នុង​ដូចជា​បញ្ហា​ការ​លាង​លុយកខ្វក់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សន្តិសុខ​អ៊ីនធឺណិត (Cyber security) វា​ជា​បញ្ហា​ដល់​ព័ត៌មាន​អវិជ្ជមាន​ដល់​មុខ​កម្ពុជា​នៅ​បរទេស​។ ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​ធំ ដែល​មាន​សាខា​ទូទាំង​ពិភពលោក មុននឹង​វិនិយោគ​គេ​អាច​នឹង​សិក្សា​បរិយាកាស​ពី​ការ​វិនិយោគ ក៏ដូចជា​បញ្ហា​សន្តិសុខ​ជាដើម ក៏ប៉ុន្តែ​ការ​អំពាវនាវ​នេះ ខ្ញុំ​គិតថា ប្រសិន​រដ្ឋាភិបាល​អាច​ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ ការ​ជួញដូរ​មនុស្ស ក៏ដូចជា​ការ​លាង​លុយកខ្វក់ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មិន​សូវ​មាន​ព័ត៌មាន​ល្អ​ពី​កម្ពុជា​ហ្នឹង​អាច​ដោះស្រាយ​បាន ខ្ញុំ​គិតថា វា​ជា​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​អាច​ទាក់ទាញ​វិនិយោគិន​បន្ថែម»។

អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​ធ្លាប់​ព្រមាន​ថា ការណ៍​ដែល​កម្ពុជា​ពឹងផ្អែក​អ្នក​វិនិយោគ​ចិន​តែមួយ នឹង​មិន​អាច​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​រីកចម្រើន​បាន​ឡើយ ប៉ុន្តែ​វា​អាច​បង្ក​អស្ថិរភាព​ផ្នែក​សេដ្ឋកិច្ចជាតិ​ខ្លួនឯង នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ក្រុម​ឃ្លាំមើល​នៅតែ​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ដោយ​ចាប់ផ្ដើម​ស្ដារ​ប្រជាធិបតេយ្យ កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌ និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​នានា ដើម្បី​កសាង​ទំនុកចិត្ត​ដល់​អ្នកជំនួញ​អន្តរជាតិ ពិសេស​លោក​សេរី​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។