សង្គម​ស៊ីវិល​ជំរុញ​ទៅ​គ.ជ.ប រក​ការ​ជជែក​គ្នា​ជា​ជាង​ការ​ប្ដឹង​អ្នក​នយោបាយ​រឿង​រិះគន់​ការ​បោះឆ្នោត

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ទៅ​គ.ជ.ប គួរ​មាន​ការ​ជជែក​គ្នា​ជាមួយ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ឡើង​វិញ ជាជាង​ការ​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​តុលាការ​។ ទោះ​យ៉ាងណា អ្នកនាំពាក្យ​បក្ស​កាន់អំណាច ជា​ភាគី​មួយ​ដែល​ប្ដឹង​លោក សុន ឆ័យ លើកឡើង​ថា បើ​លោក សុន ឆ័យ សុំ​ទោស សំណុំ​រឿង​នេះ​អាច​នឹង​មាន​ការប្រែប្រួល។

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ស្ថាប័ន​បោះឆ្នោត​ប្ដឹង​អ្នកនយោបាយ រឿង​រិះគន់​ការ​បោះឆ្នោត នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​របស់​ជាតិ​មួយ​នេះ បាត់បង់​ទំនុកចិត្ត​គណបក្ស​នយោបាយ និង​សាធារណជន។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើក​ឡើ​ថា គ​.​ជ​.ប គួរ​ដោះស្រាយ​ការរិះគន់​របស់​អ្នកនយោបាយ តាមច្បាប់​បោះឆ្នោត​។ លោក​បន្ត​ថា នៅ​ពេល​ស្ថាប័ន​បោះឆ្នោត​យក​ច្បាប់ព្រហ្មទណ្ឌ​មក​ប្ដឹង​អ្នកនយោបាយ​បែបនេះ​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ធ្វើ​ឲ្យ​គណបក្ស​លែង​មាន​ទំនុកចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ទៅវិញ៖ «ការប្រើប្រាស់​យន្តការ​នៃ​ការប្រើប្រាស់​ច្បាប់​ផ្សេង​ពិសេស​ច្បាប់​ព្រហ្មទណ្ឌ​ហ្នឹង​ដែល​ក្រៅពី​ច្បាប់បោះឆ្នោត​នៅក្នុង​លក្ខខណ្ឌ​ឬក៏​នីតិវិធី​នៃ​ការបោះឆ្នោត​គួរតែ​ពិនិត្យ​ពិចារណា នៅក្នុង​ការប្រើ​នីតិវិធី​បែបនេះ បើ​មិន​អ៊ីចឹង​ទេ ធ្វើ​ដំណើរការ​ក្នុង​ការ​ជឿជាក់​ហ្នឹង​រឹតតែ​បង្កើន​បញ្ហា​ថែមទៀត​ក្នុង​ពេល​ខាងមុខ​នៅក្នុង​ភាព​សង្ស័យ​ទៅលើ​គេ​ហៅថា ការ​អនុវត្ត​តួនាទី ឬ​ភារកិច្ច​របស់​ស្ថាប័ន​គ​ .​ ជ​ .​ ប​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​បែប​នេះ គ.ជ.ប​មិន​គួរ​ប្ដឹង​អ្នក​រិះគន់​នោះ​ទេ​។ លោក​យល់​ថា រឿង​បោះឆ្នោត​នេះ​ជៀស​មិន​ផុត​ការ​រិះគន់​ឡើយ៖ «ដល់​អ៊ីចឹង​ហាក់ដូច​ការ​គម្រាម​មួយ​ដែរ​ប្អូន រិះគន់​ទៅ​ប្ដឹង​រិះគន់​ទៅ​ប្ដឹង​មាន​អ្នកណា​ហ៊ាន​រិះគន់​ទៀត​ហៅ​អ្នក​រិះគន់​មក​ជួប​សួរ មក​ជួប​ទាល់​មុខ​គ្នា កុំ​ឲ្យ​មាន​បណ្ដឹង​មិន​ស្រប​សោះ ដែល​យើង​ធ្វើ​ការងារ​បោះឆ្នោត​គេ​រិះគន់​យើង យើង​ប្ដឹង​គេ មាន​អ្នកណា​ហ៊ាន​រិះគន់​ទៀត​ចុះ បើ​រិះគន់​ប្ដឹងៗ»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ដូច្នេះ ក្រោយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ កំពុង​រង​បណ្ដឹង​ចំនួន​ពីរ ពី​គណបក្ស​កាន់អំណាច និង​ស្ថាប័ន​បោះឆ្នោត។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុ​ជាយ​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការ​រិះគន់​រឿង​បោះឆ្នោត​របស់​លោក ស៊ុន ឆ័យ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាម​ទារជំងឺចិត្ត​ចំនួន ១​លាន​ដុល្លា និង​ទាមទារ​ឲ្យ​សុំទោស​។ ដូចគ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ។ មន្ត្រី​ជាន់ខ្ពស់​គជប ពី​នាក់​គឺ អ្នកនាំពាក្យ​គ​.ជ.បឌឹ​ម សុវណ្ណារុំ និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក សោម សូរីដា លើកឡើង​ក្នុង​ពាក្យបណ្ដឹង​របស់​ខ្លួន​ចុះ​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ថា ការ​ថ្លែង​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ជាតិ​មួយ​នេះ។

ការ​ប្ដឹង​នេះ ក្រោយ​ពេល​លោក សុន ឆ័យ បាន​រិះគន់ ពី​ភាព​មិន​ប្រក្រតី​នៃ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា កន្លង​ទៅ។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ដើម​បណ្ដឹង គឺ​អ្នកនាំពាក្យ​និង​ជា​សមាជិក​គ.ជ.ប លោក ឌឹម សុវណ្ណារុំ បាន​ទេ នៅ​ថ្ងៃទី​១៨ ខែ​មិថុនា។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា គណបក្ស​លោក​សម្រេច​ប្ដឹង​លោក សុន ឆ័យ ព្រោះ​លោក សុន ឆ័យ និយាយ​លែង​ស្ដាប់​គ្នា​បាន ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា មានតែ​រក​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ​។ ទោះ​យ៉ាងណា លោក​ថា ប្រសិន​លោក សុន ឆ័យ សុំ​ទោស​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ការប្រែប្រួល​ស្ថានការណ៍​ឡើងវិញ៖ «បញ្ហា​ហ្នឹង​គេ​មិន​ចង់​បង្កើត​រឿង​ទេ តែបើ​សិន​បើ​នៅ​រឹងក្បាល​ទេ ទៅ​តាម​ផ្លូវច្បាប់​ហើយ ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ​គាត់​ (​ លោក សុន ឆ័យ​ ) ហ៊ាន​ទទួលខុសត្រូវ គាត់​សុំទោស​ទៅ ជំហាន​ទី២ គិត​យ៉ាងម៉េច ចាំ​ដើមបណ្ដឹង​គេ​ពិចារណា»។

ទាក់ទង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ប្រតិកម្ម​លោក សុន ឆ័យ បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែមិថុនា​។ ទោះ​យ៉ាងណា អនុប្រធាន​គណបក្ស​ភ្លើងទៀន រូប​នេះ ឲ្យ​​វិទ្យុ​បារាំង ដឹង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ពេល​តុលាការ​កោះហៅ​។ លោក សុន ឆ័យ អះអាង​ដែរ លោក​ក៏​ត្រៀម​មេធាវី​ដើម្បី​ការពារ​ក្ដី​ឲ្យ​លោក​ដែរ។

ទាក់ទង​​នឹង​ការ​ទាមទារ​របស់​លោក សុខ ឥសាន ឲ្យ​លោក សុន ឆ័យ សុំទោស អនុប្រធាន​និង អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក​ ថាច់ សេដ្ឋា យល់ថា បើ​បក្ស​កាន់អំណាច​ដាក់ចិត្ត​ព្រម​ចូលរួម​ការបោះឆ្នោត​ហើយ គួរ​ហ៊ាន​ទទួល​គ្រប់​ការ​រិះគន់​។ ទោះ​បែបនេះ​ក្ដី​លោក​ថា ជំហរ របស់​លោក ស៊ុន ឆ័យ បែប​ណា​លើ​រឿង​នេះ​គឺជា​ការសម្រេចចិត្ត​របស់​លោក សុន ឆ័យ៖ «ពេល​ដែល​យើង​បោះឆ្នោត​ទៅ​យើង​ប្រកាន់​ឥរិយាបថ​បែប​ណា​សម្រាប់​គូប្រកួត​ប្រជែង ប៉ុន្តែ រឿង​សុំទោស​មិន​សុំទោស​ទៅលើ​ឯកឧត្តម សុន ឆ័យ ទេ តែ​សម្រាប់​ក្នុង​ខ្ញុំ​យល់ឃើញ​អ៊ីចឹង​ថា ការ​ប្រកួតប្រជែង​តែងតែ​មាន​សំដី​ឌឺដង​ហើយ បើ​យើង​មិន​ចង់​ឲ្យ​គេ​ប៉ះពាល់​យើង​យើង​បោះឆ្នោត​ធ្វើ​អី​ ? ប្រកួត​ធ្វើ​អី​ ? យើង​ដូចជា​បុគ្គល​សាធារណៈ​អ៊ីចឹង ធម្មតា គេ​រិះគន់​គេ​ថា ហើយ បើ​យើង​កុំ​ឲ្យ​គេ​ប៉ះពាល់​យើង​កុំ​ធ្វើ​នយោបាយ»។

លោក ថាច់ សេដ្ឋា យល់​ថា គ.ជ.ប និង​បក្ស​កាន់អំណាច គួរ​ហ៊ាន​ទទួល​យក​មតិ​រិះគន់ និង​ដោះស្រាយ​ចំណុច​អវិជ្ជមាន​ទាំងនោះ ជាជាង​ការ​ប្ដឹង​គ្នា​ឡើង​តុលាការ​។ ទាក់ទង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​រក​ឃើញ​ថា មាន​ការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​រួមមាន​៖ អាជ្ញាធរ​មូលដ្ឋាន​អង្គុយ​នៅ​បរិវេណ​បោះឆ្នោត​រាប់​ឈ្មោះ​ពលរដ្ឋ ការិយាល័យ​បោះឆ្នោត​ខ្លះ​បាន​ទ្វារ​មួយសន្ទុះ​ទើប​បើកទ្វារ​វិញ អ្នកបោះឆ្នោត​ខ្លះទៀត​ស្លៀកពាក់​បែប​ជនជាតិ​វៀតណាម ប៉ុន្តែ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។