អ្នកសង្កេតការណ៍ថា ចិននឹងក្លាយជាខ្នងបង្អែកក្នុងផែនការផ្ទេរអំណាចរបស់ត្រកូល ហ៊ុន
2023.07.25

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាអះអាងថា ប្រទេសចិនកុម្មុយនិស្តនឹងក្លាយជាខ្នងបង្អែកធំតាមរយៈការគាំទ្រនយោបាយការទូត និងការផ្ដល់ជំនួយនានាលើផែនការផ្ទេរអំណាចរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។ ពួកគេព្រួយបារម្ភថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតក្លែងក្លាយនឹងដឹកនាំប្រទេសកាន់តែផ្ដាច់ការ ខណៈបណ្ដាប្រទេសលោកសេរីមួយចំនួនបន្តដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាដោយសារតែមិនសេរី និងមិនយុត្តិធម៌។
អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងមើលឃើញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងជ្រួលច្របល់នឹងផែនការផ្ទេរឱ្យអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនិយមប្រជាធិបតេយ្យធំៗមួយចំនួនមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកក្កដាថា លោក ហ៊ុន សែន កំពុងទទួលរងសម្ពាធជាបន្តបន្ទាប់ជាពិសេសក្នុងគម្រោងការផ្ទេរអំណាចតពូជរបស់លោកទៅឱ្យលោក ហ៊ុន ម៉ាណែត ដ្បិតសហរដ្ឋអាមេរិក និងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនិយមរបបប្រជាធិបតេយ្យមើលឃើញអំពីការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា។
បន្ថែមពីនេះ លោក គឹម សុខ ថ្លែងថា បើទោះបីជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាអាចជំទាស់នឹងផែនការផ្ទេរអំណាចត្រកូលហ៊ុន យ៉ាងណាក្ដី ក៏ទំនងលោក ហ៊ុន សែន ពន្លឿនមហិច្ឆតាផ្ទេរអំណាចរបស់លោកឱ្យលោក ហ៊ុន ម៉ាណែតឱ្យបានឆាប់ ខណៈមេដឹកនាំចិនសាទរនឹងលទ្ធផលឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ៖«បើចង់ទប់ការអនុវត្តផែនការផ្ទេរអំណាចពី ហ៊ុន សែន ទៅហ៊ុន ម៉ាណែត បានលុះត្រាតែមានប្រតិកម្មកម្រើកជាចំហតែម្ដងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាហើយប្រជាពលរដ្ឋក៏ចូលរួមសកម្មភាពតវ៉ាបដិសេធការផ្ទេរអំណាចហ្នឹងដែរ ទើបអាចទប់ការផ្ទេរអំណាចមិនឱ្យធ្វើទៅបាន»។
ប្រតិកម្មរបស់អ្នកវិភាគបែបនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំចិន រួមទាំងមន្ត្រីកំពូលៗ នៃប្រទេសកុម្មុយនិស្តមួយនេះ ប្រកាសពេញចិត្តលើការបោះឆ្នោតនៅកម្ពុជា។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃទី២៥ ខែកក្កដា សាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន សែន ដែលឈ្នះឆ្នោតក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ លើសពីនេះ ភាគីចិនអះអាងថា ប្រទេសចិននឹងបន្តជួយគាំទ្រកម្ពុជាស្របលក្ខខណ្ឌការអភិវឌ្ឍជាតិរបស់ខ្លួន។ លោក ស៊ី ជីនពីង បន្ថែមទៀតថា លោកបានត្រៀមខ្លួនជាស្រេចធ្វើការងារជាមួយលោក ហ៊ុន សែន ដើម្បីពង្រឹងការណែនាំនយោបាយនៃទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី២៥ ខែកក្កដា។
អ្នកឃ្លាំមើលចាត់ទុកសាររបស់មេដឹកនាំចិន គឺជាសញ្ញាភ្លើងខៀវក្នុងការជួយគាំទ្រលើផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឱ្យលោក ហ៊ុន ម៉ាណែត។ លើសពីនេះ ពួកគេថា ហេតុផលដែលមេដឹកនាំចិនប្រកាសពេញចិត្តពេញថ្លើម ចំពោះការបោះឆ្នោតនៅកម្ពុជា ដោយសារតែចិនមិនចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យនោះទេ ដ្បិតវានឹងបង្កជាឧបសគ្គសម្រាប់គម្រោងចិនដែលចង់ពង្រីកមូលដ្ឋានទ័ពនៅកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយមានតែមេដឹកនាំចិន និងបណ្ដាប្រទេសនិយមរបបផ្ដាច់ការ និងកុម្មុយនិស្តចេញសារប្រកាសសាទរ ខណៈសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យជាច្រើនទៀតសោកស្ដាយយ៉ាងខ្លាំងចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា ដែលមិនសេរី និងមិនយុត្តិធម៌។
សហរដ្ឋអាមេរិកបានប្រកាសដាក់ចេញវិធានការជាជំហានលើការរឹតត្បិតទិដ្ឋាការ ឬវីសា (VISA) លើមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងផ្អាកការផ្ដល់ជំនួយមួយចំនួនដល់កម្ពុជា។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា រដ្ឋាភិបាលខុសច្បាប់កើតក្រោយការបោះឆ្នោតក្លែងក្លាយដែលដឹកនាំដោយក្រុមគ្រួសារត្រកូល ហ៊ុន នឹងដឹកនាំប្រទេសកាន់តែផ្ដាច់ការ កៀបសង្កត់បំបិទសិទ្ធិពលរដ្ឋ និងរណបអែបអបចិនកាន់តែខ្លាំង ដើម្បីជួយគាំទ្រនយោបាយការទូត និងស្នើសុំកម្ចី ឬជំនួយនានាពីប្រទេសចិន។ លើសពីនេះ លោកព្រួយបារម្ភថា ធនធានធម្មជាតិនៅកម្ពុជានឹងត្រូវក្រុមហ៊ុនចិនមួយចំនួនជញ្ជក់យក ហើយប្រជាពលរដ្ឋនឹងបាត់បង់ការងារ ខណៈប្រទេសលោកសេរីបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។
លោក អ៊ុំ សំអាន៖«យើងបារម្ភនោះ គឺខ្លាចចិនហ្នឹងនឹងយកកម្ពុជាជាកូនជើងរបស់ខ្លួន ដើម្បីពង្រីកមហាអំណាចរបស់ខ្លួននៅលើពិភពលោកខាងផ្នែកសេដ្ឋកិច្ច និងយោធាប្រកួតជាមួយអាមេរិក។ នៅពេលឥទ្ធិពលរបស់ចិនកាន់តែខ្លាំងមកលើកម្ពុជា កម្ពុជាកាន់តែ កាន់អំណាចផ្ដាច់ការខ្លាំងជាងមុនតទៅទៀត។ នៅពេលកាន់របបផ្ដាច់ការប្រាកដជាធ្វើទុក្ខបុកម្នេញបក្សឆាំង សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម ការបោះឆ្នោតហ្នឹងលែងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយក៏លែងឱ្យមានការចូលរួមពីគណបក្សប្រឆាំងផងដែរគ្រាន់តែជាការបោះឆ្នោតបង្គ្រប់កិច្ច»។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងស្របគ្នាថា ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនលើផែនការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន បានបំពានច្បាប់តាមរយៈការរៀបចំការបោះឆ្នោតក្លែងក្លាយ និងលម្អៀងនយោបាយការបរទេសទៅរកប្រទេសចិន ដើម្បីការពារអំណាចរបស់ខ្លួន៕