ក្រុមអ្នកឃ្លាំមើលសង្គមសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាដឹកនាំរបស់គណបក្សកាន់អំណាច ហាក់ព្យាយាមកែប្រែប្រវត្តិសាស្ត្រ តាមរយៈការបង្កើតព្រឹត្តិការណ៍ ឱ្យពលរដ្ឋចូលរួម និងដឹងគុណនយោបាយឈ្នះឈ្នះ ដោយបំភ្លេចព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗផ្សេងទៀត។ ពួកគាត់ថា នយោបាយឈ្នះ ឈ្នះ មិនបានរួមចំណែកឱ្យភាគីជម្លោះ មកចូលតុចរចាបញ្ចប់សង្គ្រាម និងបង្កើតការបោះឆ្នោតបែបប្រជាធិបតេយ្យ ដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឡើយ។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច ព្យាយាមលើកតម្កើងឃោសនា នយោបាយឈ្នះឈ្នះ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ និងកេងចំណេញនយោបាយ ដោយធ្វើឱ្យប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយភ័ន្តច្រឡំថា គណបក្សប្រជាជនកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន គឺជាអ្នករំដោះ និងជួយសង្គ្រោះកម្ពុជា ចេញពីភ្លើងសង្គ្រាម។អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ធ្នូ ដោយលោកយល់ឃើញថា នយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា កំពុងស៊ីកេរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែលគូជម្លោះខ្មែរគ្រប់ភាគី ព្រមបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា។
លោក ម៉ែន សុថាវរិន្ទ្រ៖ «កុម្មុយនិស្ត ផ្ដាច់ការ គឺគាត់បានស៊ីកេរ ស៊ីអ្វីទាំងអស់ហើយ គឺគាត់ភ្លេច តាំងពីគាត់ធ្វើរដ្ឋប្រហារតាំងពីឆ្នាំ១៩៩៧ ហ្នឹងមក។ អ៊ីចឹងគឺគាត់ខុសធ្ងន់មែនទែន គឺគាត់ធ្វើហ្នឹង គឺបំពានលើកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស»។
ការលើកឡើងរបស់អតីតតំណាងរាស្ត្ររូបនេះ គឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងរៀបចំពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ត នយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ធ្នូ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ ក្នុងពិធីរម្លឹកខួបនោះ អាជ្ញាធរនឹងបិទផ្លូវ និងមានការរៀបចំពិព័រណ៍សមិទ្ធផលម្ហូបអាហារខ្មែរ អុជកាំជ្រួច និងប្រគំតន្ត្រី ដើម្បីឱ្យប្រជាពលរដ្ឋទៅចូលរួមផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា លោកមិនបង្កើតទិវាសន្តិភាព តាមយោបល់របស់ក្រុមមន្ត្រីរដ្ឋាភិបាលរបស់លោកទៀតនោះទេ ដោយលោកអះអាងថា ទិវានយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ នោះ គឺមានអត្ថន័យជាទិវាសន្តិភាពស្រាប់ហើយ។
លោក ហ៊ុន ម៉ាណែត៖ «ករណីពិសេសកើតឡើងមកនេះ ដោយសារស្រុកមានសន្តិភាព។ បើយើងមានសង្គ្រាម យើងនឹងវេទនាដូចមុន តែបើយើងមានសន្តិភាព ពីរថ្ងៃទៀតយើងត្រូវគោរព ប្រារព្ធ ២៥ឆ្នាំនៃខួបនៃនយោបាយឈ្នះឈ្នះ គឺការបញ្ចប់សង្គ្រាម»។
ទាក់ទិនរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ លោក រស់ សុដ្ឋា មើលឃើញថា ក្រោយពេលដែលសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ សោយទិវង្គតទៅ រដ្ឋាភិបាលហាក់មានបំណងបំភ្លេចថ្ងៃប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បន្តិចម្ដងៗ ដោយដាក់ជំនួសមកវិញ នូវទិវាឈ្នះឈ្នះ។
លោក រស់ សុដ្ឋា៖ «ឥឡូវនេះឃើញថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនហ្នឹង គឺឃើញថាការផ្សព្វផ្សាយអំពីសារប្រយោជន៍ គុណតម្លៃរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង វាដូចថាមិនសូវមានតុល្យភាព។ បើនិយាយដល់រឿងប្រវត្តិសាស្ត្រ យើងបារម្ភពីរឿងប្រវត្តិសាស្ត្រដែរ។ បើកាលពីយើងផ្ដល់តម្លៃមិនមានតុល្យភាព វាពាក់ព័ន្ធនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋប្រជាជាតិ អាចធ្វើឱ្យមានការយល់ច្រឡំ។ ហើយភាពរសាយបាត់ទៅនៃប្រវត្តិសាស្ត្រនេះ វាអាចចេះតែមានដំណើរទៅមុខម្ដងបន្តិចៗ រសាត់បាត់ទៅម្ដងបន្តិចៗ»។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានសម្រេចយកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ ដាក់ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំតទៅ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ ខណៈទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ត្រូវបានរដ្ឋាភិបាលកម្ពុជា ដកចេញពីបុណ្យជាតិនៅឆ្នាំ២០២០ ទៅវិញ។
អ្នកឃ្លាំមើល ស្នើឱ្យរដ្ឋាភិបាលគោរពគោលការណ៍សិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ ដោយដើរតាមមាគ៌ារបស់សិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ជាជាងការបំភ្លៃប្រវត្តិសាស្ត្រ មកកុហកប្រជាពលរដ្ឋខ្មែរ ដើម្បីផលប្រយោជន៍បក្ខពួក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
