អ្នកឃ្លាំមើលថា ចំនួនបក្ស ឬអង្គការក្រៅរដ្ឋាភិបាលច្រើន មិនសុទ្ធតែបង្ហាញថា លម្ហសេរីភាពនោះឡើយ
2024.12.03
អ្នកឃ្លាំមើលមួយចំនួនលើកឡើងថា ចំនួនគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលច្រើនមិនសុទ្ធតែបង្ហាញថា លម្ហនយោបាយ និងសង្គមស៊ីវិល មានលក្ខណៈសេរីនោះឡើយ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា ខកចិត្តចំពោះសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ដែលជំរុញឲ្យពិនិត្យសើរើឡើងវិញនូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ដោយសារការរួមតូចទៅៗ នៃលម្ហសិទ្ធិសង្គមស៊ីវិលនៅកម្ពុជា។
អ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនសង្កេតឃើញថា ទោះជាកម្ពុជាមានគណបក្សនយោបាយ និងអង្គការសមាគមច្រើនក៏ដោយ ក៏លម្ហនយោបាយ និងសង្គមស៊ីវិល នៅមិនទាន់មានលក្ខណៈសេរីឡើយ ដោយសារអង្គការសមាគមឯករាជ្យ ដែលធ្វើការដើម្បីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យមានចំនួនតិច ហើយអង្គការខ្លះទៀតមាននិន្នាការស្របទៅនឹងរដ្ឋាភិបាល។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែធ្នូថា អង្គការសង្គមស៊ីវិល នៅកម្ពុជាអាចធ្វើការបាន តែពួកគាត់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងដាក់កំហិតខ្លួនឯង ក្នុងការបញ្ចេញមតិលើបញ្ហារសើបមួយចំនួន ដូចជាបញ្ហាធនធានធម្មជាតិ និងបញ្ហានយោបាយជាដើម។
លោក រស់ សុដ្ឋា៖ «ឥឡូវការធ្វើការរបស់អង្គការសង្គមស៊ីវិល គឺត្រូវមានការប្រុងប្រយ័ត្នច្រើនបើសិនជា មិនមានការប្រុងប្រយ័ត្នច្រើនទេ មិនអនុលោមតាមច្បាប់ NGO ហ្នឹងទេ ឬការបញ្ចេញមតិ ចំចំណុចផុយស្រួយអីជាដើមហ្នឹង នៅតែជាកង្វល់ នៅតែជាការភ័យខ្លាចនៅឡើយ គឺយើងអាចនិយាយបានអ៊ីចឹង សព្វថ្ងៃហ្នឹង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ ខកចិត្តចំពោះសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ដែលជំរុញឲ្យពិនិត្យសើរើឡើងវិញ នូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា អ៊ី.ប៊ី.អេ (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជា ដោយសារតែការរួមតូចទៅៗ នៃលម្ហសិទ្ធិសង្គមស៊ីវិលនៅកម្ពុជា ជាពិសេសករណីអង្គការ សង់ត្រាល់ (CENTRAL) អង្គការសមធម៌កម្ពុជា និងអង្គការចលនាមាតាធម្មជាតិ។ អ្នកនាំពាក្យរូបនេះ ចាត់ទុកការសម្រេចរបស់សភាអឺរ៉ុបថា ជាការចោទប្រកាន់ដ៏ «អយុត្តិធម៌» «ប៉ះពាល់ដល់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា ។ លោកបញ្ជាក់ថា លម្ហនយោបាយ និងសង្គមស៊ីវិលនៅកម្ពុជា មានលក្ខណៈសេរី និងបើកចំហ តាមរយៈវត្តមានអង្គការសង្គមស៊ីវិលជាង ៦ពាន់ និងមានគណបក្សនយោបាយចំនួន១៩គណបក្ស ដែលបានចូលរួមបោះឆ្នោតជាសាកលកាលពីឆ្នាំ២០២៣ ក្នុងនោះមានពលរដ្ឋជាង៨០ភាគរយ (៨៤,៥៩%) បានចូលរួមបោះឆ្នោត រួមទាំងវត្តមានសហជីព និងសហព័ន្ធសហជីពរាប់ពាន់ផ្សេងទៀត។
ត្រង់ចំណុច ដែលសភាអឺរ៉ុប អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដទៃទៀតទាំងអស់ ដែលត្រូវបានចោទ ដែលមានចរិតនយោបាយនោះ អ្នកនាំពាក្យរដ្ឋសភាឆ្លើយតបទៅវិញ ដោយអះអាងថា «នៅកម្ពុជាគ្មានទេ អ្នកទោសនយោបាយ» និងថា «អាជ្ញាធរអនុវត្តតាមច្បាប់ និងនីតិវិធី ដែលមានស្រាប់សម្រាប់ដាក់ទោសអ្នកប្រព្រឹត្តល្មើស»។
ថ្វីបើអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់យ៉ាងដូចនេះក្ដី ក៏មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការឯករាជ្យមួយចំនួនឲ្យដឹងថា ពួកគេនៅតែរងការរឹតត្បិតសិទ្ធិសេរីភាពតាមរយៈ ប្រព័ន្ធរដ្ឋបាល ដែលមានភាពស្មុគស្មាញ ដោយតម្រូវឲ្យពួកគាត់ដាក់លិខិតស្នើសុំទៅអាជ្ញាធរ មុនធ្វើការជួបជុំ ឬធ្វើសកម្មភាពដូចជា ការចុះល្បាតព្រៃ និងជួបជុំដោយសន្តិវិធី នៅទីសាធារណៈជាដើម។
ជាក់ស្ដែង អាជ្ញាធរខេត្តស្ទឹងត្រែង បានឃាត់ខ្លួនសកម្មជនព្រៃឈើចំនួន៦ នាក់ ក្នុងនោះមានអ្នកកាសែតឯករាជ្យម្នាក់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយចោទពីបទចូលតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត ក្នុងពេលពួកគាត់កំពុងឃ្លាំមើលបទល្មើសកាប់ព្រៃឈើ។ ករណីផ្សេងទៀត ដូចជាការរៀបចំវេទិកាសាធារណៈ ដែលរៀបចំឡើងដោយអង្គការសមាគម ដែលតម្រូវឲ្យដាក់លិខិតស្នើសុំនៅរដ្ឋបាលរាជធានី-ខេត្ត ដើម្បីសុំការអនុញ្ញាត ប៉ុន្តែមន្ត្រីសង្គមស៊ីវិល អះអាងថា កន្លងទៅ មុនរៀបចំពិធីទាំងនេះ គឺពួកគេគ្រាន់តែត្រូវការលិខិតជូនដំណឹងតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត មានប្រសាសន៍ថា លក្ខខណ្ឌមួយចំនួន របស់សភាអឺរ៉ុប ដែលស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យជាដើម គឺដើម្បីឲ្យពលរដ្ឋកម្ពុជា ទទួលបាននូវសិទ្ធិសេរីភាពពេញលេញ ក្នុងរបបដឹកនាំតាមបែបប្រជាធិបតេយ្យ។
លោក យី សុខសាន្ត៖ «អ្វី ដែលយើងស្នើសុំយ៉ាងទទូច ទៅរដ្ឋាភិបាល គឺមិនចាំបាច់ចង់ចាញ់ឈ្នះទេ បើចាត់ទុកថា ដើម្បីធ្វើជាតំណាងរាស្ត្រ ឬអ្នកដឹកនាំ ធ្វើដើម្បីជាតិ គួរតែពិចារណាទៅ បើខ្លាចពេក ធ្វើប្រជាមតិមើលថា តើប្រទេសយើងមកដល់ថ្ងៃនេះ មកដល់ចំណុចហ្នឹង គឺនៅក្នុងចំណុចណា ? លម្ហរឹតត្បិត ឬជាលម្ហ ដែលមានសេរីភាព ? ចំណុចនេះ យើងមើលទៅឃើញសូម្បីតែពលរដ្ឋសាមញ្ញ និងជនពិការក៏បញ្ចេញមតិមិនបានផង អីចឹងយើងស្នើសុំយ៉ាងទទូចឲ្យរដ្ឋាភិបាលមេត្តាពិចារណា បើកសិទ្ធិសេរីភាពដល់ពលរដ្ឋ អ្នកនយោបាយដើម្បីឲ្យរួចចាកផុតពីទណ្ឌកម្ម»។
ក្រៅពីការរឹតត្បិតលើអង្គការសង្គមស៊ីវិលឯករាជ្យហើយនោះ រដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» ក៏បានរឹតត្បិតសកម្មភាព អ្នកការពារបរិស្ថាន ដោយតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បានកាត់ទោសសកម្មជនបរិស្ថាន ១០នាក់ ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ដល់ ៨ឆ្នាំក្រោមបទចោទ«រួមគំនិតក្បត់»និង«ប្រមាថព្រះមហាក្សត្រ» ដោយសារតែសកម្មភាព ទាមទារឲ្យរដ្ឋាភិបាលការពារបរិស្ថាន និងសុខុមាលភាពសាធារណៈ។ ទន្ទឹមនឹងនេះ មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ក៏កំពុងរងការចោទប្រកាន់តាមផ្លូវតុលាការដែរ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគាត់ រួមទាំងមេបក្សប្រឆាំងមួយចំនួនផង ដូចជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី និងប្រធានគណបក្សបេះដូងជាតិលោក សៀម ភ្លុក ជាដើម ដែលកំពុងឃុំខ្លួននៅផ្ទះ និងពន្ធនាគារ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស ទទូចដល់រដ្ឋាភិបាលឲ្យបើកលម្ហសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ លម្ហនយោបាយ និងសង្គមស៊ីវិល ដើម្បីឲ្យពួកគាត់អាចអនុវត្តសិទ្ធិសេរីភាពដោយគ្មានការរឹតត្បិត ហើយការណ៍នេះ ក៏បង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្ហាញទៅអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។