អ្នក​ឃ្លាំមើល​ថា វៀតណាម​កំពុង​បន្ត​ជំរុញ​នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន

ដោយ ខាន់ លក្ខិណា
2024.07.16
អ្នក​ឃ្លាំមើល​ថា វៀតណាម​កំពុង​បន្ត​ជំរុញ​នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន (រូបពីឆ្វេង) ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានាធិបតី​ថ្មី​វៀតណាម លោក តូ ឡឹម (To Lam) ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបនារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​ថា វៀតណាម​កំពុង​បន្ត​ជំរុញ​នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន សម្រាប់​អ្នក​ជំនាន់​ថ្មី​កម្ពុជា-វៀតណាម-ឡាវ ចេញ​ពី​មូលដ្ឋាន​តំបន់​អភិវឌ្ឍន៍​ត្រីកោណ និង​សមាហរណកម្ម​ជន​ជាតិ​វៀតណាម​ក្នុង​តំបន់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា​លោក ហ៊ុន សែន និង​ប្រធានាធិបតី​វៀតណាម​លោក តូ ឡឹម (To Lam) អំពី​ការ​ពង្រឹង​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​នៃ​ប្រទេស​ទាំង​ពីរ តាម​គម្រោង​​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា-ឡាវ -វៀតណាម។

អ្នក​ឃ្លាំមើល​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-វៀតណាម-ឡាវ អាច​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ដ៏​សំខាន់​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ក្នុង​ការ​បន្ត​អនុវត្ត​មហិច្ឆតា​របស់​ខ្លួន ឆ្លង​មក​ក្រុម​មេ​ដឹក​នាំ​ជំនាន់​ថ្មីៗ​នៃ​ប្រទេស​ទាំង​បី ដើម្បី​ សម្រេច​គោល​ដៅ​គ្រប់​គ្រង​ឥណ្ឌូចិន និង​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​របស់​វៀតណាម។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន សម្ដែង​ការ​បារម្ភ​ ថា ជន​ជាតិ​វៀតណាម មក​ដណ្ដើម​ការងារ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​ប្រកាស​ធ្វើ​ អបគមន៍ ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ទៅ​ជា​របស់​វៀតណាម ដូច​ករណី​ប្រទេស​ រុស្ស៊ី​ចូល​វាយ​ឈ្លាន​ពាន​អ៊ុយក្រែន​ដែរ ក្នុង​លេស​ថា ប្រជាជន​អ៊ុយក្រែន ធ្វើ​បាប​ ប្រជាជន​រុស្ស៊ី​ក្នុង​តំបន់​ដែល​មាន​ជន​ជាតិ​រុស្សី​រស់នៅ​ច្រើន។

លោក​ថា នៅ​ពេល​អនាគត ប្រសិន​បើ​ពលរដ្ឋ ឬ​យុវជន​ខ្មែរ មិន​សិក្សា​ឈ្វេង​យល់​ ឱ្យ​បាន​ស៊ី​ជម្រៅ​ទេ នោះ​ពលរដ្ឋ​ខ្មែរ​អាច​នឹង​មាន​គ្រោះថ្នាក់ បាត់បង់​ខេត្ត​ខ្មែរ​ទាំង ៤ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​រួម​មាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

លោក ស្រ៊ុន ស្រ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វៀតណាម​មិន​បាន​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​ពង្រីក​ឥទ្ធិពល​តាមរយៈ​ចលនា​កុម្មុយនិស្ត​ឥណ្ឌូចិន​ឡើយ។

លោក​លើក​ឡើង​ដែរ​ថា នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ខាង​កម្ពុជា​ភាគ​ច្រើន​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ ជា​ជន​ជាតិ​ដើម​ភាគ​តិច ហើយ​មាន​ចំនួន​ប្រមាណ​តែ​កន្លះ លាន​នាក់ ខណៈ​ឡាវ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​វៀតណាម ចំណែក​ឯ​វៀតណាម​វិញ មាន​ប្រជាជន​ជាង ៧ លាន​នាក់ ដោយ​គិត​តែ ៣​ខេត្ត​ប៉ុណ្ណោះ។

លោក ស្រ៊ុន ស្រ៊ន«នៅ​ពេល​ដែល​យើង​មាន​កន្លះ​លាន ហើយ​គេ​មាន​ទៅ​ដល់​ ជាង ៧លាន ហើយ​នៅ​ពេល​ដែល​មាន​យើង​និយាយ​អំពី​ទំហំ​ដី​វិញ គឺ​យើង​សម្បទាន​រាប់​សែន រាប់​ម៉ឺន​រាប់​លាន​ហិកតារ ឱ្យ​ជន​ជាតិ​វៀតណាម​មក ធ្វើ​ការ​នៅ​តំបន់​ត្រីកោណ ហើយ​មិន​មែន​តែ​តំបន់​ត្រីកោណ​ទេ ឆ្លៀត​មក​ដល់​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មក​ដល់​ខេត្ត​កំពង់ចាម មក​ដល់​ខេត្ត​កំពង់ធំ​ជា​ដើម។ ដូច្នេះ សញ្ញា​នេះ ហើយ​ដែល​ខ្ញុំ​យល់​ថា វៀតណាម​មិន​បោះបង់​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​លេប​យក​ទឹក​ដី​ខ្មែរ និង​លេប​យក​អំណាច​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ខ្មែរ​ឡើយ»

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថា លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ចោល​វៀតណាម​ទេ​ហើយ​ហាក់​បង្ហាញ​ទំនាក់ទំនង​ស្អិតល្មួត ក្នុង​ការ​កសាង​ជំនឿ​ទុក​ចិត្ត​គ្នា​ជាង​មុន ទៅ​ទៀត ទោះបី​ជា​កម្ពុជា​ងាក​ទៅ​ចិន​ក៏​ដោយ

លោក​ថា លើ​ហេតុ​ផល​នៃ​ការ​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ភាគី​ វៀតណាម ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ព្រមព្រៀង​ទាំងឡាយ រវាង​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម និង​មេ​ដឹក​នាំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​ដូច​ជា​សន្ធិសញ្ញា​ព្រំដែន​គោក កិច្ច​ព្រម​ព្រៀង​សមុទ្រ ការ​ផ្ដល់​ឯកសារ​ស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀតណាម នៅ​ប្រទេស​កម្ពុជា និង​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ចុង​ក្រោយ​នេះ​ជា​ដើម។

លោក ម៉ែន ណាត លើក​ឡើង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា-វៀតណាម-ឡាវ នេះ គឺ​ជា​ផែន​ការ​ឥណ្ឌូចិន​តូច​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​វៀតណាម​ តម្រូវ​ឱ្យ​មេ​ដឹក​នាំ​ត្រកូល​ហ៊ុន បន្ត​ធ្វើ​តាម​ការ​គូស​វាស​របស់​វៀតណាម។ លោក​ថា នយោបាយ​នេះ ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​និង​អនាគត​ទឹក​ដី​កម្ពុជា។

លោក ម៉ែន ណាត«លក្ខខណ្ឌ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​នៅ​វៀតណាម ហើយ​វៀតណាម​ជា​អ្នក​មើល​ថែ មើល​ខុស​ត្រូវ​លោក ហ៊ុន សែន គាត់ធ្វើ​អ៊ីចឹង។ អ៊ីចឹង​ហើយ នៅ​ពេល ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពេល​មុខ​ពេញ​មាត់ ហ៊ុន ម៉ាណែត ហ្នឹង ធ្វើ​ឱ្យ​វៀតណាម​មាន​ទំនុក​ចិត្ត​ជាង​មុន អាហ្នឹង​ក្នុង​ក្របខណ្ឌ​ហ្នឹង។ អ៊ីចឹង​បាន​ថា អនាគត​យើង​កាន់​តែ​បារម្ភ អំពី​ដំណើរ​វិវត្តន៍​នៃ​គ្រួសារ ហ៊ុន និង​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​កម្ពុជា»

បើ​តាម​សារព័ត៌មាន​វៀតណាម ផ្លាស់ (Vietnam Plus) ក្នុង​ជំនួប​រវាង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ប្រធានា​ធិបតី​វៀតណាម​លោក តូ ឡឹម (To Lam) កាល​ពី​ថ្ងៃទី ១២ ខែកក្កដា ភាគី​ទាំង​ពីរ​នឹង​បង្កើន​ការ​ជួប​ប្រជុំ​និង​បង្កើន​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹក​ នាំ​គ្រប់​លំដាប់​ថ្នាក់ និង​តាម​គ្រប់​បណ្ដាញ ជាពិសេស រវាង​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​ និង​យុវជន​នៃ​ប្រទេស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម។

ការ​ព្រមព្រៀង​គ្នា​រវាង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ប្រធានាធិបតី​វៀតណាម​លោក តូ ឡឹម នេះ ធ្វើ​ឡើង​ក្រោយ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ហ្វាម មិញ ជិញ (Pham Minh Chinh)ស្នើ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាម​រយៈ​ឧបនាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ានី ឱ្យ​សម្រួល​ដល់​ការ​តាំង​ទីលំនៅ និង​ធ្វើ​សមាហរណកម្ម​ជន​ជាតិ​វៀតណាម ចូល​ក្នុង​សង្គម​កម្ពុជា​ក្នុង​ពេល​លោក ហ៊ុន ម៉ានី បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម កាល​ថ្ងៃ​ទី៥ ខែ​កក្កដា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង បាន​ទេ​នៅ​ថ្ងៃទី១៥ ខែកក្កដា នេះ។ រីឯ​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ក៏​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៥ ខែកក្កដា ថា​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល​កើត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ដឹក​នាំ​ប្រទេស ដូច្នេះ ថ្នាក់​ដឹក​នាំ​ប្រទេស គឺ​ធានា​ឯករាជ្យ​អធិបតេយ្យភាព​ការពារ​ទឹក​ដី និង​ប្រជាពលរដ្ឋ

លោក សុខ ឥសាន៖ «មិន​មែន​ជាមួយ​ក្រុម​យុវជន​សកម្មជន​ណា​មាន​អី​នែ! ទឹក​ចិត្ត​ស្នេហា​ជាតិ លើស​ពី​គណបក្ស​ប្រជាជន​លើស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ហើយ​ចំពោះ​ជំនួប​ពិភាក្សា​ជា​លទ្ធផល​ផ្សេងៗ សូម​សួរ​ទៅ​ឯកឧត្ដម ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​ខ្ញុំ​មិន​ឆ្លើយ​ជូន​ទេ»

រដ្ឋាភិបាល​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ(CLV) កាល​ពី​ឆ្នាំ ១៩៩៩ ដោយ​មាន​ខេត្ត​ចំនួន ១៣​ជា​ចំណុះ។ ប្រទេស​កម្ពុជា​មាន ៤ខេត្ត គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី ដែល​មាន​ពលរដ្ឋ​សរុប​តែ​ជាង ៥០​ម៉ឺននាក់។ ប្រទេស​ឡាវ​មាន ៤ខេត្ត រួមមាន​ខេត្ត​អាតាពើ (Attapeus) ចំប៉ាសាក់(Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែល មាន​ប្រជាជន​សរុប​ជាង ៧០ម៉ឺន​នាក់។ រីឯ​ប្រទេស​វៀតណាម​មាន ៥ខេត្ត ដូចជា ខេត្ត​យ៉ាឡាយ (Gia Lai) កនតុម(Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក(Binh Phuoc) ដែល​មាន​ប្រជាជន​រហូត​ដល់​ជាង ៧ លាន​នាក់

កិច្ចព្រមព្រៀង​រួមគ្នា ក្នុង​ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ គឺ​ឈរ​លើ​គោលដៅ និង​មធ្យោបាយ​សំខាន់ៗ​ជា​ច្រើន រួមមាន ការ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ថ្នល់ សេវាកម្ម​សុខាភិបាល​ និង​ការ​ចល័ត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​បី សេវាកម្ម​សុខាភិបាល​មាន​ន័យថា ពលរដ្ឋ​នៃ​ប្រទេស​ទាំង​បី អាច​ចេញ​ចូល​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​នីមួយៗទៅ​វិញ​ទៅ​មក។ ការ​ចល័ត​ពាណិជ្ជកម្ម​វិញ បាន​ន័យថា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្តនៃ​ប្រទេស​ទាំង​បី​ អាច​នាំ​យក​ផលិត​ផល​របស់​ខ្លួន​ឆ្លង​ចូល​ធ្វើ​ជំនួញ​ទៅវិញទៅមក ដោយ​មិន​ចាំបាច់​មាន​វីសា ឬ​លិខិត​ឆ្លងដែន​នោះ​ទេ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ ក្នុង​ពេល​ដែល​គម្រោង​នេះ មិន​ទាន់​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ឡើយ និង​កុំ​បន្ត​ដំណើរ​ការ​ត​ជំនាន់។

ពួកគេ​ផ្ដល់​យោបល់​ដែរ​ថា រដ្ឋសភា និង​រដ្ឋាភិបាល​សព្វ​ថ្ងៃ នៃ​គណបក្ស​ប្រជាជន កម្ពុជា ក៏​ត្រូវ​ប្រកាស​បញ្ចប់​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​ភាគី​វៀតណាម​នា​ពេល​កន្លងមក តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។