តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនជំទប់ទី២មកពីគណបក្សភ្លើងទៀនម្នាក់ ពីបទកាប់បំផ្លាញព្រៃឈើ។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចាត់ទុកការចោទប្រកាន់នេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើគណបក្សភ្លើងទៀន និងស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន គួរបង្កបរិយាកាសនយោបាយល្អ មុនការបោះឆ្នោតឆ្នាំ២០២៣នេះ។
ជំទប់ទី២គណបក្សភ្លើងទៀននៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក បេន ប៊ុនធិន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែមករា នៅពេលដែលលោកចេញពីការបំពេញការងារនៅសាលាឃុំកាត់ភ្លុក។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យមានការស៊ើបអង្កេតករណីនេះឱ្យបានល្អិតល្អន់ មុនមានការចាប់ខ្លួន ឬចោទប្រកាន់ ព្រោះវិធានការរបស់តុលាការអាចនឹងប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ។
កូនប្រុសជំទប់ទី២ គណបក្សភ្លើងទៀន ដែលរងការចោទប្រកាន់ គឺ លោក ប៉ិន ចិត្រា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី៦ ខែមករា ថា ពេលនេះសមត្ថកិច្ចបញ្ជូន ឪពុករបស់លោក ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោយតុលាការចោទប្រកាន់ករណីកាប់បំផ្លាញព្រៃឈើ។ លោកប្រុសរបស់ លោក បេន ប៊ុនធិន រូបនេះ យល់ថា ករណីដែលតុលាការចោទប្រកាន់ឪពុករបស់លោក អាចមានភ័ន្តច្រឡំ ព្រោះឪពុករបស់លោក ធ្លាប់បានរងការចោទកាន់ករណីនេះកាលពីឆ្នាំ២០២០ រួចហើយ ប៉ុន្តែ ឪពុករបស់របស់លោកដោះស្រាយរួចហើយ។
លោក ប៉ិន ចិត្រា៖«ខ្ញុំកំពុងនៅកន្លែងពន្ធនាគារ ទៅវិញៗ បានឱ្យម៉ែទៅនិយាយជាមួយគាត់(ដើមបណ្ដឹង)អ៊ីចឹងណាឱ្យគេទៅពាក្យបណ្ដឹងវិញណា»។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ អ្នកស្រី ចាតសូ រស្មី បាននៅឡើយទេនៅថ្ងៃទី៦ ខែមករា។
ចំណែកប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តកំពង់ស្ពឺ លោក ទី ប៊ុនថេង ប្រាប់ថា កាលពីឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋាន បានចោទប្រកាន់ថា លោក បេន ប៊ុនធិន បានកាប់បំផ្លាញព្រៃឈើ ប៉ុន្តែលោកថា ករណីជាក់ស្ដែង គឺលោក បេន ប៊ុនធិន មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទេ ពីព្រោះ លោក បេន ប៊ុនធិន គឺបានកាប់ឆ្ការព្រៃនៅលើដីចំការរបស់លោកប៉ុណ្ណោះ។ លោកឱ្យដឹងទៀតថា កាលនោះ លោក បេន ប៊ុនធិន បានសម្របសម្រួលបញ្ចប់រឿងនេះក្រៅប្រពន្ធតុលាការ ជាមួយភាគីដើមបណ្ដឹងគឺអាជ្ញាធរឃុំ និងតំណាងសហគមន៍ព្រៃឈើ ប៉ុន្តែ ភាគីដើមបណ្ដឹងមិនទាន់បានដក់ពាក្យប្ដឹងពីតុលាការ។ មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ លោក ទី ប៊ុនថេង ឱ្យដឹងទៀតថា ពេលនេះ លោកជាមួយក្រុមគ្រួសាររបស់ជំទប់ទី២បក្សភ្លើងទៀន ដែលរងការចោទប្រកាន់ កំពុងទំនាក់ទំនងភាគីដើមបណ្ដឹង ភស្តុតាងទាំងនោះដាក់ជូនតុលាការពិនិត្យ។
លោក បេន ប៊ុនធិន៖«បាទបង ខ្ញុំកំពុងទំនាក់ទំនងទៅខាងប្រធានសហគមន៍ហើយនិងលោកមេឃុំដើម្បីគាត់ទៅបំភ្លឺនៅតុលាការដើម្បីដាក់ពាក្យបណ្ដឹងថា គាត់បានបញ្ចប់វិវាទបញ្ហារឿងដីធ្លីហ្នឹងហើយៗតែគ្រាន់តែតុលាការគេធ្វើទៅតាមនីតិវិធីរបស់ដើមបណ្ដឹង ហើយអ៊ីចឹងដើមបណ្ដឹងគាត់អត់ទៅដក អ៊ីចឹងរឿងជាប់ដល់ថ្ងៃហ្នឹងបង»។
វិធានការរបស់តុលាការពេលនេះ ហាក់ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើទៅសមត្ថកិច្ច និងតុលាការគួរកុំប្រញាប់ចាប់ខ្លួនពលរដ្ឋលឿនពេក ដោយត្រូវពិនិត្យលើករណីនោះ ឱ្យបានដិតដល់ជាមុនសិន។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ស្នើទៅតុលាការគួរមានការស៊ើបអង្កេតលើបញ្ហានេះដោយឈរមូលដ្ឋានច្បាប់ និងភស្តុតាង។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា សកម្មជននយោបាយដែលមកពីគណបក្សប្រឆាំង តែងតែរងគ្រោះជាញឹកញាប់ដោយប្រព័ន្ធតុលាការ។
លោក កន សាវាង្ស៖«អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ឃើញថា ជាឆន្ទានុសិទ្ធិតុលាការទេ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយសូមឱ្យពិនិត្យមើលករណីធ្វើម៉េចកុំឱ្យយកបញ្ហានយោបាយយកមកប៉ះពាល់ពីព្រោះយើងឃើញថា សកម្មជនគណបក្សនយោបាយ គណបក្សដែលនៅក្រៅរដ្ឋាភិបាលច្រើនណាស់មានករណីកោះហៅ យកទៅតាមផ្លូវតុលាការទោះរឿងនោះយូរណាស់មកហើយ គឺថា ពេលពេលជិតបោះឆ្នោតម្ដងៗតែងតែយកចោទប្រកាន់អីជាដើម»។
ទាក់ទងរឿងនេះ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បារម្ភថា ការចាប់ខ្លួន និងចោទប្រកាន់លើមន្ត្រីមូលដ្ឋានមកពីគណបក្សភ្លើងទៀនពេលនេះ ហាក់ជាការគំរាមកំហែងដល់គណបក្សភ្លើងទៀន។ លោក ថាច់ សេដ្ឋា ចង់ឃើញមានបរិយាកាសនយោបាយល្អមុនការបោះឆ្នោត ទើបលទ្ធផលបោះឆ្នោតនោះ អាចធ្វើឱ្យគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា។
លោក ថាច់ សេដ្ឋា៖«ទង្វើបែបនេះយើងមើលឃើញថា ហាក់ចាប់ផ្ដើមគំរាមកំហែងផ្នែកនយោបាយគណបក្សភ្លើងទៀនទៀតហើយដូច្នេះ ខ្ញុំយល់ថា ការចាប់ចង ឬក៏ដីកាក្នុងកាលៈទេសៈនេះមិនជាការត្រឹមត្រូវទេ ហើយក៏មិនបានធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតជាល្អប្រសើរដែរ»។
មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ សហគមន៍អន្តរជាតិបានទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងប្រជាធិបតេយ្យឱ្យបានល្អប្រសើរ។
ចំណែក អង្គការសង្គមស៊ីវិលចំនួន៣៣ស្ថាប័ន កាលពីចុងឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍រកឃើញថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការដែលជាមន្ត្រីរបស់គណបក្សនយោបាយ ពួកគេបានយកមុខងារ ឬតួនាទីរបស់ខ្លួនក្នុងស្ថាប័នរដ្ឋ ធ្វើទុក្ខបុកម្នេញលើគណបក្សដៃគូប្រកួតប្រជែងរបស់ខ្លួន ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
