គណបក្សបេះដូងជាតិ​ត្រៀម​ធ្វើ​សកម្មភាព​នយោបាយ​ពេល​មាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ

0:00 / 0:00

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក​ ឱ្យដឹងថា លោកបាន​ដាក់ពាក្យ​បំពេញ​បែបបទនិង​ស្នាមមេដៃ​អ្នកគាំទ្រ​គណបក្សលោក​ជាងបួនពាន់​នាក់ (៤.០០០) ​ទៅ​ក្រសួង​មហាផ្ទៃរួច​ហើយ​កាលពីថ្ងៃទី១៥ ខែកក្កដា។ លោកថា ពេលនេះ​លោក​នៅរង់ចាំ​តែការ​យល់ព្រម​ពី​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះបញ្ជី​ផ្លូវការ​ដើម្បី​អាច​ឱ្យ​គណបក្ស​របស់​លោក​ដំណើរ​ប៉ុណ្ណោះ។ លោក សៀម ភ្លុក សុំមិន​ទាន់​និយាយ​លម្អិត​ពីផែនការ​សកម្មភាព​គណបក្សបេះដូងជាតិ​នៅឡើយទេ​នៅពេល​នេះ៖ «យើង​ធ្វើសកម្មភាព​នយោបាយ​បាន​ក្រោយ​ពី​គណបក្ស​យើង​បាន​ចុះបញ្ជី​ហើយ ​ក្នុង​ដំណាក់កាល​យើង​សុំសិទ្ធិបង្កើត​គណបក្សនេះ​អត់ទាន់​មាន​សិទ្ធិពេញ​លេញ​ក្នុងការ​ធ្វើ​សកម្មភាព​នយោបាយ​ទេ»

ជុំវិញរឿង​នេះវិទ្យុអាស៊ីសេរី​មិនទាន់​អាច​សុំការ​បំភ្លឺ​ពីអ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ​នៅថ្ងៃទី២២ ខែកក្កដា​ ដោយប្រព័ន្ធទូរស័ព្ទ​របស់​លោក​មិន​ទទួល​ការ​ហៅ​ចូល។

រីឯអ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន និយាយ​ថា​ក្រសួង​មហាផ្ទៃ​ត្រូវ​ការ​ពេល​វេលា​មួយ​សមរម្យ​ដើម្បី​ពិនិត្យ​ករណី​នេះ​ឱ្យបាន​ច្បាស់​មុនឹង​សម្រេច​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​នេះ។លោកឱ្យដឹង​ថាប្រសិន​មេដឹកនាំ​គណបក្សនេះ​បាន​បំពេញ​បែបបទ​ត្រឹម​ត្រូវ និង​មិន​ជាប់​ទោស​ទណ្ឌនៅ​តុលាការ​ប្រហែល​ក្រសួង​មហាផ្ទៃ​មិន​ជំទាស់​សំណើ​សុំ​បើក​បក្ស​ថ្មី​នោះ​ឡើយ៖ « ខ្ញុំមិនដឹងទេ​សួរទៅ​ក្រសួង​ទៅ​ក្រសួង​មហាផ្ទៃ​គេ​អ្នក​ពិនិត្យ​ អ្នក​អី​សើរើ​ពាក់​ព័ន្ធ​តុលាការ​»

លោក​ សៀម ប្លុក​ កាល​ពី​ថ្ងៃ​ទី៩ ខែមិថុនា បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​បង្កើត​គណបក្ស «បេះដូង​ជាតិ» ដែល​ហៅ​កាត់​ថា (គ.ប.ជ) ដោយ​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​ ការ​បង្កើត​គណបក្ស​នយោបាយ។ លោក​ សៀម ប្លុក​ ដែល​ជា​អ្នក​ចូល​រួម​ការងារ​ក្នុង​សង្គម និង​ជា​អតីត​មន្រ្តី​គណបក្ស​ប្រឆាំងធ្លាប់​ប្រាប់​អាស៊ីសេរី​ថាគណបក្ស​លោក​មាន​គម្រោង​​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ២០២៣ ខាង​មុខ​នេះ។ ​

ពាក់ព័ន្ធ​នឹង​រឿង​បង្កើត​គណបក្ស​ថ្មី​នេះ​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំងដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ លោក​ ដួង ចន្ត្រា ឱ្យ​អាស៊ីសេរី​ដឹង​ថាអតីត​មន្ត្រីនិង​សកម្មជនគណបក្ស​ប្រឆាំង​ដែល​ទៅ​ចូលរួម​បង្កើត​គណបក្ស​បេះដូងជាតិ​ព្រោះ​អ្នក​ទាំង​នោះ​យល់​ថាគណបក្ស​សង្រ្គោះជាតិ​មិនអាច​ទៅចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២​និង​ឆ្នាំ​២០០២៣​បាន។ទោះយ៉ាង​ណា មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះអះអាង​ថា​លោក​នៅតែ​រង់ចាំ​វត្តមាន​គណបក្ស​សង្រ្គោះជាតិ៖ « យើង​មាន​បំណង​ឆន្ទៈ​តែមួយ​គត់​ គឺ​ទាមទារ​ឱ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ឡើង​វិញ»

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ​សង្កេត​ឃើញ​ថា​ការ​បន្ត​សុំសិទ្ធិ​ធ្វើ​នយោបាយឬការ​ចេញ​បើក​បក្សថ្មីរបស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ស្មើ​នឹង​ការ​បំពេញ​មុខមាត់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​លើឆាក​អន្តរជាតិ។លោកយល់​ថា​គណបក្ស​ថ្មីនេះ​ពិបាក​ក្នុង​ការ​ស្វែង​រក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋព្រោះការ​បោះឆ្នោត​នាពេល​ខាងមុខ​ព្រោះ​ពេល​វេលា​កាន់​តែ​ខ្លី​ការ​ខ្វះ​មធ្យោបា​ផ្សព្វផ្សាយការពង្រឹង​កម្លាំង​នៅ​មូលដ្ឋាន​រួមទាំង​ការធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ផង​នោះ៖ «មិនល្អអីទេ​ចង់​និយាយថា​ ដូចចាក់​ទឹក​ពាង​ចោល​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង​ព្រោះ​ចេញ​ទៅ​បង្កើត​បក្សថ្មី​បើគ្មាន​ការ​គាំទ្រ​ពី​សកម្មជន ឬ​ក៏​គណបក្ស​សង្គ្រោះជាតិ ឬ​លោក សម ​រង្ស៊ី ទេ ​ ពិបាក​នឹង​ទទួល​បាន​សំឡេង​គាំទ្រណាស់​នៅ​ពេល​អនាគត»

ក្រោយ​បក្សកាន់​អំណាច​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ២០១៧​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​សិទ្ធ​នឹង​លោក សម ​រង្ស៊ី និង​អ្នក​ស្និទ្ធ​នឹង​លោក ​កឹម ​សុខា ជាង​២០នាក់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​អ្នក​ខ្លះ​ក៏​ចេញ​ទៅ​បក្សបក្សថ្មី ដូចជា៖ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​កែ​ទម្រង់​កម្ពុជា ​គណបក្ស​ខ្មែរ​អភិរក្ស​និយម គណបក្ស​ឆន្ទៈ​ខ្មែរនិង​គណបក្ស​បេះដូងជាតិ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។