អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ចេញ​មុខ​បំភ្លឺ​រឿង​ផ្ទៃក្នុង​បក្ស​របស់​លោក ស ខេង មិន​ធ្វើ​ឱ្យ​គេ​ជឿជាក់​ឡើយ

អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​ចេញ​សារ​បំភ្លឺ​បង្ហាញ​ពី​ភាពរឹងមាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ស ខេង នៅ​ពេល​នេះ គ្រាន់តែ​ដើម្បី​បំពេញចិត្ត​លោក ហ៊ុន សែន ប៉ុណ្ណោះ ដោយសារ​លោក ហ៊ុន សែន បាន​ចេញ​សារ​ព្រមាន​ដ៏​កម្រ​ជាមុន ចំពោះ​អ្នក​ចង់​ធ្វើឃាត​កូនប្រុស​របស់​លោក ដើម្បី​ដណ្ដើម​យក​តំណែង​នាយករដ្ឋមន្ត្រី។

អ្នកវិភាគ និង​មន្ត្រី​គណបក្សប្រឆាំង​នៅតែ​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កើតមាន​ជម្លោះផ្ទៃក្នុង ហើយ​ជម្លោះ​នេះ ប្រែក្លាយ​កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់ពី​លោក ហ៊ុន សែន សម្រេច​តែឯង​ក្នុង​ការ​ចាត់ចែង​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យទៅ​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត ហើយ​មិន​បាន​ឆ្លងកាត់​ការ​ឯកភាព​នៅ​ក្នុង​បក្ស​ជាមុន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៥ សីហា​ថា ទោះបីជា​លោក ស ខេង ខំ​ចេញមុខ​ការពារ​បែប​ណា​ក៏​ដោយ ក៏​មិនអាច​បិទបាំង​ការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដែរ ពីព្រោះ​លោក ហ៊ុន សែន បាន​ប្រកាស​ផ្ទេរអំណាច​ទៅ​ឱ្យ​កូនប្រុស​ភ្លាមៗ ដោយ​មិន​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ឡើយ។ លោក​ចាត់ទុក​ថា នេះ​គឺជា​សកម្មភាព​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​មិន​អាច​រក​បាន​ចំណុចរួម ក្នុង​ការ​សម្រេច​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។

លោក គឹម សុខ៖ «ការ​ចេញ​មុខ​និយាយ​ការពារ​ការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន ដោយ​លោក ស ខេង អាច​ជា​រឿង​បង្ខំចិត្ត​ខ្លាំង​ណាស់ ដោយសារតែ​ភាគី​លោក ហ៊ុន សែន សង្កត់​មែនទែន ឬក៏​អាច​ជា​យុទ្ធសាស្ត្រ​ថ្នម​នយោបាយ​របស់​លោក ស ខេង ក្នុង​កាលៈទេសៈ​ដ៏​ច្របូកច្របល់​នេះ​។ ខ្លាច​ក្រុម​លោក ហ៊ុន ប្រើ​ល្បិច កម្ទេច​ក្រុម​របស់​គាត់ ក្នុង​ពេល​ហ្នឹង ឬក៏​ដោយសារ​មានការ​សម្របសម្រួល​គ្នា​លើ​តំណែង​ខ្លះ បន្ទាប់ពី​បង្កើត​រដ្ឋសភា​ខុសច្បាប់​ថ្មី និង​រដ្ឋាភិបាល​ខុសច្បាប់​ថ្មី​ហ្នឹង អាច​មាន​ការយល់ព្រម​ឱ្យ​លោក ស ខេង ទៅ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ជាដើម»។

ការ​លើក​ឡើង​របស់​អ្នកវិភាគ​រូប​នេះ គឺ​ក្រោយ​ពី​លោក ស ខេង ចេញ​សារ​ដ៏​កម្រ​មួយ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​៤ សីហា ដើម្បី​បដិសេធ​ថា គណបក្ស​របស់​លោក​បែក​បាក់​ផ្ទៃក្នុង​ធ្ងន់ធ្ងរ។ លោក ស ខេង ចាត់ទុក​ការ​លើកឡើង​ទាំងនោះ ជា​ឧបាយកល​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ស ខេង បន្ត​ថា ការ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ពី ៨២% នៃ​អត្រា​ពលរដ្ឋ​បាន​ទៅ​បោះឆ្នោត ៨៤% បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​សាមគ្គីភាព​រឹងមាំ​នៅឡើយ។

លោក ស ខេង បញ្ជាក់​ថា ក្នុងនាម​លោក​ជា​អនុប្រធាន​គណបក្ស គឺ​តែង​គោរព​និង​គាំទ្រ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជ្រើសតាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត និង​គោរព​តាម​ការសម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជ្រើសតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​។ ទន្ទឹម​គ្នា​នេះ លោក ស ខេង បាន​ប្រកាស​គាំទ្រ និង​សន្យា​ទំនុកបំរុង​ដល់​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន។

ទាក់ទង​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ចាត់​ទុក​ជា​រឿង​ចម្លែក​មួយ ព្រោះ​កន្លង​មក​លោក ស ខេង មិន​បាន​ចេញ​មុខ​ការពារ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​ភ្លាមៗ​ឡើយ បន្ទាប់ពី​ការប្រកាស​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​លោក ហ៊ុន សែន។ លោក​បន្ត​ថា ការ​ចេញ​មុខ​បកស្រាយ​របស់​លោក ស ខេង នេះ​ទើបតែ​មានការ​ព្រមាន​ជាមុន​ពី​លោក ហ៊ុន សែន ថា លោក​នឹង​វិល​មកកាន់​តំណែង​នាយករដ្ឋមន្ត្រី​វិញ ប្រសិនបើ​កូនប្រុស​របស់​លោក ត្រូវ​បាន​គេ​ធ្វើឃាត​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី។

លោក អ៊ុំ សំអាន៖ «ពី​មុន​មក នៅ​តាម​ក្រសួង មន្ទីរ ចេញ​លិខិត​គាំទ្រ​បេក្ខជន​លោក ហ៊ុន ម៉ាណែត ហ្នឹង ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ឆាប់ៗ​។ ក៏ប៉ុន្តែ​លោក ស ខេង លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ លោក សាយ ឈុំ ឬ​សម្ដេច ហេង សំរិន អត់​មាន​ឃើញ​ចេញ​លិខិត​គាំទ្រ​លោក ហ៊ុន ម៉ាណែត។ អ៊ីចឹង​!ជា​រឿង​មួយ​ចម្លែក»។

លោក អ៊ុំ សំអាន ថា ការណ៍​ដែល​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេដឹកនាំ​សំខាន់ៗ​ក្នុង​បក្ស​នាំគ្នា​លះបង់​អំណាច​ប្រគល់​ទៅ​ឱ្យ​អ្នក​ជំនាន់​ថ្មី​ធ្វើ​ជំនួស​នោះ ប៉ុន្តែ​លោក ហ៊ុន សែន ខ្លួន​ឯង​បែរជា​ប្រមូល​យក​អំណាច​បន្ថែម​មក​ក្ដោបក្ដាប់​ពេញដៃ បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​គ្មាន​គុណធម៌​ឡើយ ដោយសារ​នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ កម្ចាត់​អ្នក​នៅក្នុង​បក្ស​ជាមួយគ្នា​ផង និង​កម្ចាត់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ផង ដើម្បី​ប្លន់​យក​អំណាច​សម្រាប់​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ការ​មិន​បែងចែក​អំណាច​ឱ្យ​សមមិត្ត​ដែល​ធ្លាប់​រួម​អាវុធ​នៅក្នុង​បក្ស​ជាមួយគ្នា​បែបនេះ អាច​នឹង​ធ្វើ​ឱ្យ​ជម្លោះផ្ទៃក្នុង​បក្ស​លេចចេញ​ជា​រូបភាព រហូត​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រទេសជាតិ​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។