អ្នកវិភាគនិងមន្ត្រីគណបក្សប្រឆាំងយល់ឃើញថា ការចេញសារបំភ្លឺបង្ហាញពីភាពរឹងមាំគណបក្សប្រជាជនកម្ពុជារបស់លោក ស ខេង នៅពេលនេះ គ្រាន់តែដើម្បីបំពេញចិត្តលោក ហ៊ុន សែន ប៉ុណ្ណោះ ដោយសារលោក ហ៊ុន សែន បានចេញសារព្រមានដ៏កម្រជាមុន ចំពោះអ្នកចង់ធ្វើឃាតកូនប្រុសរបស់លោក ដើម្បីដណ្ដើមយកតំណែងនាយករដ្ឋមន្ត្រី។
អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងនៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងកើតមានជម្លោះផ្ទៃក្នុង ហើយជម្លោះនេះ ប្រែក្លាយកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីលោក ហ៊ុន សែន សម្រេចតែឯងក្នុងការចាត់ចែងប្រគល់តំណែងនាយករដ្ឋមន្ត្រីឱ្យទៅកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ហើយមិនបានឆ្លងកាត់ការឯកភាពនៅក្នុងបក្សជាមុន។
អ្នកវិភាគនយោបាយលោក គឹម សុខ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៥ សីហាថា ទោះបីជាលោក ស ខេង ខំចេញមុខការពារបែបណាក៏ដោយ ក៏មិនអាចបិទបាំងការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបានដែរ ពីព្រោះលោក ហ៊ុន សែន បានប្រកាសផ្ទេរអំណាចទៅឱ្យកូនប្រុសភ្លាមៗ ដោយមិនពិភាក្សាជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សឡើយ។ លោកចាត់ទុកថា នេះគឺជាសកម្មភាពបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតមិនអាចរកបានចំណុចរួម ក្នុងការសម្រេចលើកបន្តុបលោក ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក គឹម សុខ៖ «ការចេញមុខនិយាយការពារការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជន ដោយលោក ស ខេង អាចជារឿងបង្ខំចិត្តខ្លាំងណាស់ ដោយសារតែភាគីលោក ហ៊ុន សែន សង្កត់មែនទែន ឬក៏អាចជាយុទ្ធសាស្ត្រថ្នមនយោបាយរបស់លោក ស ខេង ក្នុងកាលៈទេសៈដ៏ច្របូកច្របល់នេះ។ ខ្លាចក្រុមលោក ហ៊ុន ប្រើល្បិច កម្ទេចក្រុមរបស់គាត់ ក្នុងពេលហ្នឹង ឬក៏ដោយសារមានការសម្របសម្រួលគ្នាលើតំណែងខ្លះ បន្ទាប់ពីបង្កើតរដ្ឋសភាខុសច្បាប់ថ្មី និងរដ្ឋាភិបាលខុសច្បាប់ថ្មីហ្នឹង អាចមានការយល់ព្រមឱ្យលោក ស ខេង ទៅធ្វើជាប្រធានរដ្ឋសភាជាដើម»។
ការលើកឡើងរបស់អ្នកវិភាគរូបនេះ គឺក្រោយពីលោក ស ខេង ចេញសារដ៏កម្រមួយបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៤ សីហា ដើម្បីបដិសេធថា គណបក្សរបស់លោកបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ។ លោក ស ខេង ចាត់ទុកការលើកឡើងទាំងនោះ ជាឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លោក ស ខេង បន្តថា ការទទួលបានសំឡេងឆ្នោតគាំទ្រពី ៨២% នៃអត្រាពលរដ្ឋបានទៅបោះឆ្នោត ៨៤% បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងមានសាមគ្គីភាពរឹងមាំនៅឡើយ។
លោក ស ខេង បញ្ជាក់ថា ក្នុងនាមលោកជាអនុប្រធានគណបក្ស គឺតែងគោរពនិងគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត និងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រីថ្មី។ ទន្ទឹមគ្នានេះ លោក ស ខេង បានប្រកាសគាំទ្រ និងសន្យាទំនុកបំរុងដល់លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន។
ទាក់ទងរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ចាត់ទុកជារឿងចម្លែកមួយ ព្រោះកន្លងមកលោក ស ខេង មិនបានចេញមុខការពារការបែកបាក់ផ្ទៃក្នុងបក្សភ្លាមៗឡើយ បន្ទាប់ពីការប្រកាសតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីលោក ហ៊ុន សែន។ លោកបន្តថា ការចេញមុខបកស្រាយរបស់លោក ស ខេង នេះទើបតែមានការព្រមានជាមុនពីលោក ហ៊ុន សែន ថា លោកនឹងវិលមកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ប្រសិនបើកូនប្រុសរបស់លោក ត្រូវបានគេធ្វើឃាតដណ្ដើមតំណែងនាយករដ្ឋមន្ត្រី។
លោក អ៊ុំ សំអាន៖ «ពីមុនមក នៅតាមក្រសួង មន្ទីរ ចេញលិខិតគាំទ្របេក្ខជនលោក ហ៊ុន ម៉ាណែត ហ្នឹង ក្លាយទៅជានាយករដ្ឋមន្ត្រីឆាប់ៗ។ ក៏ប៉ុន្តែលោក ស ខេង លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ លោក សាយ ឈុំ ឬសម្ដេច ហេង សំរិន អត់មានឃើញចេញលិខិតគាំទ្រលោក ហ៊ុន ម៉ាណែត។ អ៊ីចឹង!ជារឿងមួយចម្លែក»។
លោក អ៊ុំ សំអាន ថា ការណ៍ដែលលោក ហ៊ុន សែន ប្រកាសឱ្យមេដឹកនាំសំខាន់ៗក្នុងបក្សនាំគ្នាលះបង់អំណាចប្រគល់ទៅឱ្យអ្នកជំនាន់ថ្មីធ្វើជំនួសនោះ ប៉ុន្តែលោក ហ៊ុន សែន ខ្លួនឯងបែរជាប្រមូលយកអំណាចបន្ថែមមកក្ដោបក្ដាប់ពេញដៃ បង្ហាញថា លោក ហ៊ុន សែន ជាមេដឹកនាំគ្មានគុណធម៌ឡើយ ដោយសារនៅតែប្រើប្រាស់យុទ្ធសាស្ត្រ កម្ចាត់អ្នកនៅក្នុងបក្សជាមួយគ្នាផង និងកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងផង ដើម្បីប្លន់យកអំណាចសម្រាប់ប្រគល់ឱ្យក្រុមគ្រួសាររបស់លោក។ មន្ត្រីបក្សប្រឆាំងរូបនេះបន្ថែមថា ការមិនបែងចែកអំណាចឱ្យសមមិត្តដែលធ្លាប់រួមអាវុធនៅក្នុងបក្សជាមួយគ្នាបែបនេះ អាចនឹងធ្វើឱ្យជម្លោះផ្ទៃក្នុងបក្សលេចចេញជារូបភាព រហូតអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
