សកម្មជន​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ទិញ​ពាន​រង្វាន់​ក្លែងក្លាយ យក​ធ្វើ​នយោបាយ​ប្រជាភិថុតិ

0:00 / 0:00

សកម្មជន​គណក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​លុយ​ទិញ​ពានរង្វាន់​សន្តិភាព​«​ក្លែងក្លាយ​» ពី​អង្គ​ការដែល​គេ​មិនសូវ​ស្គាល់ឈ្មោះ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​យក​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​។ អ្នកឃ្លាំមើល​យល់ថា លោក ហ៊ុន សែន មិន​ទាន់​មាន​លទ្ធភាព​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ទេ។

មន្ត្រី​គណបក្សប្រឆាំង​នៅ​ប្រទេស​កូរ៉េខាងត្បូង យល់​ថា ស្ថាប័ន​ដែល​ប្រគល់​ពានរង្វាន់​សន្តិភាព​ឆ្នាំ​២០២២ ជូន​មេដឹកនាំ​កម្ពុជា អាច​ជា​ក្រុម​ឆបោក ដែល​រកស៊ី​មុខរបរ​បង្កើត​សមាគម ឬ​មូលនិធិ​ក្លែងក្លាយ ហើយ​ទាញ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ព្រោះថា សមាគម ឬ​រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​មិនអាច​ប្រគល់​ពានរង្វាន់​សន្តិភាព​ជូន​មេដឹកនាំ ក្នុង​ប្រទេស​ណា​ដែល​ផ្ដាច់ការ​នោះ​ទេ។

ប្រធាន​គណៈកម្មការ​នា​យក​នៃ​ចលនា​ប្រជាធិបតេយ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស សុខេម អះអាង​ថា តាម​កិត្តិស័ព្ទ​សព្វថ្ងៃ លោក ហ៊ុន សែន មានរឿង​អាស្រូវ​ជាង​ស្នាដៃ​ល្អៗ​។ ដូច្នេះ​លោក ហ៊ុន សែន មិនអាច​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បានទេ។ លោក​ជឿជាក់​ថា មានតែ​ក្រុម​រកស៊ី​បោកប្រាស់​ប៉ុណ្ណោះ ដែល​អាច​បង្កើត​មេដាយ ឬ​ពានរង្វាន់​ក្លែងក្លាយ លក់​ឲ្យ​ក្រុម​មេដឹកនាំ​ផ្ដាច់ការ៖ «ក៏ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​អង្គការ​ហ្នឹង​ពិតជា​តម្លាភាព​មែន សិក្សា​ស្រាវជ្រាវ​ឲ្យ​ច្បាស់ ថា សន្តិភាព ឬ​មិន​សន្តិភាព​នោះ អង្គការ​ហ្នឹង​មិន​អ៊ីចឹង​ចេញ​ឲ្យ​ទេ»។

ការ​លើកឡើង​នេះ ក្រោយ​ពេល​ដែល​អង្គការ​មិនសូវ​ល្បឺ​ឈ្មោះ​មួយទៀត ឈ្មោះ​មូលនិធិ​សន្ដិភាព​ស៊ុន​ហាក់ (Sunhak peace prize foundation) ដែល​ប្រកាស​ថា មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ២៩ មករា បាន​ប្រកាស​ផ្ដល់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២ ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រធាន​មូលនិធិ​ស៊ុន​ហាក់ លោក ថូម៉ាស វ៉ាលស៍ (Thomas G. Walsh) លើកឡើង តាម​លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ខែមករា ថា ការ​ផ្តល់​ពានរង្វាន់​សន្តិភាព​នេះ ដោយសារ​ច្រើន​ឆ្នាំ​មកនេះ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បាន​ល្អ និង​បាន​រួម​ចំណែក​ដល់​ការ​កសាង​សន្តិភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការ​លើកកម្ពស់​សន្តិភាព​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ការ​អំពាវនាវ​ឱ្យ​បង្កើត​សហភាព​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ ហើយ​ពានរង្វាន់​នេះ នឹង​ត្រូវ​ធ្វើ​ពិធី​ប្រគល់​ជូន លោក ហ៊ុន សែន នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី​១២ កុម្ភៈ។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ទិញ​លក់ ឬ​ស៊ុំ​គ្រលុំ​គ្នា ដើម្បី​ទទួល​បាន​ពានរង្វាន់​នេះ​ទេ។ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់​ថា អង្គការ សមាគម​អន្តរជាតិ​នានា បាន​មើលឃើញ​ពី​គុណ​តម្លៃ​របស់​មេដឹកនាំ​កម្ពុជា ទើប​គេ​ផ្ដល់​ពានរង្វាន់​សន្តិភាព ជា​កិត្តយស​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល៖ «( ពានរង្វាន់​ ) វា​ជា​យុត្តិធម៌​សម្រាប់​សម្ដេច (​ ហ៊ុន សែន​ )​ ។ រីឯ​ការ​ឆ្លង​ឆ្លើយ​របស់​បក្ស​ប្រឆាំង អាហ្នឹង​ជា​រឿង​ធម្មតា ព្រោះ​គាត់​មិន​ដែល​ឃើញ​អ្វី​ដែល​គាត់​ប្រឆាំង​ហ្នឹង មាន​ភាព​វិជ្ជមាន​អ្វី​ទេ​។ អាហ្នឹង យើង​មិន​ចាប់អារម្មណ៍​ទេ​ណា​។ ប៉ុន្តែ​ការ​ឡើង (​ ប្រគល់​ពាន​ ) ជា​ការ​ផ្ដល់​កិត្តិយស​មួយ យ៉ាងហោចណាស់ ជា​កិត្តិយស​សម្រាប់​ខ្មែរ​ដែរ​។ វា​មិនមែន​គ្រាន់​ជា​កិត្តិយស​សម្រាប់​បុគ្គល​ទេ​។ (​ ខ្មែរ​ ) ទាំងអស់គ្នា ជា​កិត្តិយស​ទាំងអស់»។

ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកឃ្លាំមើល មិន​ជឿ​ថា អង្គការ ឬ​មូលនិធិ​អន្តរជាតិ ឬក៏​រដ្ឋាភិបាល​លោក​សេរី ព្រម​ប្រគល់​ពានរង្វាន់​កិត្តិយស​ណាមួយ​ឲ្យ​មេដឹកនាំ​កម្ពុជា​នោះ​ទេ ព្រោះថា សហគមន៍​អន្តរជាតិ កំពុង​រិះគន់ និង​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​មក​រក​គោលការណ៍​គោរព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​វិញ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អា​ឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) សង្កេត​ឃើញ​ថា មេដឹកនាំ​ផ្ដាច់ការ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាមេរិក​ឡាទីន ទ្វីបអាហ្វ្រិក និង​ទ្វីបអាស៊ី ចូលចិត្ត​ទិញ​ពានរង្វាន់​ក្លែងក្លាយ​ពី​ក្រុម​ឆបោក ដើម្បី​យក​មក​លួង​ចិត្ត​ខ្លួនឯង និង​យក​មក​ឃោសនា​បោកប្រាស់​ពលរដ្ឋ។

លោក​ពន្យល់​ថា ក្រុម​អ្នក​រកស៊ី​បោកប្រាស់​បាន​បង្កើត​ពាន​ក្លែងក្លាយ​នេះ ច្រើន​ប្រភេទ​ណាស់ ក្រោម​ឈ្មោះ និង​រូបភាព​ផ្សេងៗ​គ្នា ដើម្បី​យក​មក​លក់​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ពិតប្រាកដ​។ លោក អាឡិក បន្តទៀត​ថា មេដឹកនាំ​ផ្ដាច់ការ អាច​ប្រើ​ពានរង្វាន់​ក្លែងក្លាយ​នេះ បោកប្រាស់​បានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ​។ តែ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​លោក​សេរី ឬ​អ្នក​មាន​ចំណេះដឹង​ជ្រៅជ្រះ នោះ​គេ​នឹង​មិន​ឲ្យ​តម្លៃ​លើ​ពានរង្វាន់​ក្លែងក្លាយ​បែបនេះ​ទេ៖ «លោក ហ៊ុន សែន បើសិនជា​គាត់​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ មិន​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​ហ្នឹង គឺ​អត់​មាន​សង្ឃឹម​ទេ​។ មិនអាច​ទទួល​ពាន​រង្វាន់​បែប​ល្អ​ត្រឹមត្រូវ​បានទេ​។ មានតែ​ប៉ុណ្ណឹង មានតែ​រង្វាន់​ដែល​គាត់​ទិញ ឬក៏​គាត់​ឃុបឃិត​ជាមួយគ្នា ដើម្បី​ទទួល​ហ្នឹង»។

ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​ពានរង្វាន់ ប័ណ្ណសរសើរ មេដាយ គោរមងារ និង​សញ្ញាប័ត្រ​កិត្តិយស ជាង​២០​ហើយ ពី​សកល​វិទ្យាល័យ ស្ថាប័នឯកជន និង អង្គការ​មួយចំនួន ដែល​ពិភពលោក​មិនសូវ​ស្គាល់ និង​មិនសូវ​ឲ្យ​តម្លៃ​។ សញ្ញាប័ត្រ​កិត្តិយស​ភាគច្រើន ដែល​លោក ហ៊ុន សែន ទទួល​បានជា​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។ ចំណែក​ពានរង្វាន់​ដែល​លោក​ហ៊ុន សែន ទទួល​បាន​វិញ ភាគច្រើន​ឈ្មោះថា ពានរង្វាន់​សន្តិភាព ពានរង្វាន់​លើកស្ទួយ​ពិភពលោក ពានរង្វាន់​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ ឬ ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​។ ពានរង្វាន់​ខ្លះ សម្រាប់​ប្រគល់​ជូន​មេដឹកនាំ​រដ្ឋាភិបាល​រូប​ណា ដែល​បាន​កាន់អំណាច​យូរ​ជាងគេ និង​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​រំលោភសិទ្ធិ​មនុស្ស។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ល្បី​ខាង​រំលោភសិទ្ធិ​មនុស្ស យក​មាត់​ជា​ច្បាប់ ប្រើ​ភាសា​ជេរប្រមាថ គំរាមកំហែង ហិង្សានិយម និង​ហ៊ាន​ធ្វើ​អ្វីៗ គ្រប់យ៉ាង​ដើម្បី​តែ​អំណាច​របស់​ខ្លួន។ ស្នាដៃ​លេចធ្លោ និង​កក្រើក​ពេញ​ពិភពលោក​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ការ​បើក​យុទ្ធនា​ការ​កម្ទេច​បក្ស​ប្រឆាំង ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែមួយគត់​នៅ​កម្ពុជា និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ឈប់ឈរ​រហូត មក​ទល់​ពេល​នេះ​។ ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ បាន​បណ្តាល​ឲ្យ​ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ប្រទេស​ប្រជាធិបតេយ្យ ថ្កោលទោស​ជា​បន្តបន្ទាប់ និង​ថែមទាំង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ផង​ដែរ៕

ក ហ៊ុន សែន ទិញ​ពាន​រង្វាន់​ក្លែងក្លាយ យក​ធ្វើ​នយោបាយ​ប្រជាភិថុតិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។