មេធាវីលោក កឹម សុខា ពិចារណាស្នើសុំឲ្យរដ្ឋបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា មកបំភ្លឺនៅតុលាការ
2022.03.30

ក្រុមមេធាវីការពារក្ដីឲ្យប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា ពួកគេកំពុងពិចារណាក្នុងការស្នើសុំតុលាការឱ្យកោះហៅរដ្ឋបរទេសមួយចំនួនដែលរដ្ឋាភិបាលចោទប្រកាន់ថា បានឃុបឃិតជាមួយលោក កឹម សុខា ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលមកបំភ្លឺ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលសវនាការនេះយល់ថា តុលាការគួរមានភាពក្លាហានឲ្យរដ្ឋបរទេសទាំងនោះមកបញ្ជាក់ការពិត ឬតទល់គ្នានៅក្នុងតុលាការ។
រដ្ឋបរទេសដែលក្រុមមេធាវីការពារក្ដីលោក កឹម សុខា ចង់ឲ្យមកបំភ្លឺនៅតុលាការនោះរួមមាន សហរដ្ឋអាមេរិក (United States) សហភាពអឺរ៉ុប (UE) ប្រទេសអាល្លឺម៉ង់ (Germany) និងអង្គការអន្តរជាតិមួយចំនួនទៀត។ រដ្ឋទាំងនោះហើយ ដែលពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា តាមការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០១៧។
សហមេធាវីការពារសិទ្ធិលោក កឹម សុខា គឺលោក ផែង ហេង ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់សវនាការថា ដំណើរក្ដីរឿងលោក កឹម សុខា នាពេលកន្លងមក ត្រូវបានមេធាវីរដ្ឋាភិបាលចៅក្រមស៊ើបសួរ និងតំណាងអយ្យការចោទសួរពីទំនាក់ទំនងរបស់លោក កឹម សុខា ជាមួយនឹងរដ្ឋបរទេសទាំងនោះ។ លោកបន្តថា ក្រុមមេធាវី នឹងពិនិត្យលើករណីនេះ ថាតើគួរហៅសាក្សីនៃប្រទេសទាំងនោះជាសាក្សីចាំបាច់ណាមួយដើម្បីមកបំភ្លឺការពិតដែរឬទេ។ ទោះជាបែបនេះក្តី លោកមេធាវី មិនទាន់បញ្ជាក់ពេលវេលាជាក់លាក់ក្នុងការស្នើសុំរដ្ឋបរទេសទាំងនោះមកធ្វើសាក្សីក្នុងតុលាការនៅឡើយទេ ដោយត្រូវរង់ចាំនីតិវិធីរបស់តុលាការសិន៖ «ឃើញពាក់ព័ន្ធនឹងបរទេសច្រើននាក់ អ៊ីចឹងហើយយើងនឹងពិនិត្យមើលថា តើគួរឲ្យហៅសាក្សីចាំបាច់ណាខ្លះដើម្បីបង្ហាញការពិតទៅលើសំណុំរឿង ឯកឧត្តម កឹម សុខានេះ។ យើងចាំមើលនីតិវិធីដើរទៅចុងក្រោយដោយសារចៅក្រមគាត់ចែកកម្មវិធី អ៊ីចឹងដំណាក់កាលណាចាំបាច់ដែលយើងត្រូវស្នើសុំ»។
ទាក់ទងការលើកឡើងរបស់មេធាវីលោក កឹម សុខា បែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៣០ ខែមីនា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា ការសម្រេចកៅហោះសាក្សី និងភាគីពាក់ព័ន្ធណាមួយជាឆន្ទានុសិទ្ធិរបស់តុលាការ។
ទាក់ទងរឿងនេះដែរ មេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្តឹង គឺលោក គី តិច ធ្លាប់លើកឡើងថា មានប្រទេសចំនួន៩ ដែលពាក់ព័ន្ធ នឹងលោក កឹម សុខា ក្នុងនោះ រួមមាន ប្រទេសឥណ្ឌូណេស៊ី (Indonesia) យូហ្គោស្លាវី (Yugoslavia) ស៊ែប៊ី (Serbia) អូស្ត្រាលី (Australia) អាមេរិក (USA) កាណាដា (Canada) សហភាពអឺរ៉ុប (EU) តៃវ៉ាន់ (Taiwan) និងឥណ្ឌា (India)។
ជុំវិញសវនាការលោក កឹម សុខា ថ្ងៃទី៣០ ខែមីនា គឺដូចសព្វដងដែរ តុលាការបានបើកសវនាការជំនុំជម្រះក្ដីលោក កឹម សុខា តែកន្លះថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ទោះក្រុមមេធាវីលោក កឹម សុខា ស្នើសុំបន្ថែមថ្ងៃជំនុំជម្រះក្ដី។ សវនាការលើកទី៣៥នេះ តំណាងអយ្យការបានសួរសំនួរដដែលៗដែលបានធ្លាប់សួរក្នុងសវនាការនាពេលកន្លងទៅរួចហើយ ដែលជាសំនួរទាក់ទងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ និងការធ្វើសកម្មភាពនយោបាយរបស់លោក កឹម សុខា។
មន្រ្តីឃ្លាំមើលជាន់ខ្ពស់ និងជាជំនួយការមេធាវីនៃសមាគមអាដហុកលោក យី សុខសាន្ត ដែលបានចូលឃ្លាំមើលតុលាការ យល់ថា តំណាងអយ្យការហាក់មានចេតនា អូសបន្លាយ ពេលវេលានៃសវនាការនេះ កាន់តែយូរថែមទៀត។ មន្រ្តីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ការចោទប្រកាន់ថា លោក កឹម សុខា បានឃុបឃិតជាមួយរដ្ឋបរទេស ភាគច្រើន គឺមានតែរូបថត ដែលលោកយល់ថា ជាភស្តុតាងមិនរឹងមាំ។ លោកបន្តថា ដើម្បីជម្រះមន្ទិលនេះ តុលាការគួរអនុញ្ញាតឲ្យរដ្ឋបរទេសដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះមកឆ្លើយបំភ្លឺ៖ «តុលាការត្រូវមានឆន្ទៈឬភាពក្លាហានដើម្បីអញ្ជើញមកឲ្យពួកគាត់(រដ្ឋបរទេស) និយាយតទល់គ្នានៅចំពោះមុខច្បាប់ដើម្បីរកភាពស្អាតសំឲ្យជនរងគ្រោះ ឬក៏ភស្តុតាងដាក់បន្ទុកដើម្បីឲ្យគាត់សិនគាត់ខុសឲ្យខុសតាមផ្លូវច្បាប់ ឲ្យខុសមានឯកសារត្រឹមត្រូវ»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនកាលពីឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ឬសន្និដ្ឋិភាពជាមួយបរទេស និងបានហាមឃាត់មិនឲ្យធ្វើនយោបាយ និងចេញក្រៅប្រទេស។ ជាង៤ឆ្នាំនៃការចោទប្រកាន់នេះ តុលាការមិនទាន់រកឃើញថា លោកមានទោស ឬគ្មានទោសនៅឡើយទេ ហើយក៏មិនទាន់កោះហៅរដ្ឋបរទេសណាមួយមកឆ្លើយបំភ្លឺដែរ។
ក្រុមមន្រ្តីសង្គមស៊ីវិលដែលតាមដានឃ្លាំមើលសវនាការលោក កឹម សុខា តែងលើកឡើងដូចៗគ្នាថា សំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ ដូច្នេះអ្នកនយោបាយ គឺជាអ្នកដោះស្រាយបញ្ហានេះតាមផ្លូវនយោបាយ។ កាលពីថ្ងៃទី២៩ ខែមីនា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា លំហរសិទ្ធិពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយដោយសារតែការគ្រប់គ្រងបែបឯកបក្ស។ លោកថា ការណ៍នេះ បង្កឱ្យមានការព្រួយបារម្ភ ជាពិសេសក្នុងពេលដែលកម្ពុជាជិតបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ខាងមុខនេះ។
កម្ពុជាបន្តជាប់លេខបាតតារាង ថាជាប្រទេសគ្មាននីតិរដ្ឋ។ កាលពីឆ្នាំ២០២១ កម្ពុជាជាប់លេខជិតចុងប៉ូចគេ គឺ ១៣៨ លើ ១៣៩ ប្រទេស ក្នុងរបាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP)។ តុលាការគ្រោងបន្តសវនាការ លោក កឹម សុខា នៅសប្ដាហ៍ក្រោយដែលត្រូវនឹងថ្ងៃទី៦ ខែមេសា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។