មេដឹកនាំ​បក្ស​ប្រឆាំង​ ចោទ​រដ្ឋាភិបាល​លាក់បាំង​បញ្ហា​បំណុល​

ដោយ យ៉ង ចាន់តារា
2023.02.05
Share on WhatsApp
Share on WhatsApp
មេដឹកនាំ​បក្ស​ប្រឆាំង​ ចោទ​រដ្ឋាភិបាល​លាក់បាំង​បញ្ហា​បំណុល​ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
Photo: RFA

មេដឹកនាំ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ កំពុង​លាក់បាំង​អំពើ​ពុករលួយ​ និង​ទិន្នន័យ​ពិត​ប្រាកដ​នៃ​បំណុល​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​​នៃ​ភាព​ក្រីក្រ​។ អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បំណុល​សាធារណៈ​មិន​ទាន់​ធ្លាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​តែ​បំណុល​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី លើកឡើង​ថា​ បញ្ហា​បំណុល​នៅ​កម្ពុជា​ នឹង​បង្ក​ជា​បញ្ហា​នៅ​ពេល​អនាគត​ ដោយសារ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន លាក់​បាំង​ពី​តួលេខ​បំណុល​សាធារណៈ​ ដែល​បន្ទុក​ការ​សង​បំណុល​ទាំងនោះ​ នឹង​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ តាម​រយៈ​ការ​កិបកេង​បំណុល​សាធារណៈ​។ លោក​បន្តថា​ កម្ពុជា​កំពុង​មាន​វិបត្តិ​បំណុល​ចំនួន​ពីរ​ គឺ​បំណុល​សាធារណៈ​ ដែល​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​កិបកេង​ និង​វិបត្តិ​បំណុល​ឯកជន​ ជំពាក់​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ កំពុង​ជាប់​ផុង​ក្នុង​បំណុល​ធនាគារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​បំណុល​ទាំងនេះ​មាន​ចំនួន​ច្រើន​ជាង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ទៀត​៖

«រដ្ឋាភិបាល​លោក​ ហ៊ុន សែន គាត់​លាក់​បំណុល​ច្រើន​ណាស់​ បំណុល​របស់​រដ្ឋ​ជំពាក់​បរទេស​គឺ​ច្រើនៗ​មែនទែន ​អាហ្នឹង​ជា​វិបត្តិ​ទីមួយ​។ ហើយ​វិបត្តិ​ទី​ពីរ​ គឺ​បំណុល​របស់​ប្រជាពលរដ្ឋ​ គឺ​បំណុល​ឯកជន​ គឺ​ច្រើន​លើស​គេ​ក្នុង​ពិភពលោក ​ដូច​ខ្ញុំ​និយាយ​អម្បាញ់ម៉ិញ​ គ្មាន​ពលរដ្ឋ​ណា​ជំពាក់​លុយ​គេ​ច្រើន​ជាង​គេ​ ដូច​ពលរដ្ឋ​ខ្មែរ​ក្រោម​របប​ហ៊ុន សែន ហ្នឹងទេ»

ការ​លើកឡើង​របស់​មន្ត្រី​អតីត​ក្រសួង​សេដ្ឋកិច្ច​រូបនេះ​ គឺ​ស្រប​គ្នា​ទៅ​នឹង​របាយការណ៍​ របស់​អង្គការ​តម្លាភាព​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង​ ៩ពាន់​លាន​ដុល្លារ​អាមេរិក​។ នៅ​ក្នុង​នោះ​កម្ពុជា​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង​ ៤២ភាគរយ ដែល​ជា​ចំនួន​ខ្ពស់​ជាង​គេ​ នៃ​បំណុល​កម្ពុជា​បាន​ខ្ចី​ប្រទេស​ដទៃ​ទៀត​ ហើយ​បំណុល​ទាំងនេះ​រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ចរចារ​ដោះស្រាយ​ត្រឹមតែ​ក្នុង​ទំហំ​ ៦ភាគរយ ប៉ុណ្ណោះ​។

វិទ្យុ​អាស៊ីសេរី​ មិនអាច​ទាក់ទង​រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក វង្សី វិស្សុត ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៤​ ខែកុម្ភៈ។​

ប៉ុន្តែ លោក វង្សី វិស្សុត បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ កាល​ពី​ថ្ងៃទី​២៥ ខែមករា ថា កម្ពុជា​នៅ​បន្ត​រក្សា​ស្ថិរភាព​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​បាន​ល្អ​ប្រសើរ​ ហើយ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​បច្ចុប្បន្ន​ មាន​ប្រមាណ​ជាង​១០ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​៣៤ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ កម្ពុជា​នៅ​មិន​ទាន់​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​បំណុល​វ័ណ្ឌក​នៅ​ឡើយ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​តិច​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ លើកលែង​តែ​ប្រទេស​ប្រ៊ុយណេ​។ លោក ​វង្សី វិស្សុត អះអាង​ទៀត​ថា​ កម្ពុជា​មាន​បំណុល​ឯកជន​ក្នុង​ប្រព័ន្ធ​ធនាគារ​ចំនួន​ ៥៦ពាន់​លាន​ដុល្លារ ​(៥៦,) ឬ​ស្មើ​ ១៨០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP) លោក​ថា ​អត្រា​នេះ​ គឺ​ជា​តួ​លេខ​មួយ​ខ្ពស់​ជាង​ធម្មតា​សម្រាប់​ការ​កំណត់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា​ ដែល​ត្រូវ​មាន​បំណុល​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​ធនាគារ​ប្រមាណ​ ៧០ភាគរយ​នៃGDP

ទោះ​ជា​យ៉ាងនេះ​ អ្នក​តាមដាន​សេដ្ឋកិច្ច​នៅ​តែ​ព្រមាន​ថា​ បើ​កម្ពុជា​រក​បាន​ ៧០ ហើយ​ចាយ​ ១០០ នោះ​បំណុល​បរទេស​ដែល​រដ្ឋាភិបាល​ជំពាក់​នឹង​បន្ត​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ស្របពេល​ដែល​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំ​កាន់​តែ​ច្រើន​ឡើង​។ ទន្ទឹម​នឹង​នេះ​ អ្នក​តាមដាន​សេដ្ឋកិច្ច​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ គួរ​តែ​ប្រើប្រាស់​ថវិកា​ជាតិ​ដោយ​ប្រុងប្រយ័ត្ន​ ដើម្បី​ធានា​បាន​នូវ​លំនឹង​សេដ្ឋកិច្ច​ និង​ទប់ទល់​កំណើន​អតិផរណា​ ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​សកល​ ព្រោះ​កម្ពុជា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ លោក ចាន់ សុផល មាន​ប្រសាសន៍​ថា​ បំណុល​សាធារណៈ​របស់​កម្ពុជា​នៅ​មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ​ តែ​បំណុល​ឯកជន​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ ពី​ព្រោះ​បំណុល​នេះ​មាន​ចំនួន​ច្រើន​ ហើយ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ​។ លោក​យល់ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​បង្កើត​ឱកាស​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកប​ការងារ​អាជីវកម្ម​ផ្សេងៗ​ ដើម្បី​មាន​លទ្ធភាព​សង​បំណុល​ទាំងនោះ​ និង​ផ្ដល់​ជំនួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាដើម​៖

«ជា​ធម្មតា​ខ្ចី​គេ​មក​ត្រូវ​តែ​មាន​មុខ​សញ្ញា​ចំណាយ​ឱ្យ​បាន​ច្បាស់លាស់​ ជា​ពិសេស​គឺ​ការ​វិនិយោគ​ដើម្បី​បង្កើត​ជា​ចំណូល​ជាតិ​ ចំណូល​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត​»

របាយការណ៍​វាយ​តម្លៃ​ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​២០២២​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បង្ហាញ​ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ ៥,២ភាគរយ និង​ព្យាករណ៍​ថា ​អាច​កើន​ឡើង​ដល់​ ,៦ភាគរយ​នៅ​ឆ្នាំ​២០២៣​។​  ប៉ុន្តែ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ (World Bank) ផ្សាយ​កាល​ពី​ចុងឆ្នាំ​២០២២​ ព្យាករណ៍​ថា ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​ ,៨ភាគរយ​ក្នុង​ឆ្នាំ២០២២​ ខណៈ​ក្នុង​ឆ្នាំ២០២៣​ វិញ ធនាគារ​ពិភពលោក​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួលបាន​ ,២ភាគរយ​។​ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយនេះ​ព្រមាន​ថា​ បើ​ទោះ​ជា​មាន​កំណើន​នេះ​ក៏​ដោយ​ ក៏​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​វិវត្ត​សភាពការណ៍​ក្រៅ​ព្រំដែន​របស់​កម្ពុជា​។

អ្នក​តាមដាន​ស្ថានការណ៍​ មើលឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ខ្វះ​តម្លាភាព​ និង​គណនេយ្យភាព​ក្នុង​ការ​បែងចែក​ និង​ប្រើប្រាស់​ប្រាក់​កម្ចី​សាធារណៈ​ ហើយ​តួ​លេខ​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បង្ហាញ​នោះ​ មិន​ស៊ី​គ្នា​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សង្គមស៊ីវិល​ឡើយ​។ ពួកគេ​បារម្ភថា​ កម្ពុជា​កាន់​តែ​ផុង​ខ្លួន​នឹង​បំណុល​បរទេស​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​មិន​ច្បាស់លាស់​ និង​អំពើ​ពុករលួយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។