ពលរដ្ឋខ្មែរនៅក្រៅប្រទេស បាននាំគ្នាងើបផុលផុសឡើងធ្វើបាតុកម្មប្រឆាំងថ្ងៃ៧មករា ដែលរបបលោក ហ៊ុន សែន អះអាងថា ជាថ្ងៃត្រូវដឹងគុណវៀតណាម សង្គ្រោះកម្ពុជាចេញពីរបបខ្មែរក្រហម តែក្រុមបញ្ញវន្ត និងពលរដ្ឋខ្មែរនៅក្រៅប្រទេសអះអាងថា ថ្ងៃ៧ មករានេះ ជាថ្ងៃវៀតណាមឈ្លានពាន និងឈានទៅគ្រប់គ្រងកម្ពុជាទាំងស្រុងនៅពេលអនាគតមិនខាន។
អ្នកវិភាគលើកឡើងថា បើសិនជាពលរដ្ឋខ្មែរមិននាំគ្នាជួយសង្គ្រោះប្រទេសកម្ពុជា ចេញពីរបបលោក ហ៊ុន សែន ទាន់ពេលវេលាទេនោះ កម្ពុជានឹងក្លាយជាប្រទេសនៅក្រោមការត្រួតត្រារបស់កុម្មុយនិស្តវៀតណាមផ្ដាច់មុខ។
អ្នកវិភាគនយោបាយលើកឡើងថា ការងើបធ្វើបាតុកម្មប្រឆាំងនឹងថ្ងៃ៧មករា របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការត្រឹមត្រូវ ដើម្បីជួយសង្គ្រោះកម្ពុជា ឲ្យរួចផុតពីនឹមត្រួតត្រារបស់វៀតណាម និងកុំឲ្យកម្ពុជាក្លាយទៅជាកម្ពុជាក្រោមទី២ ដែលត្រួតត្រាទាំងស្រុងដោយអាជ្ញាធរវៀតណាម។
លោក គឹម សុខ មានប្រសាសន៍ថា ការផុលផុសឡើងរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ងើបឈរឡើងប្រឆាំងនឹងថ្ងៃ៧មករា នេះ ដោយសារតែពួកគាត់បានរស់នៅឆ្លងកាត់ជាច្រើនជំនាន់ និងមានការយល់ដឹងច្បាស់អំពីប្រវត្តិពិតរបស់កម្ពុជា គឺមិនមែន ដូចការឃោសនារបស់របបក្រុងភ្នំពេញដែលអំពាវនាវនិងជំរុញឲ្យពលរដ្ឋខ្មែរត្រូវដឹងគុណវៀតណាមនោះទេ។ លោកបញ្ជាក់ថា ប្រវត្តិសាស្ត្រពិតបានកត់ត្រាថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីកម្ពុជា មិនមែនជាថ្ងៃដែលវៀតណាមមកសង្គ្រោះកម្ពុជា ដូចដែលរបបលោក ហ៊ុន សែន កំពុងតែបន្លំប្រវត្តិសាស្ត្រពិតនេះទេ៖ «ការងើបឡើងនេះ ដោយសារពលរដ្ឋខ្មែរនៅបរទេសបារម្ភពីមរណភាពរបស់ប្រទេសជាតិ ដែលមេដឹកនាំដឹកនាំប្រទេសបន្តពីរបបខ្មែរក្រហមដែលលោកបន្តុបដោយវៀតណាម ហើយវៀតណាមធ្វើភាវូបនីយកម្មកម្ពុជា គឺធ្វើឲ្យកម្ពុជាទៅជាវៀតណាម»។
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងនៅស្របពេលពលរដ្ឋខ្មែរនៅក្រៅប្រទេស មាននៅអូស្ត្រាលី និងនៅរដ្ឋផ្សេងៗទៀតនៃសហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងថ្ងៃ៧មករានេះ ជាបន្តបន្ទាប់គ្នា។ ពលរដ្ឋខ្មែរអូស្ត្រាលី បានធ្វើបាតុកម្មប្រឆាំងថ្ងៃទី៧ មករានេះ កាលពីថ្ងៃទី៥ មករា ហើយអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់កុំវង្វេងថា ថ្ងៃនេះ ជាថ្ងៃដែលត្រូវដឹងគុណវៀតណាម ដូចដែលរបបលោក ហ៊ុន សែន កំពុងតែឃោសនាថា ជាថ្ងៃដែលជួយរំដោះជាតិកម្ពុជានោះ។
កាលពីរសៀលថ្ងៃទី៦ មករា ពលរដ្ឋខ្មែរ តំណាងពលរដ្ឋខ្មែរប្រចាំនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វីនីញ៉ា លោក ចៅ វាសនា បញ្ជាក់ថា ពលរដ្ឋខ្មែរអាមេរិក មិនអាចនៅស្ងៀម បណ្ដោយឲ្យរបបលោក ហ៊ុន សែន ធ្វើអ្វីៗបានស្រេចតែចិត្តនោះទេ។ លោកបញ្ជាក់ថា អ្វីដែលពលរដ្ឋខ្មែរកាន់តែឈឺចាប់ និងមិនទទួលយកបាននូវទង្វើដ៏ខុសឆ្គងកាន់តែខ្លាំងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រឲ្យទទួលស្គាល់ព្រឹត្តិការណ៍ក្លែងក្លាយ៣ ទៅជាពិធីបុណ្យជាតិ៖ «ខ្ញុំមានជំនឿថា នៅពេលខាងមុខ នៅពេលហ៊ុន សែន អស់អំណាច រដ្ឋាភិបាល និងគណបក្សថ្មីដឹកនាំប្រទេសនិងសើរើអំពីរបបកាប់សម្លាប់របស់ ហ៊ុន សែន»។
ព្រឹត្តិបត្រដំណឹងថ្មីរបស់រដ្ឋាភិបាលវៀតណាម បាវមឺយ (baimoi) ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះសរសេរថា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី ទើបទ្រង់យល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមានថ្ងៃបុណ្យសំខាន់បីនៅកម្ពុជា។ ទី១ ទទួលស្គាល់ថ្ងៃ២១ មិថុនា ឆ្នាំ១៩៧៨ ថាជាទិវាដែលលោក ហ៊ុន សែន បានទៅសុំអោយវៀតណាម អោយមកជួយកម្ពុជា។ ទី២ អោយទទួលស្គាល់ថ្ងៃ៧មករា ១៩៧៩ ថាជាថ្ងៃបុណ្យ ដែលវៀតណាមចូលរំដោះប្រជារាស្ត្រខ្មែរចេញពីរបប ប៉ុល ពត ហើយថា គឺជាស្នាដៃកងទ័ពវៀតណាម សហការជាមួយកងទ័ពខ្មែរ។ ទី៣ ទទួលស្គាល់ថ្ងៃ២៩ ធ្នូ ១៩៩៩ ថាជាទិវាឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ។ ព្រឹត្តិបត្របន្តថា ទិវាបីដែលនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រខ្មែរទទួលយល់ព្រមថា ជាទិវាបុណ្យដ៏សំខាន់នេះ វាជាមោទនភាពមួយសម្រាប់ប្រទេសវៀតណាម ដ្បិតវាជាតឹកតាងបង្ហាញថា សហគមន៍អន្តរជាតិ និងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ទទួលស្គាល់យ៉ាងពេញទំហឹង នូវភាពស្របច្បាប់ ចំពោះការដែលប្រទេសវៀតណាមបញ្ជូនកងទ័ពមកប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩ ហើយនិងនៅជួយប្រទេសនេះ១០ ឆ្នាំបន្តទៀត។
គណបក្សប្រជាជនកម្ពុជា ប្រារព្ធអបអរ ថ្ងៃ៧មករាលើកទី៤០ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថ្ងៃជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីគ្រោះមរណ:នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទាន់ពេលវេលា និងធ្វើឲ្យខ្មែរមានការបង្រួបបង្រួមជាតិ។
ទោះបីជាយ៉ាងនេះក្ដី លោក គឹម សុខ អះអាងថា វៀតណាមគ្មានជួយអ្វីដល់កម្ពុជាឡើយ ក្រៅពីមកឈ្លានពានកម្ពុជានោះ វៀតណាមមកបំផ្លាញធនធានធម្មជាតិខ្មែរ លំហូរជនជាតិវៀតណាមមកកម្ពុជាកាន់តែច្រើននិងមានអត្តសញ្ញាប័ណ្ណខ្មែរ ដោយសារមន្ត្រីពុករលួយមួយចំនួន។ លោក គឹម សុខ ព្រួយបារម្ភថា នៅពេលអនាគតកម្ពុជា នឹងត្រូវបានអាជ្ញាធរវៀតណាមគ្រប់គ្រងជាមិនខាន។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែរដែលប្រឆាំងនឹងថ្ងៃ៧មករានេះ មិនមែនតែពលរដ្ឋនៅក្រៅប្រទេសទេ ពលរដ្ឋនៅក្នុងប្រទេសភាគច្រើនក៏មិនទទួលស្គាល់ថ្ងៃ៧មករានេះដែរ។
ប្រធានគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក អ៊ុង ឫទ្ធី បញ្ជាក់ថា នៅថ្ងៃទី១៩ មករាខាងមុខនេះ ពលរដ្ឋខ្មែរអាមេរិកាំង មកពីជាង ៣០រដ្ឋ នឹងមកជួបជុំគ្នាដ៏ធំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន បាតុកម្មនៅមុខវិមានរដ្ឋសភា និងសេតវិមាន ប្រឆាំងនឹងរបបឯកបក្សដែលរណបវៀតណាម និងបន្លំថ្ងៃ៧មករា ជាថ្ងៃប្រវត្តិសាស្ត្រជួយសង្គ្រោះកម្ពុជានេះ។ ក្រៅពីនេះទៀត លោក បញ្ជាក់ថា ពលរដ្ឋខ្មែរទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយអន្តរាគមទៅរបប លោក ហ៊ុន សែន ឲ្យដោះលែង លោក កឹម សុខា ផ្ដល់សុពលភាពជូនគណបក្សសង្គ្រោះជាតិ ផ្ដល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ និងផ្ដល់សិទ្ធិឲ្យមន្ត្រីប្រឆាំងចំនួន ១១៨នាក់ធ្វើនយោបាយឡើងវិញ។
អ្នកវិភាគពន្យល់ថា បើសិនជាពលរដ្ឋខ្មែរមិនរួមកម្លាំងគ្នា ហើយអ្នកនយោបាយនៅតែបន្តបែកបាក់គ្នា កម្ពុជានឹងធ្លាក់ក្នុងកណ្ដាប់ដៃវៀតណាមទាំងស្រុងនៅពេលខាងមុខ។ ហើយកម្ពុជាសល់តែឈ្មោះ នៅលើតែក្រដាសតែប៉ុណ្ណោះ តែការគ្រប់គ្រង អំណាច សេដ្ឋកិច្ច ស្ថិតនៅលើកកណ្ដាប់ដៃវៀតណាមជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
