ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ទាមទារ​​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ប៉ង​សម្លាប់​លោក

ដោយ យន់ សាមៀន
2022.04.30
Share on WhatsApp
Share on WhatsApp
ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ទាមទារ​​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ប៉ង​សម្លាប់​លោក លោក ខឹម មុនីកុសល ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ពេល​លើក​ស្លាក​គណបក្ស​នៅ​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តប៉ៃលិន

ប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ស្នើ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ស្វែងរក​ការពិត ដោយ​ឯករាជ្យ និង​ពន្លឿន​នីតិវិធី​ទៅ​តុលាការ ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​យក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ទទួល​ទោស​តាម​ច្បាប់​។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ព្យាយាម​ហៅ​ជនរងគ្រោះ​ទៅ​សម្របសម្រួល​ជាមួយ​ជន​បង្ក​ដើម្បី​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការសម្របសម្រួល​ករណី​ព្រហ្មទណ្ឌ គឺជា​រឿ​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។

លោក ខឹម មុនីកុសល ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌ បើ​ទោះ​បី​ជា នគរបាល​ក្រុងប៉ៃលិន បាន​ព្យាយាម​ដើរតួ​ផ្សះផ្សា​ដើម្បី​បញ្ចប់​ករណី​ប៉ុនប៉ង​ធ្វើឃាត​លោក​ក៏ដោយ។

លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាល​ពី​ថ្ងៃទី​២៩ មេសា ថា សមត្ថកិច្ច​មិនទាន់​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត ករណី​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​បុក​សម្លាប់​លោក​នៅឡើយ​ទេ​។ ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​បែរ​ជា​ព្យាយាម​សម្របសម្រួល​ដោយ​ឱ្យ​ជនសង្ស័យ​សុំទោស ហើយ​បញ្ចប់​សំណុំ​រឿង​នេះ ដោយសារតែ​សមត្ថកិច្ច​អះអាង​ថា ជនសង្ស័យ​ស្រវឹងស្រា ហើយ​ពុំ​មាន​ចេតនា​សម្លាប់​លោក​នោះ​ទេ ។ ប៉ុន្តែ​លោក​លោក ខឹម មុនីកុសល បាន​ច្រានចោល​សំណើ​ទាំងនោះ ពីព្រោះ​លោក​មើល​ឃើញ​ថា ជនសង្ស័យ​មាន​ចេតនា​បង្កហេតុ មិន​ដូច​ការ​អះអាង​របស់​សមត្ថកិច្ច​ឡើយ។ លោក ខឹម មុនីកុសល នៅតែ​ចាត់​ទុក​ករណី​នោះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ៖ «ខ្ញុំ​ក៏បាន​ចោទសួរ​ទៅលើ​សមត្ថកិច្ច​ថា​អ្វី​ដែល​កើតឡើង​ហេតុអ្វី​សមត្ថកិច្ច​អត់​បាន​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព​របស់ខ្ញុំ សន្តិសុខ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ផ្ទុយទៅវិញ​ឱ្យ​តែ​ខ្ញុំ​លើកលែងទោស​ឱ្យ​ជន​បង្ក ហេតុអ្វី​មិន​សួរ​ណែ​ខ្ញុំ ស៊ើបអង្កេត​រឿង​ខ្ញុំ​ឱ្យ​បាន​ម៉ត់ចត់ បើ​យើង​អនុគ្រោះ​ឱ្យ​គាត់​ដូច​យើង​បំភ្លេច​រឿងរ៉ាវ​ដែល​កើតឡើង អ៊ីចឹង​អ្នក​ផ្សេងទៀត​កាន់តែ​មានឱកាស​នឹង​ធ្វើ​អំពើ​បែប​ហ្នឹង​តទៅទៀត បើ​យើង​មិន​វែកមុខ​រក​អ្នក​ដែល​ទទួលខុសត្រូវ​ហ្នឹង»

កាលពី​ព្រឹក​ថ្ងៃទី​១១ មេសា លោក ខឹម មុនីកុសល បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាមផ្លូវ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ទ្រី ធា បាន​ព្យាយាម​ជិះ​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​របស់​លោក​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​លោក​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះ​ទេ​។ បន្ទាប់​មក លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ជនសង្ស័យ​ឈ្មោះ ទ្រី ធា ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​មូលដ្ឋាន និង​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា។

ជុំវិញ​រឿង​នេះ នាយ​នគរបាល​រដ្ឋបាល​សង្កាត់​អូតាវ៉ៅ ក្រុង​ប៉ៃលិន លោក ជា សូត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​ខ្លី​ថា ករណី​នោះ​មិន​ជា​រឿង​មនុស្សឃាត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

ទោះ​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​លោក យិន ម៉េងលី សោកស្តាយ​ចំពោះ​សមត្ថកិច្ច និង​តុលាការ ដែល​ខកខាន​ចាត់វិធានការ​លើ​សំណុំ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​មើលឃើញ​ថា ករណី​នេះ គឺជា​ការ​រើសអើង​ផ្នែក​នយោបាយ ដែល​អាច​ប៉ះពាល់​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ៖ «យក​ហេតុផល​ជនសង្ស័យ​ស្រវឹងស្រា​ឯណា អាហ្នឹង​ជនសង្ស័យ​ខ្លួនឯង​ទេ​ជា​អ្នក​ដោះ​បន្ទុក​ថា​ខ្លួន​ស្រវឹងស្រា ហើយ​ការ​ស្រវឹងស្រា​នេះ​ក៏​មិនអាច​ដោះ​បន្ទុក​បាន​ដែរ អ៊ីចឹង​បើ​យើង​ចង់​សម្លាប់​នរណា​ម្នាក់ ចង់​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​នាំគ្នា​ទៅ​ផឹកស្រា​ទៅ​អ៊ីចឹង អ៊ីចឹង​មិនអាច​យក​ហេតុផល​ហ្នឹង​បានទេ ហើយ​នៅ​ពេល​សមត្ថកិច្ច​លោក​ខិតខំ​អ៊ីចឹង​វិញ អា​ហ្នឹងហើយ​ធ្វើ​ឱ្យ​ជនរងគ្រោះ​អត់​ទទួល​បាន​យុត្តិធម៌ យូរៗ​ធ្វើ​ឱ្យ​ជនរងគ្រោះ​បាត់បង់​ជំនឿ​លើ​សមត្ថកិច្ច ព្រោះ​សមត្ថកិច្ច​គាត់​អត់​ឈរ​កណ្តាល»

លោក ខឹម មុនីកុសល គឺជា​អតីត​គ្រូពេទ្យ​ក្រុង​ប៉ៃលិន ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​បណ្ដោះអាសន្ន​នៃ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​នេះ​។ លោក​ត្រូវ​បាន​អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ​២០២១ ដោយសារ លោក​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​រិះគន់​មន្ត្រីខេត្ត​ថា មិន​បាន​បំពេញ​តួនាទី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។