តុលាការខេត្តប៉ៃលិនបានកោះហៅប្រធានគណបក្សភ្លើងទៀនខេត្តនេះឱ្យចូលឆ្លើយបំភ្លឺពីរសំណុំរឿងផ្សេងៗ គ្នា ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍ជាសាធារណៈ ក្រោយពីទទួលបណ្តឹងរបស់មេភូមិម្នាក់មកពីគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលចាត់ទុកពាក្យបណ្តឹងនេះថា ជាល្បិចគំរាមកំហែងដើម្បីបំបាក់ស្មារតីនយោបាយរបស់មន្ត្រីគណបក្សភ្លើងទៀន។
មន្ត្រីគណបក្សភ្លើងទៀនខេត្តប៉ៃលិនព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិងការគំរាមកំហែងតាមប្រព័ន្ធតុលាការមកលើសកម្មភាពនយោបាយរបស់គណបក្សលោកពីសំណាក់ អាជ្ញាធរគណបក្សកាន់អំណាច។
ការលើកឡើងនេះ ក្រោយពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចេញដីកាកោះហៅលោក ខឹម មុនីកុសលចំនួនពីរដាច់ដោយឡែកពីគ្នាឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី៨ ខែមេសា និងដីកាមួយទៀតឱ្យបង្ហាញខ្លួនបំភ្លឺនៅថ្ងៃទី២០ ខែមេសាខាងមុខនេះពីបទញុះញង់ឱ្យមានការរើសអើង និងសំណុំរឿងមួយទៀត ដោយចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
ប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិនលោក ខឹម មុនីកុសល ចាត់ទុកសំណុំរឿងនេះថាជារឿងមិនសមហេតុផល ព្រោះរឿងរ៉ាវកន្លងទៅ លោកបានប្តឹងផ្តល់មេភូមិវាលចែងលោក ចេង តូ ក្នុងរឿងកិច្ចការបោះឆ្នោតគួរតែដោះស្រាយក្នុងរង្វង់គណៈកម្មការរៀបចំការបោះឆ្នោតដោយមិនគួរប្រើប្រព័ន្ធតុលាការគំរាមកំហែងលោកនោះទេ។
លោកបញ្ជាក់ថា កាលពីចុងខែមីនាកន្លងទៅ លោកបានប្តឹងមេភូមិរូបនេះ ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំអូរអណ្តូង ពីបទគំរាមកំហែង និងរារាំងភ្នាក់ងារអង្កេតការណ៍របស់គណបក្សភ្លើងទៀនម្នាក់ប៉ុន្តែមិនត្រឹមតែគ្មានដំណោះស្រាយនោះទេ បែរជាមេភូមិរូបនេះប្តឹងបកមកលើរូបលោក ទៅតុលាការទៅវិញ៖ «យករឿងមិនសមហេតុផល យកតុលាការធ្វើជាត្រីមុខ ដើម្បីរារាំង និងគំរាមកំហែង ដល់សកម្មភាពនយោបាយ។ ខ្ញុំយល់ថា ជាការគំរាមកំហែងសន្តិសុខផ្ទាល់ខ្លួន នេះជាការព្រួយបារម្ភខ្ពស់បំផុត ទាក់ទងសន្តិសុខផ្ទាល់ខ្លួន»។
សកម្មជនគណបក្សភ្លើងទៀនរូបនេះ បន្ថែមថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺតាមនីតិវិធីរបស់តុលាការតាមការកំណត់ដោយមិនរុញរាឡើយ។ ប៉ុន្តែលោកឆ្ងល់ថា សំណុំរឿងមួយផ្សេងទៀតនៅមិនទាន់ដឹងថា នរណាជាដើមបណ្តឹងនោះទេ ដែលតុលាការបានគាស់កកាយរឿងចាស់ឡើងវិញដើម្បីប្តឹងផ្តល់លោក ពីបទញុះញង់ឱ្យមានការរើសអើង ដែលធ្វើឡើង ក្នុងមន្ទីរបក្សខេត្តប៉ៃលិនកាលពីឆ្នាំមុន។
ឆ្លើយតបនឹងរឿងនេះ ដើមបណ្តឹងជាមេភូមិវាលចែង ឃុំអូរអណ្តូង លោក ចេង តូ ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលលោកប្តឹង លោក មុនីកុសល ដោយសារមន្ត្រីគណបក្សភ្លើងទៀនរូបនេះនិយាយបរិហារកេរ្តិ៍លោកបង្ហោះតាមបណ្តាញសង្គមហ្វេសបុក (Facebook) ខុសពីការពិត ដោយអះអាងថា លោកគំរាមកំហែងសកម្មជនបក្សភ្លើនទៀន ប៉ុន្តែលោកពុំបានប្រព្រឹត្តដូច្នេះទេ។លោកបញ្ជាក់ថា លោកនឹងមិនដកពាក្យបណ្តឹងនោះទេដោយត្រូវដោះស្រាយគ្នាតាមប្រព័ន្ធតុលាការជាមុនសិន៖ «ប្តឹងគាត់ ដោយសារខឹងគាត់ បរិហារកេរ្តិ៍ខ្ញុំតាមបណ្តាញសង្គមហ្វេសប៊ុក ហើយវាឮទូទាំងប្រទេស ទៅខ្ញុំអាក្រក់ ដាក់ពាក្យបណ្តឹង បង្ហោះតាមបណ្តាញសង្គម បរិហារកេរ្តិ៍គាត់ ខ្ញុំអត់ធ្វើអ៊ីចឹងទេ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិនលោក ជា សា និងលោក ទេព ឃុនឆ័យ បាននៅឡើយទេនៅថ្ងៃទី៥ ខែមេសា។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ខឹម មុនីកុសល ត្រូវបានអភិបាលខេត្តប៉ៃលិនបណ្តេញចេញពីក្របខណ្ឌ ជាមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្ត។
ការបណ្តាញចេញពីក្របខណ្ឌយ៉ាងលឿនបែបនេះ ក្រោយពីគ្រូពេទ្យរូបនេះបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) រិះគន់មន្ត្រីមួយចំនួនដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័ក ក្នុងស្នាក់ការគណបក្សប្រជាជនខេត្តប៉ៃលិនថា «ពុំបានជួយការងារគ្រូពេទ្យនោះទេបែរជានាំគ្នាអង្គុយលេង Facebook និងថតរូបបង្អួតគេឯងទៅវិញ»។ ចំណែកឯអភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ បានលើកហេតុផលថា លោក ខឹម មុនីកុសល បានប្រព្រឹត្តកំហុសក្នុងវិជ្ជាជីវៈពេទ្យ។
ជុំវិញរឿងនេះមន្ត្រីសង្គមស៊ីវិលមើលឃើញថា ទង្វើអាជ្ញាធររបស់គណបក្សប្រជាជនទាំងនេះជារូបភាពធ្វើទុក្ខបុកម្នេញផ្នែកនយោបាយម្តងហើយម្តងទៀត លើសកម្មជនគណបក្សភ្លើងទៀនបណ្តាលឱ្យប៉ះពាល់ដល់បរិយាកាស មុនពេលបោះឆ្នោតឃុំ-សង្កាត់។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តប៉ៃលិន និងខេត្តបាត់ដំបងលោក យិន ម៉េងលី យល់ថា ទង្វើរបស់លោក មុនីកុសល គ្រាន់តែប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញពុំមានអ្វីខុសឆ្គងនោះទេ។ ហេតុនេះលោកថា តុលាការគួរតែពិចារណាលើកលែងការចោទប្រកាន់ដែលមិនសមទំនងបែបនេះ៖ «ជារឿងនយោបាយសុទ្ធសាធជាជាងការអនុវត្តច្បាប់ ដោយសារតែលោក ខឹម មុនីកុសល ជាអតីត CNRP ហើយរឿងហ្នឹងកើតមួយឆ្នាំងជាងហើយ ម្តេចបានគេមិនប្តឹងគាត់ទៅ។ ទើបតែឥឡូវហ្នឹង បែរជាគេយករឿងហ្នឹង មកប្តឹងចោទទម្លាក់កំហុសមកលើគាត់។ ខ្ញុំគិតថា ជារឿងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាល និងគំរាមដល់គណបក្សនយោបាយ ប្រសិនបើអ្នកឯងធ្វើសកម្មភាពខ្លាំង អ្នកឯងនឹងរងការប្តឹង»។
ក្រោយពីអភិបាលខេត្តប៉ៃលិនសម្រេចដកលោក ខឹម មុនីកុសល ចេញក្របខណ្ឌរដ្ឋនៃក្រសួងសុខាភិបាល ដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តនេះ លោកក៏បានស្វះស្វែងសុំកិច្ចអន្តរាគមន៍ពីក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលប៉ុន្តែគ្មានដំណោះស្រាយនោះទេ។
អតីតគ្រូពេទ្យ ហើយបច្ចុប្បន្នជាប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិនរូបនេះចាត់ទុកសេចក្តីសម្រេចនេះ ជារឿងអយុត្តិធម៌ និងធ្វើបាប មកលើអ្នកដែលហ៊ាននិយាយការពិតដើម្បីកែលម្អចំណុចខ្វះខាតរបស់អាជ្ញាធររដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។