ប្រជាពលរដ្ឋមួយចំនួនបានរិះគន់លោក ហ៊ុន សែន ដែលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាសម្រួលឲ្យគ្រប់គណបក្សនយោបាយធ្វើយុទ្ធនាការរកសំឡេងឆ្នោតឲ្យបានស្មើភាពគ្នានោះ គឺជាការសម្ដែងល្ខោនបំភ័ន្តភ្នែកដើម្បីឲ្យអន្តរជាតិជឿជាក់លើដំណើរការបោះឆ្នោតខាងមុខតែប៉ុណ្ណោះ។ ការរិះគន់នេះ ដោយសារតែ លោក ហ៊ុន សែន បានហាមមិនឲ្យមន្ត្រីរាជការប្រើប្រាស់រថយន្តរបស់រដ្ឋឃោសនារកសំឡេងឆ្នោតខាងមុខ ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅស្មើភាពគ្នាលើគ្រប់គណបក្សនយោបាយ។
ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៥កក្កដាថា ចាប់ពីលោកហ៊ុន សែន ដឹកនាំប្រទេសដែលមានការបោះឆ្នោតជាច្រើនអាណត្តិហើយ គឺមិនដែលឃើញមានប្រកូកប្រកាសជំរុញឲ្យរដ្ឋអំណាចផ្ដល់សិទ្ធិសេរីភាពដល់ការឃោសនារកសំឡេងឆ្នោតស្មើភាពគ្នាលើគ្រប់គណបក្សនយោបាយដូចការបោះឆ្នោតលើកនេះទេ។ពលរដ្ឋរូបនេះ លើកឡើងទៀតថា លោក ហ៊ុន សែន ប្រហែលជាខ្លាចអន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅពេលខាងមុខហើយបានជាខំប្រឹងជំរុញឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់លើគ្រប់គណបក្សនយោបាយបែបនេះ៖ «សំឡេងទី១លោកហ៊ុន សែនគាត់និយាយបែបនេះមែន ប៉ុន្តែសកម្មភាពរបស់គាត់នៅតែមានគ្រប់ទីកន្លែងនឹង ចំណែកគណបក្សតូចៗគ្រាន់តែជាគណបក្សហែហមបក្សកាន់អំណាច។លោកហ៊ុន សែននិយាយនឹងគ្រាន់តែបង្ហាញសហគមន៍អន្តរជាតិ ថាគាត់បោះឆ្នោតដោយសេរីនិងយុត្តិធម៌ប៉ុណ្ណឹងឯង តែជាក់ស្ដែងគ្មានទេ » ។
ចំណែកប្រជាពលរដ្ឋម្នាក់អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩កក្កដានោះ គឺគ្មានភាពត្រឹមត្រូវ និងអព្យាក្រឹតនោះទេ បើទោះជាលោកហ៊ុន សែន បើកឱកាសឲ្យគ្រប់គណបក្សនយោបាយបានឃោសនារកសំឡេងឆ្នោតស្មើភាពគ្នាក៏ដោយ ព្រោះគណបក្សតូចៗពុំមែនជាដៃគួរប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ៖ «សំឡេងទី២ គណបក្សកាន់អំណាចសព្វថ្ងៃគាត់ដឹងតែឈ្នះហើយ ព្រោះគ្មានគួរប្រកួតណាដែលខ្លាំងស្មើគាត់អត់មានទេ ដូច្នេះមានតែគណបក្សតូចតាចដែលគ្រាន់តែគម្រប់ឲ្យគណបក្សប្រជាជនកម្ពុជាទេ និយាយរួមទៅលោកហ៊ុន សែនភ័យខ្លាចពលរដ្ឋមិនទៅបោះឆ្នោតនឹងឯង » ។
លោកហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដាថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំរក្សាបរិយាកាសនយោបាយអព្យាក្រឹត ដើម្បីធានាការដល់ការបោះឆ្នោតខាងមុខប្រកបដោយភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌។បុរសដែលក្រាញអំណាចជាង៣០ឆ្នាំរូបនេះក៏បានហាមមិនឲ្យមន្ត្រីរាជការទាំងអស់ប្រើប្រាស់រថយន្តនិងសម្ភារៈរបស់រដ្ឋក្នុងការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះឡើយ៖ «សំឡេងទី៣ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹតនៅក្នុងដំណាក់កាលនោះ ការពារឲ្យខានតែបានចំពោះគ្រប់គណបក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ត្រូវការពារឲ្យដូចៗគ្នា ដូចជាការហែ ក្បួនរបស់បក្សនយោបាយឬការជួបរបស់បក្សនយោបាយត្រូវបង្កលក្ខណៈឲ្យគេ។ »
កាលពីដើមសប្តាហ៍នេះ លោក ទៀ បាញ់ក៏បានហាមឃាត់មន្ត្រីយោធាមិនឲ្យប្រើប្រាស់សម្ភារៈយោធា ដើម្បីចូលរួមឃោសនាបោះឆ្នោត ដែលសហគមន៍អន្តរជាតិមើលឃើញថា ជាការបោះឆ្នោតក្លែងក្លាយ។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហេង វិទូ លើកឡើងថា ករណី លោក ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរក្រោមឱវាទរបស់ខ្លួនសម្រួលដល់ការរកសំឡេងឆ្នោតឲ្យបានស្មើភាពគ្នានេះ គឺគ្រាន់តែជាការសម្ដែងល្ខោនឲ្យល្អមើលដើម្បីឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ មើលឃើញថារដ្ឋាភិបាលបានរៀបចំការបោះឆ្នោតមានការប្រកួតប្រជែងត្រឹមត្រូវ ដើម្បីឲ្យគណបក្សកាន់អំណាចបានឡើងកាន់កាន់អំណាចបន្តទៀតប៉ុណ្ណោះ ព្រោះលោកហ៊ុន សែនបានដឹងរួចទៅហើយថាគណបក្សខ្លួននឹងឈ្នះការបោះឆ្នោតខាងមុខ ព្រោះគណបក្សប្រឆាំងដែលជាគួរប្រគួតសំខាន់នោះត្រូវបានរដ្ឋអំណាចរបរលោកហ៊ុន សែនរំលាយបាត់ទៅហើយ៖ « យើងមើលឃើញថាគណបក្សកាន់អំណាចគេដឹងច្បាស់ណាស់ ថាគេនឹងជាប់ឆ្នោត ព្រោះគ្មានគណបក្សសង្គ្រោះជាតិ ព្រោះគ្មានគណបក្សណាមួយមានលទ្ធភាពនិងសមត្ថភាពប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាបានទេ។អីចឹងអ្វីដែលគេអំពាវនាវនឹងគឺជាការអំពាវនាវក្លែងក្លាយទេ » ។
របបលោក ហ៊ុន សែន នឹងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ប៉ុន្តែការបោះឆ្នោតដែល ដៃគូប្រកួតប្រជែងធំតែមួយគត់របស់ខ្លួន គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលនោះ ត្រូវសហគមន៍អន្តរជាតិព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។ ចំណែក ពលរដ្ឋខ្មែរនៅក្រៅស្រុកបាននាំគ្នាតវ៉ាតាមប្រទេសរបស់ពួកគេរស់នៅរៀងៗខ្លួន ប្រឆាំងនឹងការបោះឆ្នោតដែលពួកគេចាត់ការបោះឆ្នោតក្លែងក្លាយ និងទាមទារឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។