បក្សនយោបាយ ​និង​សង្គម​ស៊ីវិល ​រិះគន់​សាលា​រាជធានី​ភ្នំពេញ​ ដែល​មាន​អភិបាល​រង​ ៩រូប​

0:00 / 0:00

គណបក្ស​នយោបាយ ​និង​សង្គម​ស៊ីវិល​ រិះគន់​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​នោះ​អភិបាលរង​រាជ​ធានី​ភ្នំពេញ ​មាន​ចំនួន ​៩រូប។ ពួកគាត់​​ចាត់​ទុក​ថា ​ចំនួន​អភិបាលរង​រាជធានី​ភ្នំពេញ​ដ៏​ច្រើន​នេះ​ គឺ​ជា​ការ​បង្ហិន​ថវិកា​ជាតិ​ តាម​រយៈ​ការ​ចំណា​លើ​ប្រាក់​ខែ​របស់​ពួកគេ​​ ប៉ុន្តែ​ពុំសូវ​មាន​ប្រសិទ្ធិ​ភាព​ការងារ​នោះ​ទេ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(GDP)​​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​(Facebook ) នៅថ្ងៃទី៣១​ កក្កដា​ថា ​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ មាន​ឧប​នាយក​រដ្ឋមន្ត្រី​ដល់​ទៅ​ ១០រូប​ រដ្ឋលេខាធិការ ​និង​អនុរដ្ឋលេខាធិការ ​ក្នុង​ក្រសួង​នីមួយ​ៗ ទាំង ​២៨​ក្រសួង ពី​ ១០ ​ទៅ ២០រូប។ ​សម្រាប់​នៅ​ថ្នាក់​ក្រោម​ជាតិ​វិញ ​អភិបាល​រង​រាជធានី-ខេត្ត​មាន​ចំនួន​ ៩រូប​ជាមធ្យម ​ហើយ​អភិបាលរងក្រុង ​ស្រុក ​ខណ្ឌ ​ក៏​ច្រើន​សម្បើម​ណាស់​ដែរ។ គណ​បក្ស​នេះ​ បន្ត​ថា​ តួនាទី​​ស្នង​ការ​រង​នគរបាល​វិញ ​យ៉ាង​តិច​ក៏​មាន​ចំនួន​ពី ​១០ ​ទៅ ​២០រូប​ ដែរ​ នៅ​ក្នុង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។នេះ​មិនទាន់​គិតដល់​អគ្គនាយករង ​និង​អនុប្រធាន​នាយកដ្ឋាន​ច្រើន​ស្អេកស្កះ​នៅ​តាម​ក្រសួង​មន្ទីរ​នីមួយៗ​ផង។​មន្ត្រី​ទាំង​អស់ ​សុទ្ធតែ​ទទួល​ប្រាក់​ខែ​ចេញ​ពី​ថវិកាជាតិ ​ហើយ​ថវិកាជាតិ ​ពី ​៨ ​ទៅ​ ៩ពាន់​លាន​ដុល្លារ ​ក្នុង១ឆ្នាំៗ ​បាន​មក​ភាគច្រើន​លើស​លប់​ពី​ការ​បង់ពន្ធ​របស់​រាស្រ្ត​ខ្មែរ ​និង​ការ​ខ្ចីបុល​ពី​បរទេស ​ហើយ​អ្នក​ជំនាន់​ក្រោយ​មាន​កាតព្វកិច្ច​ត្រូវ​សង់​បំណុល​បរទេស​ទាំង​អស់​នោះ​វិញ។

គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​យល់ថា ​ស្ថាប័ន​ រាជ​រដ្ឋាភិបាល គួរតែ​កាត់​បន្ថយ​ចំនួន​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​លេខាធិការ ​អនុ​រដ្ឋ​លេខាធិការ ​អគ្គនាយករង ​អភិបាលរង​ ស្នងការ​រង ​អនុប្រធាន​មន្ទីរ​ និង​អនុប្រធាន​នាយកដ្ឋាន ​មក​ត្រឹមតែ​៣រូប​ដូច​គោលនយោបាយ​របស់​ខ្លួន​។ គណបក្ស​នយោបាយ ផ្សេងទៀត ​និង​សង្គម​ស៊ីវិល ​ក៏​រិះគន់​ថា ​រដ្ឋបាល​ក្បាល​ធំ​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​គ្រាន់​ជា​ការ​ចែក​ការងារ​គ្នា​ធ្វើ ដើម្បី​ចាយ​វាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​តែ​ប៉ុណ្ណោះ ខណៈ​កម្ពុជា ជា​ប្រទេស​ក្រីក្រ។

ប្រតិកម្ម​របស់​បក្សនយោបាយ​និង​សង្គម​ស៊ីវិល​នេះ​ គឺ​បន្ទាប់ពី​មានការ​ចែកចាយ​រូបភាព​រចនាសម្ព័ន្ធ​របស់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​នេះ​អភិបាល​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក ឃួង ស្រេង។អភិបាលរងទាំង៩រូបវិញមាន​៖ ​លោក ​ស៊ុយ សេរិទ្ធ ​លោក កើត ឆែ ​អ្នកស្រី កែវ សុខពិសី ​ លោក​ មាន ចាន់យ៉ាដា ​​លោក នួន ផារ័ត្ន ​លោក ហួត ហៃ ​លោក សុខ ពេញវុធ ​លោក ឃ្លាំង ហួត ​លោក ហ៊ុន សុរិទ្ធី។ ក្រុម​ថ្នាក​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ទាំង​នេះ​ក៏​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​តាមរយៈ​ការដឹកនាំ​កម្លាំង​សន្តិសុខ​ទៅ​បង្ក្រាប​លើ​ពលរដ្ឋ​ដែល​តវ៉ា​អហិង្សា​ដូច​ពល​រដ្ឋ​រង​គ្រោះ​ដីធ្លី ​កម្មករ​ សកម្មជន​សិទ្ធិមនុស្ស​និង​ក្រុម​គ្រួសារ​សកម្មជន​នយោបាយ​ជាដើម។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។