មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​កម្ពុជា-វៀតណាម​ជា​ផ្លូវការ​

0:00 / 0:00

ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​រវាង​របប​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា​កន្លងទៅ​ បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស និង​ជា​ក្ដី​កង្វល់​រួម​របស់​ពលរដ្ឋ។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន​យល់​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​រឿង​នេះ ដោយ​អាថ៌កំបាំង ឬ​លាក់លៀម។ ក្រុម​ពលរដ្ឋ​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ជម្លោះ​ព្រំដែន​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ដែល​របប​របស់​លោក​ ហ៊ុន​ សែន​ គឺជា​អ្នក​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់ ចំពោះ​មុខ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល និង​ព្រលឹង​ដូនតា។

ក្រុម​ពលរដ្ឋ និង​ក្រុម​យុវជន បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត និង​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ព្រោះ​ការ​កំណត់​ខណ្ឌសីមា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​រួម​មាន ការ​បោះ​បង្គោល​ខ្វះ​តម្លាភាព​ មិន​ផ្ដល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​តាម​ដាន​ ឬ​ស្វែង​យល់។ ម្យ៉ាងវិញទៀត អាជ្ញាធរ​តែងតែ​គំរាមកំហែង​លើស​កម្ម​ជន និង​ពលរដ្ឋ​នៅ​ពេល​ពួកគេ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន ជាពិសេស គឺ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ករណី​ប្រឆាំង​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ទាំង​នេះ។

យុវជន​ដែល​ចុះ​ឃ្លាំមើល​បញ្ហា​ព្រំដែន​រស់នៅ​ រាជធានី​ភ្នំពេញ​ លោក​ ស៊ឺន​ ពិសិដ្ឋ​ ថ្លែង​ថា លោក​​ឈឺចាប់​ និង​សោក​ស្ដាយ​ដី​ខ្មែរ ដែល​ដូនតា​បូជា​ជីវិត​ប្រឹងប្រែង​ការពារ​ បែរ​ជា​របូត​នៅ​សម័យ​នេះ​ទៅ​វិញ។ លោក​បន្ថែម​ ក្រុម​ការងារ​របស់​លោក​ បាន​ចុះ​សិក្សា​ដោយ​ផ្ទាល់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​ភាគ​ធំ​ ត្រូវ​បាន​បាត់បង់​ទៅ​ភាគី​វៀតណាម តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​មួយ​ចំនួន​រួម​មាន​ ខេត្ត​ស្វាយរៀង​ ព្រែ​វែង​ និង​ខេត្ត​កណ្ដាល​ជា​ដើម។ លោក​ថា អាជ្ញាធរ​ខ្មែរ​ និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ មិនបាន​យកចិត្ត​ទុកដាក់​ ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ៖ «ការ​ចុះ​ហត្ថលេខា ថ្ងៃ​ទី៥ និយាយ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម​រវាង​ថ្នាក់​ដឹក​នាំ​ខ្មែរ និង​វៀតណាម​ហ្នឹង ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំ​ខ្មែរ គឺ​ខ្ញុំ​អត់​ពេញ​ចិត្ត​ទេ ហើយ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។ យើង​បាត់បង់​ដី​ច្រើន តាម​បណ្ដោយ​ព្រំដែន​បង្គោល​ព្រំដែន គឺ​គ្មាន​តម្លាភាព​ទេ ភាគ​ច្រើន​ចំណេញ​ទៅ​វៀតណាម​ច្រើន​ជាង។ ផែនទី បោះ​ពុម្ព​នៅ​វៀតណាម ដោយ​មិន​យក​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ជា​គោល​ទេ »

ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ខណ្ឌសីមា​បង្គោល​ព្រំដែន​ទាំង​នេះ ក្រុម​ពលរដ្ឋ​ គណបក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ ករណី​ធ្វើ​ឱ្យ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ គឺ​ជា​កំហុស​របស់​លោក ហ៊ុន សែន។

យុវជន​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​ លោក ម៉ា ចិត្រា សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​យ៉ាង​ប្រញាប់​ប្រញាល់​ដោយ​មិន​ក្រែងចិត្ត​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថា​ ក្រុម​យុវជន​មិន​ហ៊ាន​ងើប​តវ៉ា​ ប្រឆាំង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​នោះ​ទេ​ ​ព្រោះ​កន្លង​ទៅ​ពួក​គេ​ទទួល​រង​ការ​គំរាម​កំហែង​ និង​រារាំង​នៅ​ពេល​ចុះ​ពិនិត្យ​បង្គោល​ព្រំ​ដែន​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង៖ «យើង​ទាមទារ​យ៉ាង​ម៉េច ? បើ​យើង​ទាមទារ​មាន​តែ​យក​ខ្នោះ​ដៃ ដាក់​ខ្លួន​ឯង ព្រោះ​ដឹង​ស្រាប់​ហើយ​កន្លង​ទៅ​យក​ចុះ​ទៅ​ព្រំដែន វា​ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ គ្រាន់​តែ​យើង​មើល​បង្គោល​ព្រំដែន ក៏​មាន​ការ​រារាំង​ជា​ដើម។ ចុះ​ទម្រាំ​យើង​តវ៉ា​ទៀត មាន​តែ​ខ្នោះ​ដៃ​ឯង »

ក្រុម​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម​ នា​ខេត្ត​ត្បូងឃ្មុំ​ បាន​ត្អូញត្អែរ​ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ពលរដ្ឋ​រស់នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ចោទ​អាជ្ញាធរ​វៀតណាម​ថា បាន​គំរាមកំហែង​មិន​ឱ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដែល​ពួក​គេ​ធ្លាប់​បាន​បង្កបង្កើន​ផល​តាំង​ពី​បុរាណ​មក។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​ស្រែកយំ​ បង្ហាញ​ពី​ទុក្ខ​កង្វល់​ទាំង​នេះ នៅ​ចំពោះ​មុខ​ក្រុម​យុវជន​ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ​ កាល​ពី​ពេល​កន្លងទៅ​ ៖ «សំឡេង​ក្រុម​ពលរដ្ឋ៖ «ខ្ញុំ​ធ្វើ​ដី​នេះ​តាំង​ពី​អាយុ​ខ្ញុំ ១២ឆ្នាំ តា​ខ្ញុំ និង​យាយ​ខ្ញុំ​រស់នៅ ឥឡូវ​នេះ​គេ ( វៀតណាម ) យក​ហើយ​នេះ។ ពលរដ្ឋ​ម្នាក់​ទៀត ម៉ែ និង​ឪ​ខ្ញុំ​អត់​មាន​ប្រកាស​ថា កូន​អើយ​ទឹក​ដី​ខ្ញុំ​ត្រឹម​នេះ ឬ​ត្រឹម​នោះ គឺ​អត់​មាន​តែ​ល្បាក់​ទី​មួយ គឺ​វា​យក​មួយ​ល្បាក់​ហើយ គឺ​វា​យក​មក​ដល់​ជាំ​ប្រាំ​ល្វែង​នេះ វា​យក​មក​ត្រឹម​បុស្ស»

ពលរដ្ឋ​ម្នាក់​ទៀត៖«វេទនា​ណាស់​ខ្ញុំ​ទាំង​អស់​គ្នា​នេះ វា​ដេញ​វា​ឆ្ការ​ស្រូល​កំពុង​តែ​ចេញ វា​មក​ឆ្ការ​ស្រូល​ចោល ធ្វើ​បាប​នេះ​អស់។ លោក​អើយ​កូន​ខ្មែរ​ត្រូវ​ក្រោក​ឈរ​ឡើង សាមគ្គី​គ្នា​ទាមទារ​ទឹក​ដី​យើង​ដាច់ខាត​ឲ្យ​ទាន់​តែ​បាន​កូន ហើយ​កុំ​ធ្វើ​បាប​ខ្មែរ​ពេក។ គេ​ថា បង​ប្អូន​វៀតណាម និង​ខ្មែរ​សាមគ្គី​គ្នា។ សាមគ្គី​ត្រង់​ណា​បើ​វា​ធ្វើ​បាប​យើង​យ៉ាង​នេះ ? វា​មក​ជាន់​ឈ្លី​មិន​ឲ្យ​ងើប​ក្បាល​រួច​យ៉ាង​នេះ ? បើ​វា​សិទ្ធិ​វា​ប៉ុណ្ណា បើ​ខ្មែរ​វា​មិន​ឲ្យ​ធ្វើ ( ធ្វើស្រែ និង​ចម្ការ ) វៀតណាម​ធ្វើ​តាម​ចិត្ត។ ម៉ែ​ប្តេជ្ញា​ថា នឹង​សុខ​ចិត្ត​ស្លាប់​ក្នុង​ទឹក​ដី​ជាំ ប្រាំង​ល្វែង​នេះ ការពារ​ទឹក​ដី​នេះ វា​យក​អស់​ហើយ​កូន​អើយ គ្មាន​អី​ធ្វើ​ទេ »

ឆ្លើយ​តប​រឿង​នេះ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា មតិ​ប្រឆាំង និង​មតិ​គាំទ្រ​វា​តែងតែ​មាន​ តែ​អ្វី​ជា​ចំណុច​សំខាន់​ គឺ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ងារ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់។ លោក វ៉ា គឹមហុង ផ្ដាំ​ឱ្យ​ក្រុម​យុវជន​ និង​ពលរដ្ឋ​មួយ​ចំនួន កុំ​គិត​ថា រដ្ឋាភិបាល​ចុះ​ហត្ថលេខា​នេះ ដោយ​មិន​គិត​ពី​បូរណភាព​ទឹក​ដី​របស់​ប្រទេស ហើយ​មិន ​ស្រឡាញ់​ជាតិ។ លោក​ថា គណៈកម្មការ​ព្រំដែន​មាន​តួនាទី អនុវត្ត​កិច្ច​ការងារ​នេះ និង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ​ឱ្យ​បាន ១០០ភាគ​រយ៖ «អត់​មាន​លក់​ឡាយឡុង បូរណភាព​ខ្មែរ​ទេ បង​ប្អូន​ចង់​ធ្វើ​ប័ណ្ណ​ប្រកាស​ចង់​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ហាម​ឃាត់​​ទេ ជា​សិទ្ធិ​សេរីភាព​លោក។ តែ​កុំ​គិត​ថា រដ្ឋាភិបាល​លោក​ធ្វើ​ឡាយឡុង បូរណភាព​ទឹក​ដី​របស់​ប្រទេស​យើង​ឱ្យ​សោះ ហើយ​កុំ​គិត​ថា អ្នក​ធ្វើ​រឿង​ព្រំដែន​អត់​ស្រឡាញ់​ជាតិ​យើង​កុំ​គិត​ថា គេ​ស្រឡាញ់​មិន​ស្រឡាញ់​ជាតិ គេ​ស្រឡាញ់​ដូច​តែ​លោក តែ​អ្វី​ដែល​យើង​មាន​តួនាទី​ភារកិច្ច​ធ្វើ យើង​ធ្វើ​ឱ្យ​ល្អ និង​ការពារ​បូរណភាព​ទឹក​ដី ១០០​ភាគ​រយ​ឱ្យ​ទាល់តែ​បាន»។

សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក មួង សូនី យល់​ថា ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូច​ជា ខេត្ត​កំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូង​ឃ្មុំ និង​ខេត្ត​មណ្ឌលគិរី ជា​ដើម​ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​រួម​មាន​ បោះ​បង្គោល​ព្រំដែន​គ្មាន​តម្លាភាព និង​គ្មាន​យន្តការ​ការពារ​ព្រំដែន​ឱ្យ​ច្បាស់លាស់​ជា​ដើម។ លោក​ថា ក្រុម​ការងារ ១០០រាត្រី​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ត្អូញត្អែរ​ពី​ការ​បាត់បង់​ទឹក​ដី​ស្រែ​របស់​ពួក​គេ​ទៅ​វៀតណាម​គ្រប់គ្រង​ជា​ច្រើន​ហិកតារ។ លើស​ពី​នេះ​ ដីខ្មែរ​ដែល​វៀតណាម​ បាន​បំពាន​យក​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​វៀតណាម​បាន​ក្ដាប់​យ៉ាង​ណែន​ និង​បញ្ជូន​ពលរដ្ឋ​គេ​ឱ្យ​រស់នៅ​ ថែមទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​ស្អេកស្កះ​ទៀត​ផង៖ «ធ្វើ​ដែល​ខ្ញុំ​ចុះ​ជួប​ពលរដ្ឋ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ វៀតណាម​ភាគ​ច្រើន​បាត់។ មិនថា មួយ​គីឡូ ឬ​ពីរ​គីឡូ ១០០ម៉ែត្រ និង ២០០ម៉ែត្រ និង ៣០០ម៉ែត្រ នៅ​ពេល​បង្គោល​ថ្មី ដែល​គេ​ចាប់​ផ្ដើម​បោះ ២០០១ មក​ដល់​ឥឡូវ​ហ្នឹង​បោះ​ជា​ហូរហែ​ហ្នឹង គាត់​បាន​ប្រាប់​ថា វា​បាត់។ ខ្ញុំ​ឧទាហរណ៍​ថា ដូច​ច្រក​ដូង នៅ​ខេត្ត​ត្បូង​ឃ្មុំ ស្រុក​មេមត់​ពលរដ្ឋ​ប្រាប់​ថា មុន​បោះ​បង្គោល​ផ្ទះ​គាត់​នៅ​ក្នុង​ដី​ខ្មែរ ក្រោយ​បោះ​បង្គោល​រួច​ទៅ​ជា​ដី​វៀតណាម »

តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ និង​ឃុំ​ខ្លួន​ ដោយសារ​ឈឺ​ឆ្អាល​រឿង​ព្រំដែន​ថ្លែង​ថា ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​របស់​ រដ្ឋាភិបាល​ធ្វើ​ឱ្យ​កម្ពុជា​ខាត់​បង់​ទឹក​ដី​ តាម​រយៈ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម​ បាន​សើរើ​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ដោយ​ខុស​ច្បាប់ និង​ផ្ទុយពី​រដ្ឋធម្មនុញ្ញ។ លោក​ថា​ ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​បែបនេះ​ ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ធំ​មួយ​ ដែល​កើត​ឡើង​អំឡុង​ពេល​កម្ពុជា​កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​នយោបាយ៖ «សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥ ហ្នឹង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា ៥៥ បើ​គិត​ពី​ផ្លូវ​ច្បាប់​សន្ធិសញ្ញា​នេះ ខុស​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​មោឃ​រួចហើយ ដោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ហើយ​លោក ហ៊ុន សែន ធ្វើ​ហ្នឹង វា​ខុស​ច្បាប់​ហើយ។ ថ្ងៃ​ក្រោយ​គឺ​យើង​អាច​សើរើ​សន្ធិសញ្ញា​ហ្នឹង​ឡើងវិញ រដ្ឋាភិបាល​ថ្មី​អាច​ឱ្យ​សភា​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ២០០៥ ហើយ​យើង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​យួន»។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន​ ១.២៤៥​ គីឡូម៉ែត្រ​ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​ បង្គោល ឬ​ស្មើ​និង ៨៤ភាគ​រយ​ហើយ​ នៅ​សេសសល់​ បង្គោល​ចំនួន ៥៦ ទៀត ឋិតនៅ​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ ខេត្ត​កណ្ដាល​ និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។