ពលរដ្ឋ​តវ៉ា​ដីធ្លី​រក​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​ទាំង​ពីរ​បក្ស​ឲ្យ​ដោះលែង​មនុស្ស​១៦​នាក់

0:00 / 0:00

ព្រះសង្ឃ និស្សិត សហជីព និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​ជម្លោះ​ដីធ្លី​ប្រមាណ ៣០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ អ្នក​តវ៉ា​បាន​ស្រែក​ដង្ហោយ​ហៅ​ឲ្យ​តំណាង​រាស្រ្ត​ទាំង​ពីរ​បក្ស​ជួយ​អន្តរាគមន៍ ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ១០​នាក់ ព្រះសង្ឃ ៣​អង្គ និង​សកម្មជន​បក្ស​សង្រ្គោះ​ជាតិ ៣​នាក់ និង​ការ​សម្រេច​ឃុំ​ខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ព្រៃស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

«សំឡេង​ស្រែក​មុខ​រដ្ឋ​សភា»

សម្រែក​ទាមទារ​ឲ្យ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួយ​អន្តរាគមន៍​ដោះលែង​មនុស្ស ១៦​នាក់ ដែល​អាជ្ញាធរ​តុលាការ​ចាប់​ខ្លួន បាន​លាន់​លឺ​យ៉ាង​កងរំពង​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា។

អ្នក​តវ៉ា​ទាំង​នោះ មាន​គោលដៅ​សំខាន់​ពីរ​ចំណុច សម្រាប់​ការ​តវ៉ា​នៅ​មុខ​សភា​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា។ ពួកគេ​បាន​ស្នើ​ឲ្យ​អ្នក​តំណាងរាស្ត្រ​បក្ស​ទាំង​ពីរ​ជួយ​ផ្តល់​យុត្តិធម៌ និង​ដោះ​លែង​អ្នក​ដែល​ចាប់​ខ្លួន ទាំង ១៦​នាក់ ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។ អ្នក​ទាំង ១៦​នោះ មាន​ព្រះសង្ឃ ៣​អង្គ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៣​នាក់ និង​សហគមន៍​ដីធ្លី ១០​នាក់។ ចំណុច​ទី​២ ពួកគេ​ក៏​ស្នើ​ឲ្យ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ​គឺ​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សភា​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​នេះ។

អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន លោក សៀ ភារម្យ ដែល​តាម​ដានការ​ទាម​ទារ​នេះ​ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​គឺ​ជា​រឿង​អយុត្តិធម៌៖ «បើ​សិន​ជា​និយាយ​ពី​រឿង​បាតុកម្ម​គាត់​ត្រូវ​យក​ច្បាប់​បាតុកម្ម​មក​និយាយ​ដាក់​បន្ទុក​លើ​ពួកគាត់ ដល់​ពេល​គាត់​តវ៉ា​រឿង​លិច​ទឹក​អ៊ីចឹង​បែរ​ជា​យក​ច្បាប់​ចរាចរណ៍​មក អាហ្នឹង​ធម្មតា​ទេ​ប្រព័ន្ធ​តុលាការ ឬ​ក៏​ប្រព័ន្ធ​ដឹកនាំ​ហ្នឹង គឺ​ថា​ស្រេច​តែ​លើ​ពួក​គាត់។ កាត់​ចង់​ធ្វើ​យ៉ាង​ម៉េច​ក៏​បាន​ចង់​កាឡៃ​ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជា​ស​ក៏​បាន ចង់​ចាប់​នរណា​ដាក់​គុក​ក៏​បាន​ដែរ។ យើង​ជា​ម្ចាស់​ឆ្នោត​មួយ​រូប​ដែរ យើង​មាន​ការ​សោក​ស្ដាយ ហើយ​យើង​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ប្រទេស​របស់​យើង​មាន​អ្នក​ដឹកនាំ​តែងតែ​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង​មក​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប្រៀប​ដូច​ឪពុកម្ដាយ​ដែល​ធ្វើ​ខ្លួន​ឯង»

ឆ្លើយ​តប​នឹង​សំណើ​ពលរដ្ឋ​នេះ សមាជិក​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​បក្ស​សង្រ្គោះ​ជាតិ លោក វ៉ាន់ ណារិទ្ធិ ដែល​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​បឹងកក់ បាន​សន្យា​ថា លោក​និង​ក្រុម​ការងារ នឹង​ពិនិត្យ​មើល​សំណើ​នេះ មុន​នឹង​ឈាន​ដល់​ចំណាត់​ការ​តាម​នីតិវិធី។ រីឯ​លទ្ធផល​អាច​នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ៖ «ទី​១​យើង​យក​ទៅ​ប្រជុំ​គ្នា​សិន​ប្រជុំ​នៅ​ក្នុង​គណៈកម្មការ ប្រជុំ​ហើយ​យើង​មាន​ចំណុច​ប្រសព្វ​មួយ​យើង​ធ្វើ​លិខិត​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ដោះស្រាយ​ពី​បញ្ហា​នេះ»

នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​នៅ​ថ្ងៃ​ដដែល សហគមន៍​ទាំង​នោះ​មាន​គម្រោង​ទៅ​ជួបជុំ​គ្នា​មុខ​មន្ទីរ​រដ្ឋសភា​ប្រមាណ ៨០០​នាក់ ប៉ុន្តែ​ដោយ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ការ​ដាក់​កម្លាំង​រាំង​ខ្ទប់​នៅ​ក្បែរ​បរិវេណ​ច្រក​ចេញ​នៃ​សហគមន៍​បឹងកក់ និង​នៅ​តាម​វត្ត​មួយ​ចំនួន ទើប​មាន​អ្នក​ជួបជុំ​ប្រមាណ ៣០០​នាក់​ប៉ុណ្ណោះ។

ព្រះសង្ឃ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ ១៦​អង្គ​និង​នាក់ ជាប់​ចោទ​ពី​បទ​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ និង​បទ​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ​ជាដើម។

ពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​បញ្ជាក់​ថា បើ​មិន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ពី​រដ្ឋសភា​នោះ​ទេ ១​សប្ដាហ៍​ទៀត​ក្រោយ​ការ​ដាក់​ញត្តិ​នេះ ពួក​គាត់​នឹង​នាំគ្នា​បន្ត​ការ​តវ៉ា​មុខ​រដ្ឋសភា​ជា​ថ្មី​ទៀត​លុះ​ត្រា​តែ​មាន​ដំណោះ​ស្រាយ។

ទោះ​ជា​យ៉ាង​ណា​នៅ​ចុង​សប្ដាហ៍​នេះ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ វិច្ឆិកា ក្រុម​ដដែល​ក៏​គ្រោង​ទៅ​ជួបជុំ​គ្នា​ធ្វើ​ពិធី​ស្មឹងស្មាធិ៍​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​បន្ទន់​ចិត្ត​ឲ្យ​មាន​ការ​ដោះលែង និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​កំពុង​ជាប់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។