ពលរដ្ឋមិនរំពឹងថា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុកអាចដោះស្រាយបញ្ហាសង្គមបានទេ ខណៈដែល លោក ហ៊ុន សែន កាន់អំណាចជិត ៤០ឆ្នាំ បានប្រើអំណាចរបស់ខ្លួនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញពីសក្ដានុពលរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ និងសូម្បីតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ក៏លោក ហ៊ុន សែន ឈរឈ្មោះជំនួស។
បើទោះជាការបោះឆ្នោតជាតិនៅអាណត្តិទី៧ ទើបតែកន្លងផុតទៅដោយរងការរិះគន់ពីសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋក្ដី ក៏លោក ហ៊ុន សែន នៅតែជម្នះលើកបន្តុបកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីរក្សាអំណាចតពូជរបស់ខ្លួន។ ថ្វីត្បិតលោក ហ៊ុន សែន តែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីលោកយ៉ាងនេះក្ដី ប៉ុន្តែពលរដ្ឋមួយចំនួនដែលកំពុងរងការគាបសង្កត់ និងរំលោភសិទ្ធិមនុស្សពីរបរលោក ហ៊ុន សែន មិនរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងអាចដឹកនាំប្រទេសឆ្ពោះទៅរកនីតិរដ្ឋពិតប្រាកដឡើយ។
កូដករណាហ្គាវើលដ៍ (Naga World) ដែលរងភាពអយុត្តិធម៌ពីការរំលោភសិទ្ធិការងារ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ កក្កដា ថា លោកស្រីមិនរំពឹងខ្ពស់ចំពោះនាយករដ្ឋមន្ត្រីថ្មីនេះទេ ពីព្រោះក្រុមកូដករណាហ្គាវើលដ៍ធ្លាប់ស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយវិវាទការងារ ប៉ុន្តែបែរជាមិនទទួលបានយុត្តិធម៌ទៅវិញ។ លោកស្រីបារម្ភថា កម្មករសហជីព និងពលរដ្ឋផ្សេងទៀតនឹងត្រូវរងការរំលោភសិទ្ធិជាបន្តបន្ទាប់ ប្រសិនបើលោកនាយករដ្ឋមន្ត្រីថ្មី ដើរតាមគន្លងចាស់របស់ឪពុក។
លោកស្រី ម៉ម សុវឌ្ឍិន៖ «ប្រសិនជាគាត់មិនអាចដោះស្រាយបាន មិនមានឥទ្ធិពលច្បាស់ណាស់ថា ការដឹកនាំហ្នឹងវាទៅបែបណាហើយវាជះឥទ្ធិពល រឹតតែធ្វើឱ្យរឿងអយុត្តិធម៌ក្នុងសង្គមរាលដាលទៅកន្លែងផ្សេងថែមទៀត អ៊ីចឹងអ្នកដែលរងផលប៉ះពាល់មិនត្រឹមតែកម្មករទេ តែប៉ះពាល់ដល់សង្គមទាំងមូលតែម្ដង ឥឡូវវាបង្ហាញហើយថាក្រុមហ៊ុនណាហ្គាមិនទាន់បញ្ឈប់បានសម្រេចដោយសារពួកខ្ញុំនៅតវ៉ាច្បាស់ណាស់ប្រសិនជាមិនមានវត្តមានពួកខ្ញុំតវ៉ាទៀតទេ គេប្រើវិធីសាស្ត្រដើម្បីកម្ទេចសហជីពផ្សេងៗទៀត ឬក៏ធ្វើទុក្ខបុកម្នេញកម្មករ»។
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាមេទ័ពពាក់ផ្កាយ ៤លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅថ្ងៃទី២២ខែសីហាខាងមុខនេះ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលត្រៀមស៊ីកេរពីឪពុកនេះ នៅមិនទាន់បង្ហាញពីសមត្ថភាព ស្នាដៃ និងការប្ដេជ្ញាចិត្តដឹកនាំកម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿងដើរតាមគន្លងប្រជាធិបតេយ្យ និងបញ្ចប់ជម្លោះនយោបាយឡើយ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតនៅខេត្តកោះកុង លោកស្រី អ៊ុំ ស្រីអូន ថ្លែងថា បើទោះបីលោកហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មីក៏ការដឹកនាំមិនខុសពីឪពុកលោក ដែលពីព្រោះលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចគឺដោយសារមានឪពុកជាអ្នកជួយជ្រោមជ្រែង។លោកស្រីគ្មានជំនឿថានាយករដ្ឋមន្ត្រីថ្មីនេះនឹងជួយដោះស្រាយវិវាទដីធ្លីជូនសហគមន៍លោកស្រីបាននោះទេ។
លោកស្រី អ៊ុំ ស្រីអូន៖ «មិនដឹងធ្វើម៉េច បើយើងចង់យ៉ាងម៉េចក៏នៅតែទោះថា ឪធ្លាក់ក៏នៅតែកូនឡើងដដែល ហើយវានៅតែដដែលៗហ្នឹងរកយុត្តិធម៌ វាមិនឃើញដដែលហ្នឹងព្រួយបារម្ភដែលហ្នឹងព្រួយបារម្ភរកយុត្តិធម៌វាមិនឃើញទេមិនទាន់មានសង្ឃឹមកន្លែងណាមួយនៅឡើយទេ គឺវាត្រូវអស់សង្ឃឹមអ៊ីចឹងហ្មង»។
សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុធ កត់សំគាល់ថា ការឡើងកាន់ដំណែងរបស់លោក ហ៊ុន ម៉ាណែត គឺមិនធ្វើឱ្យប្រព័ន្ធយុត្តិធម៌សង្គមមានភាពប្រសើរឡើងនោះទេ ពីព្រោះលោក ហ៊ុន សែន នៅតែជាអ្នកបញ្ជាពីក្រោយដដែល។ លោកបន្តថា រដ្ឋាភិបាលថ្មីគួរតែគិតឡើងវិញពីការដណ្ដើមអំណាចគ្នានេះ ពីព្រោះអ្នកដែលខាតបង់និងរងគ្រោះគឺពលរដ្ឋនៅមានទណ្ឌកម្ម ឬការសម្ពាធផ្សេងទៀតពីសហគមន៍អន្តរជាតិ។
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំយល់ថា បើលោក ហ៊ុន ម៉ាណែត មានចំណេះមានជំនាញមែនការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣ហ្នឹងវាគួរតែធ្វើឡើងដោយស្មើភាព គួរតែមានដៃគូចូលរួមប្រកួតអាហ្នឹងទើបគេបញ្ចេញសមត្ថភាព លោក ហ៊ុន ម៉ាណែត ឱ្យប្រជាជនឃើញ ប៉ុន្តែផ្ទុយទៅវិញខ្ញុំឃើញការបោះឆ្នោតឆ្នាំ២០២៣ ធ្វើឡើងដោយការក្រឡេចក្រឡុចជាការបោកប្រាស់ ហេតុអីដោយសារមុនការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន បេក្ខភាពនៅថ្ងៃអនាគតគឺលោក ហ៊ុន ម៉ាណែត ប៉ុន្តែក្រោយការបោះឆ្នោតលោក ហ៊ុន សែន មិនទាន់បានឡើងធ្វើជានាយករដ្ឋមន្ត្រីផង លោក ហ៊ុន ម៉ាណែត ឡើងបាត់»។
ការឡើងរបស់ពលរដ្ឋនេះបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា លោកនឹងមិនធ្វើជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីខាងមុខនោះទេ។ កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។ ចំណែក លោក ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកជា មេដឹកនាំផ្ដាច់ការគ្រួសារនិយម និងពុករលួយនឹងទៅក្ដោបយកតួនាទីសំខាន់ៗរបស់ជាតិដូចជា ប្រធានព្រឹទ្ធសភា ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានបក្ស ដើម្បីនៅជួយជ្រោមជ្រែងការពារកូនរបស់លោក។
ឆ្លើយតបបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថាការលើកឡើងរបស់ពលរដ្ឋនេះគឺគ្រាន់តែជាក្រុមមួយដែលមិនឆ្លុះបញ្ចាំងពីស្មារតីប្រជាពលរដ្ឋ១៧លាននាក់តែប៉ុណ្ណោះ។លោក សុខ ឥសានចាត់ទុកពលរដ្ឋដែលរងការរំលោភសិទ្ធិមនុស្សនិងរងផលប៉ះពាល់ ពីការបំផ្លាញធនធានធម្មជាតិថា មិនយល់ពីការអភិវឌ្ឍប្រទេសជាតិ។
លោក សុខ ឥសាន៖ «អាហ្នឹងមនុស្សដែលគេចាត់ចោលក្រៅសង្គមទៅហើយ ដល់អ៊ីចឹងទៅដោះស្រាយឯណា គេមិនដោះស្រាយឱ្យទេ គេដោះស្រាយតាមគោលការណ៍ច្បាប់ហើយបើដោះស្រាយតាមគោលការណ៍ច្បាប់ហើយ យើងមិនទទួលហើយយើងចេះតែបង្ខូចតាមចិត្តយើងប្រទេសមួយគេដឹកនាំប្រទេសមួយស្របតាមគោលការណ៍ច្បាប់ គេមិនដែលដឹកនាំតាមស្របទៅតាមគំនិតចង់បានរបស់ក្រុមតូចមួយចំនួនតូចនោះទេ»។
ជុំវិញបញ្ហានេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាតមានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់ប្រជាពលរដ្ឋ ពីព្រោះមេដឹកនាំដែលគិតពីគ្រួសារនិយមបក្ខពួកនិយមមិនអាចដឹកនាំប្រទេសឱ្យមានស្ថិរភាព និងរីកចម្រើនបាននោះទេ។លោកបន្តថា លោក ហ៊ុន ម៉ាណែត គ្មានបិទពិសោធន៍ក្នុងការដឹកនាំជាតិនោះទេ ផ្ទុយទៅវិញនឹងធ្វើប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងរងការដាក់សម្ពាធពីអន្តរជាតិដោយសារតែការមិនគោរពសិទ្ធិមនុស្ស។
លោក ម៉ែន ណាត៖ «ស្វ័យសម្រេចចិត្តយ៉ាងម៉េច គាត់មានសិទ្ធិសម្រេចចិត្តយ៉ាងម៉េចឱ្យគាត់ធ្វើជានាយករដ្ឋមន្ត្រីគ្រាន់តែជានាយករដ្ឋមន្ត្រីប្រថាប់ត្រាហ្នឹងលោក ហ៊ុន សែន ចាត់ទុកលោក ហ៊ុន ម៉ាណែត ដូចជាកូនក្មេងរៀនដើរហ្នឹង។ លោក ហ៊ុន សែន គ្រាន់តែចាត់ទុកកូនប្រុសគាត់ត្រឹមតែជាកូនក្មេងចេះដើរៗអ៊ីចឹង គាត់ត្រូវតែដឹកដៃដើរតទៅទៀតកុំឱ្យវាដួលហើយពាក្យថា ដួលមានរឿងច្រើននៅក្នុងរឿងហ្នឹងបញ្ហា ហ៊ុន សែន មិនទុកចិត្តផ្ទៃក្នុងខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើនាយករដ្ឋមន្ត្រីក្នុងខែសីហាខាងមុខនេះ ប្ដេជ្ញាថា នៅពេលលោកក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ ការប្ដេជ្ញានេះទំនងលោកចង់បង្ហាញពីការអរគុណដែលឪពុករបស់លោកប្រគល់តំណែងសំខាន់មួយនេះ ឱ្យលោកគ្រប់គ្រង។
លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅពេលខាងមុខនេះក្រោយការបោះឆ្នោតមួយដែលគ្មានគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោត។ មុននឹងក្លាយជានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងចេញមុខការពារកូនប្រុសរបស់លោក និងថែមទាំងដំឡើងឋានៈរហូតជានាយឧត្ដមសេនីយ៍ផ្កាយ៤ បន្ទាប់ពីលោកកាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទជាមេបញ្ជាការកងទ័ពជើងគោកមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។
ពលរដ្ឋមិនរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសឱ្យមានសន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដនោះទេ ព្រោះលោក ហ៊ុន សែន នៅតែកាន់អំណាចជាក្បាលម៉ាស៊ីនដឹកនាំបក្ស និងស្ថាប័នកំពូលដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
