តុលាការ​លើក​ពេល​កាត់ក្ដី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ លោក ឃុន សូណា សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ទៅ​ពេល​ក្រោយ ព្រោះ​អវត្តមាន​មេធាវី​ការពារ​ក្ដី។ តុលាការ​ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​សម្រាប់​ការ​កាត់ក្ដី​សំណុំរឿង «ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» នេះ​នៅ​ឡើយ​ដែរ។

លោក​មេធាវី កែត ឃី ឱ្យ​ដឹង​ថ្ងៃ​ទី២២ ខែវិច្ឆិកា ថា មេធាវី​របស់​ការពារ​ក្ដី​លោក សៀម ភ្លុក គឺ​លោក​មេធាវី ជូង ជូងី និង​លោក​មេធាវី សំ សុគង់ អ្នក​ទាំង​ពីរ គ្មាន​វត្តមាន​នៅ​តុលាការ​ទេ។ លោក​ឱ្យ​ដឹង​ថា ក្រៅពី​អវត្តមាន​មេធាវី ការពារ​ក្ដី អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ដែរ​នោះ​អ្នក​ខ្លះ ក៏​មិន​ត្រូវ​បាន​សមត្ថកិច្ច​យាម​ទ្វារ​តុលាការ អនុញ្ញាត​ឱ្យ​ចូល​តុលាការ​ដែរ ព្រោះ​ពួក​គេ​មិន​ទាន់​ទទួល​ដីកា​ពី​តុលាការ៖

«លោក​មេធាវី ជូង ជូងី អត់​បាន​មក​គាត់​ទៅ​អាមេរិក ហើយ​លោក​មេធាវី ការពារ​កូន​ក្ដី​ច្រើន​នៅ​ក្នុង​រឿង​ហ្នឹង​អវត្តមាន គាត់​សុំ​ពន្យារ​ពេល​សវនាការ ចុះ​ដីកា​ម្ដង​ទៀត​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​មាន​វត្តមាន ជូង ជូងី និង​មេធាវី សំ សុគង់ ចូលរួម​ផង»។

សមត្ថកិច្ច​បាន​ដឹក​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក មក​តុលាការ​នៅ​ថ្ងៃ​ទី២២ ខែវិច្ឆិកា។ លោក សៀម ភ្លុក ក៏​បាន​ស្នើ​ទៅ​តុលាការ​សុំ​លើក​ពេល​សវនាការ​ផង​ដែរ ព្រោះ​លោក​ត្រូវ​ការ​មេធាវី​ជួយ​ការពារ​ក្ដី។

សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់​ពន្ធនាគារ​ព្រៃ​ស (ម១) កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ទាក់ទង​បទ​ចោទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។

សំណុំរឿង​នេះ ក៏​មាន​អ្នក​ពាក់ព័ន្ធ​ជាង ១០នាក់​ផ្សេង​ទៀត ប៉ុន្តែ​តុលាការ​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លើកលែង​តែ​លោក សៀម ភ្លុក ទេ ដែល​កំពុង​ជាប់​ឃុំ។

មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ទៅ​តុលាការ​គួរ​លើកលែង​ការ​ចោទ​ប្រកាន់​លោក សៀម ភ្លុក ព្រោះ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ គ្មាន​ចេតនា​ទុច្ចរិត ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ឡើយ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។