ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចលើកពេលសវនាការបទញុះញង់លើសកម្មជនបក្សប្រឆាំង ២នាក់ គឺលោក ឈួរ ផេង និងលោក ជុំ ពុទ្ធី ទៅចុងខែសីហា។ ប្រពន្ធសកម្មជនទាំង ២នាក់ ស្នើសុំតុលាការពន្លឿនសវនាការ និងដោះលែងប្ដី ដើម្បីពួកគេបានរស់នៅជួបជុំគ្នាវិញ។
មន្ត្រីតុលាការមិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលសវនាការសកម្មជនបក្សប្រឆាំងទាំង ២នាក់នេះទេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ខណៈដែលឆ្មាំពន្ធនាគារបានដឹកលោក ឈួ ផេង និង លោក ជុំ ពុទ្ធី មកដល់សាលាដំបូងរាជធានីភ្នំពេញរួចទៅហើយ។
ប្រពន្ធរបស់លោក ឈួរ ផេង គឺលោកស្រី ដុស គឹមទៀង ប្រាប់អាស៊ីសេរីថា ប្ដីរបស់លោកស្រីស្គមរីងរៃ ស្លេកស្លាំង ហើយឆ្លងជំងឺកូវីត១៩ (Covid-19) នៅក្នុងពន្ធនាគារទើបតែជាសះស្បើយ។ សកម្មជនទាំង ២នាក់ទាមទារឲ្យតុលាការដោះលែងពួកគេវិញ ដើម្បីបានចេញមកព្យាបាលជំងឺនៅខាងក្រៅឃុំ។ លោកស្រី ដុស គឹមទៀង សោកស្ដាយចំពោះមន្ត្រីតុលាការដែលលើកពេលសវនាការ ទៅពេលក្រោយ ហើយបន្តឃុំខ្លួនប្ដីរបស់លោកស្រី ទាំងឈឺ៖ « ប្ដីខ្ញុំតាំងពីជាប់មក១ឆ្នាំហើយ គាត់ ( តុលាការ ) សួរបានតែ ២ដងទេ។ ឥឡូវគាត់លើកទៅទៀតហើយ។ អ៊ីចឹងខ្ញុំចង់សំណូមពរទៅគាត់ឲ្យដឹងថា ទោសគាត់វាយ៉ាងម្ដេច ? អ្វីយ៉ាងម្ដេច ? ឲ្យសាកសួរទៅវាអត់មានអ្វីត្រូវចោទគាត់។ អ៊ីចឹងសុំឲ្យគាត់សម្រាក ឬដោះលែងឲ្យគាត់បាននៅក្រៅឃុំខ្លះមក»។
ចំណែកប្រពន្ធរបស់លោក ជុំ ពុទ្ធី គឺលោកស្រី ចេន សុវណ្ណា ថ្លែងថា លោកស្រីក៏ខ្លោចចិត្តដែរ ពេលលោកស្រីឃើញសភាពប្ដីត្រូវឆ្មាំពន្ធនាគារនាំមកតុលាការ។ លោកស្រីឲ្យដឹងថា លោក ជុំ ពុទ្ធី មានភាពស្លេកស្លាំង និងឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ដូចអ្នកជាប់ឃុំផ្សេងទៀតដែរ។ លោកស្រី ចាត់ទុកការឃុំខ្លួនប្ដីជិតមួយឆ្នាំមកនេះថា ជាការធ្វើបាបពលរដ្ឋស្លូតត្រង់។ លោកស្រីទាមទារឲ្យបញ្ឈប់ការឃុំខ្លួនលោក ជុំ ពុទ្ធី តាមអំពើចិត្តបន្តទៅទៀត៖ «អយុត្តិធម៌មែនទែន ចាប់ខ្លួនគាត់រយៈពេល ១ឆ្នាំអត់មានដំណោះស្រាយ អត់មានសវនាការ ហើយឃុំខ្លួននៅក្នុងពន្ធនាគារ ការហូបចុកក៏មិនគ្រប់គ្រាន់ ទឹកងូតក៏មិនគ្រប់គ្រាន់។ ឥឡូវឡើងជំងឺសើស្បែកពេញខ្លួន ហើយស្គម ហើយពេលផ្ទុះកូវីដខ្លាំងនោះ គាត់កើតកូវីដវិះហ្នឹងស្លាប់»។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែកក្កដានេះ។
អាស៊ីសេរីក៍មិនអាចទាក់ទងមេធាវីការពារក្ដីជនជាប់ឃុំ គឺលោក សំ សុគង់ និង លោក ឡោ ជុនធី ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានដែរ នៅថ្ងៃទី២៧ ខែកក្កដា។ ទោះយ៉ាងណា លោកមេធាវី សំ សុគង់ ធ្លាប់ប្រាប់អាស៊ីសេរីថា សកម្មភាពកូនក្ដីរបស់លោកទាំង ២ ជាការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់ ហើយគ្មានគោលបំណងញុះញង់ឡើយ។
ជុំវិញរឿងនេះមន្ត្រីសង្គមស៊ីវិលក៏យល់ស្របនឹងការលើកឡើងនេះដែរ។ នាយករងអង្គការលីកាដូទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក អំ សំអាត យល់ថា សកម្មភាពតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន កន្លងមកជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកសោកស្ដាយចំពោះបទចោទប្រកាន់ប្រឆាំងលើសកម្មជននយោបាយទាំង ២ នាក់ ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។ ទោះជាយ៉ាងណា សង្គមស៊ីវិលរូបនេះ ក៏ចង់ឃើញតុលាការពន្លឿនសវនាការ និងដោះលែងសកម្មជនទាំង២នាក់ឲ្យមានសេរីភាពវិញដែរ៖ «គួរតែរុញឲ្យមានសវនាការឲ្យបានឆាប់ទៅដើម្បី ទី១បើសិនជាសុខភាពទ្រុឌទ្រោម តុលាការគួរតែពិចារណាផងដែរ ទៅលើសុខភាពរបស់គាត់ ហើយបទហ្នឹងក៏ជាបទល្មើសមជ្ឈិមទៅទៀត។ យើងដឹងហើយថា ពន្ធនាគារយើងឥឡូវ អាភាពចង្អៀតណែនហ្នឹងវាច្រើនណា។ អ៊ីចឹងគួរតែពិនិត្យពិចារណាសម្រាប់ការដោះលែងណាមួយសម្រាប់គាត់ណា»។
នគរបាលបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំង ២នាក់ កាលពីខែដើមសីហា ឆ្នាំ២០២០ នៅក្នុងវត្តនួនមណីរាម ហៅ វត្តថាន់ ក្នុងពេលពួកលោកទៅឃ្លាំមើលករណីមន្ត្រីសង្ឃបង្ខំឲ្យព្រះសង្ឃ ៨អង្គ ឲ្យធ្វើកិច្ចសន្យាវិលត្រឡប់ទៅខេត្តបាត់ដំបងវិញ ហើយត្រូវឈប់ធ្វើសកម្មភាពទាមទារដោះលែងសកម្មជនព្រំដែន លោក រ៉ុង ឈុន តទៅទៀត។
សកម្មជនទាំង ២ នាក់ គឺ លោក ឈួ ផេង និង លោក ជុំ ពុទ្ធី ក៏ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ដែរ។ ពួកគាត់ត្រូវបាននគរបាល និងតំណាងអយ្យការបានចោទប្រកាន់ ២បទល្មើស គឺបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទផ្ដើមគំនិតញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
កន្លងមកអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនស្ថាប័នបានផ្កោលទោសចំពោះការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនិងទាមទារតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។