ចៅក្រមនឹង​ប្រកាស​សាលក្រម​រឿង​ កាក់ សុវណ្ណច្ឆ័យ កូន​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​ នៅ​ខែ​តុលា

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​កូន​ប្រុស​សកម្ម​ជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​មាន​ជំងឺ​ខ្សោយ​សតិ និង​ជា​អនីតិជន នៅ​ថ្ងៃ​ទី២៩ កញ្ញា ក្នុង​បទ​ចោទ​ញុះញង់​ និង​ផ្ដើម​​គំនិត​ជេរ​ប្រមាថ​រដ្ឋាភិបាល​។ ក្រោយ​​បញ្ចប់​សវនាការ ចៅក្រម​បាន​​ប្រកាស​ថា​នឹង​ចេញ​សាលក្រម​​នៅ​ពាក់​កណ្ដាល​​ខែ​ក្រោយ។ សាច់​ញាតិ​ មេធាវី និង​សង្គម​ស៊ីវិល ​រំពឹង​ថា​តុលាការ​នឹង​​​សម្រេច​ក្ដី​យុត្តិធម៌​ដោយ​ដោះលែង​យុវជន​កាក់ សុវណ្ណច្ឆ័យ ឲ្យ​មាន​សេរីភាព​វិញ។

ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក អ៊ួង វុទ្ធា បាន​គ្រវី​ក្បាល​សឹង​តែ​គ្រប់​ចម្លើយ ដែល​​យុវជន​កាក់ សុវណ្ណច្ឆ័យ បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ចៅក្រម។

ក្រុម​ចៅក្រម​ជំនុំ​ជម្រះ បាន​សួរ​ផ្ដោត​លើ​ពី​ការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) និង​ក្នុង​ក្រុម​នៃ​បណ្ដាញ​​សង្គម​តេឡេក្រាម (Group of Telegram) កាល​ពី​អំឡុង​ខែ​មេសា ដល់​ខែ​មិថុនា ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​។ តែ​យុវជន​កាក់ សុវណ្ណច្ឆ័យ ដែល​កំពុង​មាន​ជំងឺ​ខ្សោយសតិ ឬ​អូទីហ្សឹមផងនោះ មិន​​​យល់​ពី​សំណួរ​របស់​ចៅក្រម​ចង់​សួរ​ទេ ហើយ​ឆ្លើយ ឬ​និយាយ​បញ្ហា​ផ្សេង​ទៅ​វិញ បើ​ទោះ​ជា​ចៅក្រម​បាន​ព្យាយាម​សួរ​បញ្ជាក់​ច្រើន​ដង ឬ​ប្រើ​សំណួរ​ផ្សេង​ក៏​ដោយ។

ម្ដាយ​របស់​យុវជន​កាក់ សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចាន់ថា ត្រូវ​បាន​ចៅក្រម​អនុញ្ញាត​ឲ្យ​ចូល​ស្ដាប់​សវនាការ និង​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​ដឹង​ថា​​​ ការ​ដែល​យុវជន​កាក់ សុវណ្ណច្ឆ័យ ឆ្លើយ​មិន​ត្រូវ​សំណួរ​របស់​ចៅក្រម ព្រោះ​កូន​របស់​លោកស្រី ​មាន​បញ្ហា​ខ្សោយ​ខួរ​ក្បាល ឬ​ជំងឺ​អូទីហ្សឹម (Autism) ពី​កំណើត។ លោក​ស្រី​ អះអាង​ថា ស្ថានភាព​ជំងឺ​នេះ​បាន​វិវត្តន៍​កាន់​តែ​ធ្ងន់ ក្រោយ​ពេល​យុវជន កាក់ សុវណ្ណច្ឆ័យ ជាប់​ឃុំ​ជាង ៣ខែ​មក​នេះ។ លោកស្រី​បន្ត​ថា នៅ​ពេល​ចៅក្រម​សួរ​យូរ​ទៅ​ កាក់ សុវណ្ណច្ឆ័យ ចាប់​ផ្ដើម​ភ័យ​ស្លុត ទម្លាក់​ទឹក​មុខ​ចុះ និង​លែង​ឆ្លើយ​សំណួរ​របស់​ចៅក្រម​បន្ត​ទៀត។

ក្រៅពី​បញ្ហា​ខួរ​ក្បាល​ហើយ យុវជន​រូប​នេះ ក៏​ទ្រុឌទ្រោម​សុខភាព​​ដូច​អ្នក​ជាប់​ឃុំ​ផ្សេង​ដែរ។ ចំពោះ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ «ម២» វិញ យុវជន​រូប​នេះ​តែងតែ​អង្គុយ​សញ្ជឹង​តែ​ម្នាក់​ឯង និង​ម្ដងម្កាល​ច្រៀង​លេង​តែ​ឯង​ជាដើម។ លោកស្រី ព្រុំ ចាន់ថា ឲ្យ​ដឹង​ថា កូន​ប្រុស​ស្គមស្គាំង និង​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ដដែល បើ​ទោះ​ជា​យុវជន​កាក់ សុវណ្ណច្ឆ័យ ឆ្លើយ​មិន​ត្រូវ​សំណួរ​របស់​ចៅក្រម​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ​រាជ​អាជ្ញា​រង​លោក​ ហុង គឹមសាន នៅ​តែ​ព្យាយាម​ដាក់​បន្ទុក​បន្ថែម​លើ​យុវជន​កាក់ សុវណ្ណច្ឆ័យ ដែរ។ តំណាង​អយ្យការ​រូប​នេះ​បាន​អះអាង​ជំនួស​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថា យុវជន​កាក់ សុវណ្ណ​ច្ឆ័យ មាន​សុខភាព​ល្អ មាន​ការ​រៀន​សូត្រ​ខ្ពង់ខ្ពស់ ជា​ដើម។

ទោះ​យ៉ាង​ណា ក្ដី លោកស្រី ព្រុំ ចាន់ថា ជឿ​ជាក់​ថា តុលាការ​នឹង​ដោះលែង​កូន​ប្រុស ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ថ្ងៃ​ទី១៣ ខែ​តុលា​ខាង​មុខ៖ « ថ្ងៃ​ប្រកាស​សាលក្រម​ហ្នឹង ថ្ងៃ​ទី១៣ ខែ១០ ហ្នឹង ខ្ញុំ​គិត​ថា គាត់​គួរ​តែ​តម្រឹម ឬ​ក៏​ដោះលែង​ឲ្យ​កូន​ខ្ញុំ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឲ្យ​គាត់​មក​រៀន​សូត្រ​វិញ ព្រោះ​ឥឡូវ​សាលា​គេ​ជិត​បើក​វិញ​ហើយ។ ពេល​ដែល​គាត់​ជាប់ ( ពន្ធនាគារ ) អ៊ីចឹង​ទៅ​ ការ​រើស​អើង​ ( កូន​ )​ នៅ​តែ​មាន ហើយ​ពេល​មក​វិញ មិន​ដឹង​ថា គាត់ ( កូន ) ត្រូវ​ប្រឈម​មុខ​នឹង​អ្វី​ខ្លះ​ទេ។ អ៊ីចឹង​សុំ​ឲ្យ​គាត់​ ( តុលាការ )​ ដោះលែង​កូន​ខ្ញុំ​មក​វិញ​មក»

ក្នុង​ពេល​សវនាការ​នេះ មិន​មាន​សកម្មភាព​តវ៉ា ឬ​ការ​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នោះ​ទេ។ ចំណែក​ឆ្មាំ​ពន្ធនាគារ បាន​អនុញ្ញាត​ឲ្យ​លោកស្រី ព្រុំ ចាន់ថា បាន​ជួប​​​កូន​ប្រុស​បន្តិច​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ តែ​មិន​អនុញ្ញាត​ឲ្យ​ស្និទ្ធស្នាល​ជាមួយ​គ្នា​នោះ​ទេ។

នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រុក​ចូល​ចាប់​យុវជន កាក់ សុវណ្ណច្ឆ័យ ទាំង​អាធ្រាត្រ កាល​ពី​យប់​ថ្ងៃ​ទី២៥ មិថុនា ដោយ​ចោទ​ថា យុវជន​រូប​នេះ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តាម​រយៈ​ការ​ជជែក​គ្នា​ក្នុង​ក្រុម (Group) នៃ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។

លោក​ស្រី ព្រុំ ចន្ថា អះអាង​ថា ដើម​ហេតុ​រឿង​នេះ ដោយសារ​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​បណ្ដាញ​សង្គម​(Telegram) នោះ បាន​ជេរ​ប្រមាថ​លោកស្រី និង​ឪពុក​របស់​កាក់ សុវណ្ណច្ឆ័យ ឈ្មោះ កាក់ កុម្ភារ ថា ជា​ជន​ក្បត់​ជាតិ ដែល​បណ្ដាល​ឲ្យ​ក្មេង​ជំទង់​រូប​នេះ​ខឹង ហើយ​ជេរ​តប​ត​វិញ និង​ឈាន​ដល់​ការ​ប្រមាថ​រដ្ឋាភិបាល​ជា​ដើម។

ជុំវិញ​រឿង​នេះ​មេធាវី​ការពារ​ក្ដី​ឲ្យ​យុវជន កាក់ សុវណ្ណច្ឆ័យ លោក សំ សុគង់ បាន​ស្នើសុំ​ចៅ​ក្រម​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ពិនិត្យ​មើល​បញ្ហា​ខួរ​ក្បាល​កូន​ក្ដី តែ​ចៅក្រម​បដិសេធ។ ទោះ​ជា​យ៉ាង​ណា លោក​មេធាវី​បញ្ជាក់​ថា តាម​អាកប្បកិរិយា ការ​ឆ្លើយ​ក្នុង​សវនាការ​ អាការៈ​ប្រវត្តិ​នៃ​ជំងឺ ឬ​ស្ថានភាព​​ការ​រស់​នៅ​ជាដើម យុវជន កាក់ សុវណ្ណច្ឆ័យ គួរ​ត្រូវ​ទទួល​បាន​ការ​ដោះលែង​ ដោយសារ​​មាន​បញ្ហា​ខួរ​ក្បាល៖ «តុលាការ​គួរ​តែ​ពិចារណា​អំពី​ជំងឺ​របស់​គាត់​ហ្នឹង ហើយ​នឹង​ពេល​ដែល​គាត់​ប្រព្រឹត្តិ​បទ​ល្មើស​ហ្នឹង​តើ​គាត់ (កូន​ក្ដី ) យល់​ដឹង​ពី​ការ​ប្រព្រឹត្តិ​របស់​គាត់ ឬ​អត់ ! បើ​តាម​មាត្រា៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​ហ្នឹង គឺ​គេ​និយាយ​ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ហ្នឹង ចំពោះ​មនុស្ស​ដែល​គាត់​មាន​បញ្ហា​វិបល្លាសចិត្ត ឬ​ក៏​ជំងឺ​អូទីហ្សឹម​ហ្នឹង បើ​សិន​ជា​គាត់​មាន​នៅ​ពេល​ដែល​គាត់​បាន​ប្រព្រឹត្តិ​មែន គឺ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ទេ។ អ៊ីចឹង​តុលាការ​គួរ​ពិចារណា និង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព ឲ្យ​រួច​ផុត​ពី​បទ​ចោទ »។

យុវជន​ វ័យ​១៧​ឆ្នាំ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ចាប់​ឃុំ​ខ្លួន​ក្នុង​ប៉ុស្តិ៍​ប៉ូលិស ២យប់ ២ថ្ងៃ និង​បាន​ដាក់​ខ្នោះ​ដៃ​ ហើយ​​វាយ​ដំ និង​ដាល់​ផ្ទៃមុខ​ជា​ច្រើន​ដៃ ដោយសារ​​ការ​ចូល​ទៅ​ក្នុង​ទីស្នាក់ការ​គណៈ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ២០២០។

ក្រោយ​មក​ទើប​នគរបាល​បង្គាប់​ឲ្យ​យុវជន​រូប​នេះ ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។

នៅ​ចុង​ខែ​មេសា ជន​មិន​ស្គាល់​មុខ ២នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ឆ្មក់​គប់​យុវជន កាក់ សុវណ្ណច្ឆ័យ នឹង​ដុំឥដ្ឋ​តាន់​ត្រូវ​ចំ​ក្បាល​ខាង​ឆ្វេង​បណ្ដាល​ឲ្យ​របួស​ដេរ​អស់​ចំនួន ២០ថ្នេរ។ ហេតុការណ៍​អាក្រក់​ទាំង ២នេះ បាន​បណ្ដាល​ឲ្យ​ជំងឺ​ខ្សោយ​បញ្ញា​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ រើ​ឡើង​វិញ​ និង​ប៉ះពាល់​សតិ​អារម្មណ៍​ធ្ងន់ធ្ងរ គួប​ផ្សំ​នឹង​ចិត្ត​ខឹង ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ឪពុក​ដាក់​ពន្ធនាគារ​ស្រាប់។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង ជំរុញ​ឲ្យ​តុលាការ​ពិចារណា​លើ​សំណុំ​រឿង​នេះ​ឡើង​វិញ ហើយ​ធ្វើ​យ៉ាង​ណា​គួរ​តែ​ដោះ​លែង​​យុវជន កាក់ សុវណ្ណច្ឆ័យ ឲ្យ​មាន​ឱកាស​បាន​ទៅ​ព្យាបាល​ជំងឺ​របស់​ខ្លួន​នៅ​ខាង​ក្រៅ​ពន្ធនាគារ៖ « ខ្ញុំ​យល់​ថា​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ ជា​ពិសេស ទាក់ទង​នឹង​ការ​លើក​ទឹក​ចិត្ត​យុវជន​ហ្នឹង​ឲ្យ​គាត់​ទទួល​បាន​ការ​មើល​ថែ។ ជា​ពិសេស នៅ​ពេល​ដែល​អនីតិជន ហើយ​ជា​ជន​ហៅ​ថា ផ្នែក​សតិ​ស្មារតី​ផង​ហ្នឹង គួរ​តែ​ឲ្យ​គាត់​ជៀស​ផុត​ពី​ការ​ទទួល​បាន​នូវ​បទ​ល្មើស​ណា»

ក្នុង​សំណុំ​រឿង​នេះ គឺ​តុលាការ​បាន​កាត់​ទោស​តែ​យុវជន កាក់ សុវណ្ណច្ឆ័យ តែ​ម្នាក់​គត់ ​ដោយ​មិន​បាន​ចាប់​ខ្លួន ឬ​កោះហៅ​ភាគី​ជម្លោះ​ក្នុង​ក្រុម​តេឡេក្រាម (Group of Telegram) មក​សាក​សួរ​ឡើយ ខណៈ​ដែល​អ្នក​ច្បាប់​ និង​សង្គម​ស៊ីវិល​ចង់​ឲ្យ​មន្ត្រី​តុលា​ការ​ដោះលែង​យុវជន​កាក់ សុវណ្ណច្ឆ័យ ឬ​ត្រូវ​បញ្ជូន​យុវជន​នេះ​​​ទៅ​មណ្ឌល​ស្ដារ​នីតិ​សម្បទា ឬ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​របស់​ម្ដាយ​វិញ ក្នុង​លក្ខខណ្ឌ​មាន​​ជំងឺ​​សតិ​មិន​ប្រក្រតី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។