លោក ហ៊ុន សែន បញ្ជាឱ្យបាញ់ទម្លាក់ដ្រូន ឬយន្តហោះគ្មានមនុស្សបើកដែលហោះចូលទឹកដីកម្ពុជា
2023.06.27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា មានដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងលួចហោះចូលទឹកដីកម្ពុជាក្នុងខេត្តរតនគិរីដែលជាប់ព្រំដែនប្រទេសវៀតណាម។ លោក ហ៊ុន សែន ក៏បានដាក់បទបញ្ជាឱ្យបាញ់ទម្លាក់ដ្រូននោះផងដែរ។ ទោះយ៉ាងណា អ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំង សង្ស័យថា ករណីនេះជាល្បិចរបស់លោក ហ៊ុន សែន យកលេសបញ្ជាទ័ពនិងអាវុធដើម្បីបំភ័យពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
សារសំឡេងបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអគ្គមេបញ្ជាការ និងអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឱ្យបញ្ចេញអាវុធ និងកងទ័ពទៅព្រំដែនកម្ពុជាជាប់ប្រទេសវៀតណាម ជាការប្រញាប់។ លោក ហ៊ុន សែន ក៏បានបញ្ជាទៅលោក ហ៊ីង ប៊ុនហៀង ដែលជាប្រធានក្រុមអង្គរក្សផ្ទាល់របស់លោក ឱ្យដឹកអាវុធទំនើប២០០ដើម ដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះ និងកងទ័ពកម្លាំងពិសេសចំនួន៥០០នាក់ ទៅព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តរតនគិរី នៅតំបន់ដែលដ្រូន ឬយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជា។ សារសំឡេងលោក ហ៊ុន សែន ដែលមានរយៈពេលជាង ៦នាទី បង្ហោះក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកថ្ងៃទី២៧ ខែមិថុនា លោកបើកដៃឱ្យកងទ័ពរបស់លោក បាញ់ទម្លាក់ដ្រូនណាដែលហោះចូលទឹកដីកម្ពុជា ហើយត្រូវស៊ើបអង្កេតរកប្រភពរបស់ដ្រូននោះ។
លោក ហ៊ុន សែន៖ «អ្វីដែលជាបញ្ហានោះគឺដ្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីកម្ពុជាយើងជាបន្តបន្ទាប់នៅក្នុងតំបន់នៃខេត្តរតនគិរី យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើងដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយដែលហោះចូលទឹកដីកម្ពុជា សូមចាត់ចែងជាបន្ទាន់ទាំងកម្លាំង និងអាវុធដែលនៅបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំងនិងអាវុធនៅអង្គភាពប្រឆាំងភេរវកម្ម»។
បើទោះជាលោក ហ៊ុន សែន ចោទប្រកាន់ថា ថា ដ្រូននោះលួចហោះចូលទឹកដីកម្ពុជា ក្នុងតំបន់ព្រំដែនប្រទេសវៀតណាមក្ដី តែលោកមិនទាន់បញ្ជាក់ថា ដ្រូននោះហោះចេញពីទឹកដីរបស់វៀតណាមនោះទេ។ លោក ហ៊ុន សែន គ្រាន់តែបញ្ជាក់ ថា ភាគីវៀតណាម បានប្រាប់លោកថា ដ្រូននោះមិនមែនជារបស់រដ្ឋាភិបាលវៀតណាមទេ។
លោក ហ៊ុន សែន ឱ្យដឹងដែរថា ក្រុមប្រដាប់អាវុធ ដែលបានផ្ទុះអាវុធជាមួយអាជ្ញាធរវៀតណាម កាលពីជាងពីរសប្ដាហ៍មុន ក្នុងខេត្តជាប់ព្រំដែនកម្ពុជាបានលួចរត់ចូលទឹកដីកម្ពុជា។
ឆ្លើយតបនឹងបទបញ្ជារបស់លោក ហ៊ុន សែន អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទលោក ហ៊ីង ប៊ុនហៀង បានដឹកនាំកងទ័ពកម្លាំងពិសេសចំនួន៥០០នាក់ និងបញ្ជូនអាវុធទំនើប២០០ដើម ចេញពីភ្នំពេញឆ្ពោះ ទៅដល់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី នៅថ្ងៃទី២៧ ខែមិថុនា ដដែលនេះ។
លោក ហ៊ុន សែន នៅល្ងាចថ្ងៃដដែលក៏បានចេញសារសំឡេងមួយទៀត ស្នើទៅពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តត្បូងឃ្មុំជាដើមកុំឱ្យមានការភ័យខ្លាចចំពោះការចល័តទ័ពនេះ។
ទោះយ៉ាងណា អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា នេះជារឿងចម្លែក ព្រោះបើសម្ដីរបស់លោក ហ៊ុន សែន ដ្រូននោះទំនងហោះចេញពីទឹកដីវៀតណាម តែគេមិនទាន់ឃើញប្រតិកម្មពីរដ្ឋាភិបាលវៀតណាមនៅឡើយទេ តែបែរជារដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចេញប្រតិកម្មខ្លាំងខណៈកម្ពុជាកំពុងរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខ។ លោក គឹម សុខ បន្តថា ចំណុចនេះជាការគួរសង្ស័យថា ជាល្បិចរបស់លោក ហ៊ុន សែន ដែលមានបំណងបំភ័យពលរដ្ឋក្នុងរដូវបោះឆ្នោត ធ្វើឱ្យពលរដ្ឋភ័យខ្លាច ហើយទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដើម្បីទទួលបានសុវត្ថិភាព ឬសន្តិភាព។
លោក គឹម សុខ៖ «វាមិនមែនជារឿងជនជាតិភាគតិច មានសមត្ថភាពធ្វើដ្រូនបង្ហោះបន្លាចលោក ហ៊ុន សែន ទេ ប៉ុន្តែ លោក ហ៊ុន សែន អាចប្រើយុទ្ធនាការបែបហ្នឹងដើម្បីពញ្ញាក់ព្រឹត្តិការណ៍ឬក៏បន្លាចពលរដ្ឋក្នុងគោលដៅក្ដោបអំណាចរបស់ខ្លួនឱ្យណែនក៏ទំនងលោក ហ៊ុន សែន បំផុសភ្ជាប់សាច់រឿងហ្នឹងទៅលោក សម រង្ស៊ី ដើម្បីទប់ស្កាត់យុទ្ធនាការរបស់លោក សម រង្ស៊ី ដែលអំពាវនាវទៅពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលដើម្បីប្រឆាំងអយុត្តិធម៌»។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងដែរថា ជិតបោះឆ្នោតល្ខោនរឿងថ្មីចាប់ផ្តើមសម្ដែងហើយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី (Malaysia) លោក ម៉ន ផល្លា សង្កេតឃើញថា លោក ហ៊ុន សែន តែងតែយកបញ្ហានៅព្រំដែន មកបន្លាចពលរដ្ឋនៅពេលមានការបោះឆ្នោតម្ដងៗ។ លោកបន្តទៀតថា មូលហេតុដែលលោក ហ៊ុន សែន បង្កើតព្រឹត្តិការណ៍នេះឡើងព្រោះខ្លាចពលរដ្ឋមិនទៅបោះឆ្នោត ខណៈគ្មានគណបក្សភ្លើងទៀនដែលជាគណបក្សធំជាងគេចូលរួមការបោះឆ្នោតខាងមុខ។
លោក ម៉ន ផល្លា៖ «កន្លងទៅគឺបញ្ហាព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ហើយឆ្នាំថ្មីនេះឆ្នាំ២០១៨នេះក៏មានព្រឹត្តិការណ៍ជម្លោះព្រំដែនរវាងប្រទេសឡាវ ជាមួយកម្ពុជា ដូចគ្នាអ៊ីចឹងដែរ ហើយថ្ងៃនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ចេញកម្លាំងកងទ័ពអ៊ីចឹងហើយខ្ញុំគិតថា ជាពេលវេលាបោះឆ្នោតជិតមកដល់អ៊ីចឹង អាជ្ញាធរនៃរបបក្រុងភ្នំពេញ ដែលលោក ហ៊ុន សែន តែងតែរៀបចំធ្វើគឺបានបង្កើតបញ្ហានេះដូចកន្លងហើយអ៊ីចឹងដែរបាទ»។
រដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់កើបសន្លឹកបានច្រើនសន្ធឹកពីពលរដ្ឋ កាលពីការបោះឆ្នោតឆ្នាំ២០០៨ ដោយកាលនោះមានព្រឹត្តិការណ៍ផ្ទុះជាមួយថៃ រឿងប្រាសាទព្រះវិហារ។ បើទោះជាការបោះឆ្នោតឆ្នាំ២០២៣នេះ កម្ពុជាគ្មានជម្លោះព្រំដែនជាមួយថៃ តែលោក ហ៊ុន សែន តែងនិយាយបំភ័យពលរដ្ឋពីបញ្ហាផ្ទុះអាវុធក្នុងទឹកដីវៀតណាម ជាប់ព្រំដែនខេត្តរតនគិរីវិញម្ដង។ អ្នកវិភាគនយោបាយនិងមន្ត្រីបក្សប្រឆាំង ស្នើទៅពលរដ្ឋកុំឱ្យចាញ់បោកលោក ហ៊ុន សែន ហើយរក្សាជំហរថា ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋ តែប្រសិនបើពលរដ្ឋរងការបង្ខិតបង្ខំឱ្យទៅបោះឆ្នោត ពេលចូលក្នុងបន្ទប់បោះឆ្នោតពលរដ្ឋអាចគូសខ្វែងលើសន្លឹកឆ្នោតនោះចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។