ប៉ូលិស​ក្រុង​ប៉ោយប៉ែត​គំរាម​កំហែង​​​ម្ចាស់​​ផ្ទះ ​ដែល​​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ជួបជុំ​ធ្វើ​យុទ្ធនាការ​គាំទ្រ​​លោក សម រង្ស៊ី​ វិល​​ចូល​​ស្រុក

0:00 / 0:00

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២ មករា ​ឆ្នាំ​២០១៩ បាន​ហៅ​ម្ចាស់​ផ្ទះ​ឲ្យ​ផ្ដិត​ស្នាម​មេ​ដៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​លើ​ការ​អនុញ្ញាត​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ជាង ១០០នាក់​ជួប​ជុំ​គ្នា​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ទង្វើ​នេះ​ថា ជា​ការ​គំរាមកំហែង និង​រំលោភ​ច្បាប់។

សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​ នៅ​ខេត្ត​បន្ទាយមានជ័យ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់។

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​គណបក្ស សង្គ្រោះ​ជាតិ លោក ឆាំ សុភ័ណ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២មករា​ថា ពួកគាត់​ជាង​១០០​នាក់​បាន​ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព នៅ​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយប៉ែត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១មករា។

មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ទៀត​ថា ពួកគាត់​បាន​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី​ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​មាន​តែ​លោក​ទេ​ដែល​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​បាន​រស់​ឡើង​វិញ​បាន។លោក​ថា​ ពួកគាត់​ក៏​បាន​ត្រៀម​ចាំ​ទទួល​លោក​សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​ដែរ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​របប​លោក ហ៊ុន សែន​ ធ្វើ​ទុក្ខបុកម្នេញ​នោះ​ឡើយ៖ « ព្រោះ​យើង​ជឿជាក់​លើ​ពួកគាត់​ថា​មាន​តែ​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ដែល​អាច​ផ្លាស់​ប្ដូរ​របប​សព្វ​ថ្ងៃ​បាន ហើយ​ប្រសិន​បើ​លោក សម រង្ស៊ី ជាប់​គុក ពួក​គាត់​ទាំង​អស់​គ្នា​ក៏​សុខ​ចិត្ត​ជាប់​គុក​ជា​មួយ​គាត់​ដែរ ព្រោះ​អី​សង្គម​សព្វ​ថ្ងៃ​វា​លំបាក​ជាង​នេះ​ទៀត​ ព្រោះ​យើង​ប្រៀប​ដូច​ជាប់​គុក​ដែរ​សព្វ​ថ្ងៃ​នេះ​ ព្រោះ​មិន​សិទ្ធិ​សេរី​ភាព​នោះ​ទេ​ ដោយសារ​កន្លង​មក​នៅ​ពេល​មាន​បញ្ហា​អ្វី​ប្ដឹង​មិន​ដែល​ឈ្នះ​អ្នក​មាន​អំណាច​ទេ »

លោក​បន្ថែម​ថា​ ប៉ូលិស​សង្កាត់​ប៉ោយប៉ែត​ ក៏​បាន​ហៅ​ម្ចាស់​ផ្ទះ​ ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​នេះ​ទៅ​សាកសួរ​ប្រមាណ​ ១ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មករា។

ទាក់ទង​នឹង​បញ្ហា​នេះ​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត លោក អឹម សុភារៈ មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​ចុច​ផ្ដាច់​ទៅ​វិញ។

ប៉ុន្តែ​ម្ចាស់​ផ្ទះ​ដែល​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធី​ការ​​ជួបជុំ​គ្នា លោក ខាន់ ឡៃ អះអាង​ប្រាប់​អាស៊ី​សេរី​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត លោក អឹម សុភារៈ បាន​បង្ខំ​ឲ្យ​លោក​ផ្ដិត​ស្នាម​មេដៃ​ទទួល​ខុស​ត្រូវ​ពី​ការ​អនុញ្ញាត​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ជួប​ជុំ​គ្នា​នេះ។ លោក​ថា ក្រោយ​ពី​ការ​សាកសួរ និង​ផ្ដិត​ស្នាម​មេដៃ និង​ធ្វើ​កំណត់​ហេតុ​ហើយ លោក អឹម សុភារៈ ក៏​បាន​ឲ្យ​លោក​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល៖ «និយាយ​ទៅ​គាត់​សួរ​យើង​ច្រើន​ គាត់​សួរ​ថា​ខ្ញុំ​នៅ​ប៉ោយប៉ែត​ពី​ឆ្នាំ​ណា​មក​ ធ្វើ​ការងារ​អី​ហើយ​ស្រុក​កំណើត​នៅ​ណា​ ហើយ​សួរ​ថា​កម្មវិធី​អី​ ហើយ​ខ្ញុំ​ឆ្លើយ​ថា​កម្ម​វិធី​ឡើង​ផ្ទះ​ បាន​ន័យ​ថា​សួរ​ចង់​គំរាម​អី​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ខុស​ផង​ ។ហើយ​ដល់​គាត់​ហៅ​ទៅ​សួរ​ដូច្នេះ​ខ្ញុំ​មាន​ការ​មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ក៏​ហៅ​ទៅ​សួរ​ដែរ​ខ្មែរ​យើង​ មិន​គួរ​ណា​ដល់​ថ្នាក់​នេះ​ពេក »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ការ​ជុំ​ជួប​គ្នា​ថ្លែង​សារ​គាំទ្រ​គណបក្ស​នយោបាយ​នេះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​មិន​ខុស​ច្បាប់​នោះ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​​​ដែល​បាន​គំរាមកំហែង​និង​​​រារាំង​ពលរដ្ឋ​​ទៅ​វិញ​ទេ ជា​អ្នក​ខុស​ច្បាប់ ហើយ​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ ព្រោះ​ជា​ការ​គំរាមកំហែង​បាន​បិទ​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​របស់​ពលរដ្ឋ៖ «ដូច្នេះ​មិន​មែន​ចាត់​ទុក​ថា​ជា​ការ​ជួប​ជុំ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទេ​ អ្នក​ដែល​ថា​រឿង​នេះ​ជា​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​គឺ​ជា​ការ​រឹតត្បិត​ពេល​ហើយ​ ហើយ​ការ​ធ្វើ​ដូច្នេះ​ប្រទេស​ដែល​កាន់​ប្រជាធិបតេយ្យ គេ​មិន​ដែល​ធ្វើ​បែប​នេះ​ទេ ព្រោះ​មាន​តែ​ប្រទេស​កាន់​របប​កុំមុយនិស និង​របប​ផ្ដាច់ការ​ទេ​ដែល​គេ​ធ្វើ​ដូច្នោះ »

ទោះ​ជា​យ៉ាង​ណា​ក្ដី ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បាន​ទូរស័ព្ទ​ទៅ​អ្នក​ចូល​រួម​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ដែល​បាន​ក្នុង​ពិធី​នេះ ជា​ច្រើន​នាក់​ឲ្យ​ចូល​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ ក្នុង​នោះ​មាន​អតីត​ចៅ​សង្កាត់​ផ្សារ​កណ្ដាល​អ្នក​ស្រី​ ឃុន ចន្ទី ក៏​ត្រូវ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ទូរស័ព្ទ​ហៅ​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ក្រុង​ដែរ។ អ្នក​ស្រី ឃុន ច័ន្ទី អះអាង​ថា ប៉ូលិស​ដែល​ទូរស័ព្ទ​មក​រក​អ្នក​ស្រី​នោះ​ មិន​បាន​ប្រាប់​ឈ្មោះ​ទេ ដោយ​បាន​ប្រាប់​ឲ្យ​អ្នក​ស្រី​ថា ប្រសិន​បើ​មិន​ទៅ​ជួប​តាម​ការ​ក្នុង​ថ្ងៃ​ដដែល​នេះ​ទេ ប៉ូលិស​នឹង​ចេញ​លិខិត​កោះ​ហៅ​ទៀត​ផង។

បន្ថែម​ពី​នេះ​ទៀត​ នៅ​រសៀល​ថ្ងៃ​ដដែល ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​១០​នាក់ បាន​​ទៅ​រក​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​មួយ​នេះ​​ដល់​ទី​កន្លែង​ទៀត​ផង។

អ្នក​ស្រី​ឃុន ចន្ទី និង​លោក ឆាំ សុភ័ណ អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​នេះ​ក្ដី​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ព្រោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បិទ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​អស់​ជាង​១ឆ្នាំ​ហើយ ដូច្នេះ​ពួកគាត់​នឹង​នៅ​តែ​បន្ត​ជួប​ជុំ​គ្នា​សម្ដែង​មតិ ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​រហូត​មាន​ដំណោះ​ស្រាយ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។