"ពលរដ្ឋនឹងនៅតែរងការរឹតត្បិតសិទ្ធិនយោបាយខ្លាំងដដែល បើគ្មានការសើរើ ឬលុបច្បាប់រំលាយបក្សនយោបាយ"
2019.11.28
ក្រុមអ្នកជំនាញសិទ្ធិនយោបាយ និងអ្នកវិភាគ ចង់ឃើញរដ្ឋាភិបាលពិនិត្យឡើងវិញ ឬលុបចោលច្បាប់ទាំងឡាយដែលរបបនេះបានបង្កើតឡើងក្រោយឆ្នាំ២០១៧ ដើម្បីបើកផ្លូវទៅរម្លាយគណបក្សសង្គ្រោះជាតិ និងយកអាសនៈគណបក្សនេះទៅចែកឱ្យគណបក្សដទៃទៀតដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ ស្របពេលគណៈកម្មការអឺរ៉ុប ទុករយៈពេល ១ខែ ឱ្យរបបក្រុងភ្នំពេញឆ្លើយតបនឹងរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ធ្នូ ចុងឆ្នាំនេះ ដែលរកឃើញថា មានការរំលោភសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។ ពួកគេព្រមានថា ប្រសិនបើមានការសម្រុះសម្រួលនយោបាយណាមួយនាពេលខាងមុខ ហើយគ្មានការសើរើ ឬលុបចោលច្បាប់ទាំងនេះនោះទេ នោះពលរដ្ឋកម្ពុជានឹងនៅតែទទួលរងការរឹតត្បិតខ្លាំងខាងផ្នែកសិទ្ធិនយោបាយដដែល។
ស្របពេលដែលរបបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ហាក់បង្ហាញជំហរទន់ភ្លន់ ចង់បន្ធូរបន្ថយស្ថានការណ៍នយោបាយ ដើម្បីជាការផ្គាប់ចិត្តសហភាពអឺរ៉ុបកុំឱ្យឈានទៅសម្រេចព្យួរប្រព័ន្ធអនុគ្រោះ EBA របស់ខ្លួន ដែលអាចធ្វើឱ្យកម្ពុជាប្រឈមកាន់តែខ្លាំងផ្នែកសេដ្ឋកិច្ចនោះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិនយោបាយ និងអ្នកវិភាគ ព្រមានថា ការត្រូវរ៉ូវគ្នាផ្នែកនយោបាយណាមួយនាពេលខាងមុខ ដែលគ្មានការលុបចោលច្បាប់នានាដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យនោះ នឹងមិនអាចដោះស្រាយបញ្ហាកម្ពុជាជាយូរអង្វែងបាននោះទេ។ ផ្ទុយទៅវិញពួកគេថា សង្គមកម្ពុជា នឹងនៅតែបន្តហែកហួរគ្នា និងឈ្លោះគ្នារវាងអ្នកនយោបាយមិនចេះចប់ មិនចេះហើយ។ ច្បាប់ទាំងនោះ ដែលពួកគេហៅថា ជាច្បាប់ធ្វើឱ្យធាក់ថយក្រោយនៃប្រជាធិបតេយ្យ ឬប្រឆាំងនឹងគោលការណ៍ស្នូលប្រជាធិបតេយ្យនោះ រួមមានច្បាប់រំលាយគណបក្សនយោបាយ និងច្បាប់យកអាសនៈគណបក្សនយោបាយដែលបានរំលាយទៅបែងចែកឱ្យគណបក្សដទៃដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យជាដើម។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស កាលពីថ្ងៃទី២៦ វិច្ឆិកា ព្រមានថា ប្រសិនបើគ្មានការកែប្រែច្បាប់ទាំងនោះ ឱ្យត្រលប់ទៅរកស្ថានភាពដូចដើមកាលពីមុនឆ្នាំ២០១៧នោះទេ នោះការចូលរួមក្នុងសកម្មភាព និងការប្រកួតប្រជែងនយោបាយនឹងនៅតែមានបញ្ហាដដែល៖ «និយាយរួមវិសោធនកម្មច្បាប់ថ្មីៗ ក្រោយការបោះឆ្នោតឆ្នាំ២០១៧ គួរតែត្រលប់ទៅរកភាពដើមវិញ។ ដូច្នេះ រាល់ច្បាប់ទាំងឡាយដែលធ្វើឡើងក្រោយឆ្នាំ២០១៧ គួរតែត្រលប់ទៅភាពដើមវិញ។... ច្បាប់ទាំងឡាយណាដែលធ្វើឡើងក្រោយឆ្នាំ២០១៧ ដែលមានការធ្វើវិសោធនកម្មចុងក្រោយនេះ បើសិនជាមិនមានការត្រលប់ទៅភាពដើមវិញទេ ការប្រកួតប្រជែងក្នុងភាពនយោបាយទៅមុខ វានៅតែជាប់បញ្ហាដដែលទេ ពីព្រោះលក្ខខណ្ឌជាច្រើន ដែលទាក់ទងជាពិសេស ជនជាប់ចោទដែលត្រូវចោទប្រកាន់ហើយ មិនអាចទៅធ្វើសកម្មភាពនយោបាយ ឬបានរម្លាយជាប់ពាក់ព័ន្ធ... នេះជារឿងសំខាន់ណាស់ ព្រោះវាពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ។ បើមានការរឹតបន្តឹងទៀត នោះវាជាបញ្ហា»។
ដោយឡែក អ្នកជំនាញខាងសិទ្ធិនយោបាយ និងបោះឆ្នោតមួយរូបទៀត គឺលោក សម គន្ធាមី ប្រធានអង្គការនិចហ្វិក លើកឡើងស្រដៀងគ្នាដែរថា ច្បាប់ធ្វើវិសោធនកម្មទាំងឡាយទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងព្រិទ្ធសភា ជាដើមនោះ ធ្វើឡើងផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ ហើយជាច្បាប់ដែលធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ ព្រោះច្បាប់ទាំងនេះ បានបំផ្លាញឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោត។ លោកព្រមានថា នឹងពុំមានការបោះឆ្នោតដោយសេរីនោះទេ ប្រសិនបើច្បាប់ទាំងនេះនៅតែមានធរមាន ជាការរឹតត្បិតសិទ្ធិនយោបាយនោះ៖ «ច្បាប់វិសោធនកម្មទាំងអស់នេះ ទាំងច្បាប់ស្ដីពីគណបក្សនយោបាយក៏ដោយ ទោះបីជាមានការចរចាគ្នា គឺតម្រូវចាំបាច់ឱ្យមានធ្វើវិសោធនកម្មសារឡើងវិញ ដើម្បីធានាសិទ្ធិនយោបាយ។ សិទ្ធិនយោបាយរបស់គណបក្សនយោបាយក្តី របស់ពលរដ្ឋទូទៅក៏ដោយ ដើម្បីធានាអាហ្នឹងវិញបាន។ បើសិនជាមានការរឹតត្បិតសិទ្ធិនយោបាយ ដូច្នេះក៏គ្មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ»។
ដូចគ្នានេះដែរ សម្រាប់អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ហៅច្បាប់ទាំងនោះថា ជាច្បាប់ដែលអ្នកនយោបាយបក្សកាន់អំណាចធ្វើឡើងដើម្បីកាត់ក្បាលតម្រូវមួក ហើយបើមិនមានការកែប្រែច្បាប់ទាំងនេះទៅរកសភាពដើមវិញនោះទេ នោះសង្គមខ្មែរនឹងនៅតែបែកបាក់ មានជម្លោះផ្ទៃក្នុងជារៀងរហូត ព្រោះអ្នកមានអំណាចនឹងយកច្បាប់ទាំងនេះទៅជិះជាន់យកឈ្នះលើអ្នកគ្មានអំណាចដដែល៖ «បើសិនជាមិនវិលទៅពិនិត្យរឿងអស់ហ្នឹងឡើងវិញទេ វានឹងនៅតែវិលត្រលប់មកលងអ្នកនយោបាយខ្មែរវិញដដែល ហើយយើងនឹងដើរចូលទៅក្នុងរឿងរ៉ាវដដែលៗ ដូចខ្មែរយើងនិយាយថា វាអត់មានអីប្លែកសម្រាប់គាត់។ ... ច្បាប់នេះវាអត់បានបង្ហាញនូវយុត្តិធម៌ពិតប្រាកដចេញពីសេចក្ដីចែងដែលមានក្នុងច្បាប់រួចហើយ។ បើមិនត្រលប់ទៅធ្វើការពិនិត្យមើលឡើងវិញ ហើយធ្វើការកែប្រែទេ ច្បាប់នេះនឹងនៅតែត្រូវបានយកមកគ្របដណ្ដប់ ហើយបន្តឱ្យមានជម្លោះផ្ទៃក្នុង ហើយអ្នកណាដែលមានអំណាចទៅថ្ងៃខាងមុខ គេអាចនៅតែប្រើច្បាប់ទាំងនេះ ដើម្បីជិះជាន់អ្នកដែលអត់មានអំណាច ឬអ្នកអត់មានឥទ្ធិពលដដែលវិញទេ»។
ការលើកឡើង និងទទូចចង់ឃើញឱ្យមានការកែប្រែ ឬលុបចោលលក្ខខណ្ឌច្បាប់ទាំងនេះពីសំណាក់ក្រុមអ្នកជំនាញសិទ្ធិនយោបាយ និងអ្នកវិភាគនេះ កើតមានឡើងស្របពេលគណៈកម្មការអឺរ៉ុបទុករយៈពេលមួយខែ គឺយ៉ាងយូរត្រឹមថ្ងៃទី១២ ធ្នូចុងឆ្នាំនេះ ឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួន ដែលរកឃើញថា មានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅកម្ពុជា ដែលផ្ទុយពីកតិ្តកាសសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងយកមកចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធអត្ថាធិប្បាយជុំវិញការទទូចចង់ឃើញពីក្រុមអ្នកជំនាញផ្នែកសិទ្ធិនយោបាយ និងអ្នកវិភាគ ព្រមទាំងរបាយការណ៍វាយតម្លៃបឋមរបស់សហភាពអឺរ៉ុបនេះ។ លោកជំរុញឱ្យទៅសួរលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដែលជាស្ថាប័នដឹកនាំអន្តររដ្ឋាភិបាលទទួលបន្ទុកកិច្ចការដោះស្រាយបញ្ហាអ៊ីប៊ីអេ (EBA) ជាមួយគណៈកម្មការអឺរ៉ុប។
លោក កុយ គួង ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៧ វិច្ឆិកា តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមយ៉ាងខ្លីថា រដ្ឋាភិបាលកំពុងសិក្សាលើរបាយការណ៍នេះ៖ «នៅពេលនេះខាងកម្ពុជាមិនទាន់មានមតិអីទៅហ្នឹងរបាយការណ៍នោះទេ។ គឺយើងកំពុងតែពិនិត្យមើលសិក្សាមើលសិន»។
លោកព្យាយាមមិនឆ្លើយតបទៅនឹងខ្លឹមសារនៃរបាយការណ៍របស់គណៈកម្មការអឺរ៉ុប ដោយលោករក្សាជំហររបស់ក្រសួងការបរទេសថា ខ្លឹមសារនៃរបាយការណ៍ដែលអាស៊ីសេរីផ្សាយនេះ គឺខុសពីរបាយការណ៍ផ្លូវការដែលកម្ពុជាទទួលបានផ្ទាល់ពីគណៈកម្មការសហភាពអឺរ៉ុប។
ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ទទួលស្គាល់ថា របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ពិតជាបានសម្តែងការព្រួយបារម្ភអំពីបញ្ហាសិទ្ធិនយោបាយនៅកម្ពុជាមែន៖ «យើងពិនិត្យទៅលើរបាយការណ៍សម្ងាត់ដែលសហភាពអឺរ៉ុប ផ្ញើមកឱ្យរដ្ឋាភិបាលហ្នឹង គឺមិនមានខ្លឹមសារដូចរបាយការណ៍របស់អាស៊ីសេរីនោះទេ។ អ្វីដែលគេបង្ហាញគឺជាលទ្ធផលដែលគេរកឃើញនៅក្នុងបេសកកម្មស្វែងរកការពិតលើកទីពីរ។ ក្នុងនោះគេបានកត់សម្គាល់ឃើញមានការរីកចម្រើនជាវិជ្ជមានជាច្រើននៃការអនុវត្តសិទ្ធិលើគ្រប់វិស័យ។ ក៏ប៉ុន្តែ ក៏បង្ហាញនូវក្តីកង្វល់ទៅលើទិដ្ឋភាពនយោបាយមួយចំនួន ហើយដែលរដ្ឋាភិបាល កំពុងតែធ្វើការពន្យល់ និងឆ្លើយតបទៅវិញ ហើយនឹងសហការយ៉ាងជិតដិតជាមួយសហគមន៍អឺរ៉ុបក្នុងការធ្វើការពន្យល់ ធ្វើការជជែក និងធ្វើការទំនាក់ទំនងគ្នាតទៅមុខទៀត»។
មន្ត្រីរដ្ឋាភិបាលទាំងនេះ សុទ្ធតែហៅរបាយការណ៍របស់គណៈកម្មការអឺរ៉ុបនេះថា ជារបាយការណ៍សម្ងាត់ ហើយពុំបានបង្ហាញឆន្ទៈណាមួយក្នុងការចែករំលែករបាយការណ៍នេះជាសាធារណៈនោះទេ។
ផ្ទុយពីការអះអាងរបស់លោក ជិន ម៉ាលីន នេះ របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុបមុននឹងឈានទៅសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអាស៊ីសេរីទទួលបានមុនគេ ពីប្រភពផ្លូវការរបស់គណៈកម្មការអឺរ៉ុបនេះ គឺមានភាពស៊ីសង្វាក់គ្នា ដូចសារព័ត៌មានដទៃទៀត ទើបទទួលបានចុងក្រោយនេះ រួមមានវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម។
គណៈកម្មការអឺរ៉ុប រកឃើញថា ចំណាត់ការដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧មក ជាពិសេសការធ្វើវិសោធនកម្មទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ការរម្លាយគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈគណបក្សនេះនៅក្នុងសភាជាតិ និងក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌឃុំនិងសង្កាត់ បង្កើតផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ ការចូលរួមក្នុងសកម្មភាពនយោបាយ និងប្រព័ន្ធសេរីពហុបក្សនៅកម្ពុជា។ របាយការណ៍ដដែលកត់សម្គាល់ថា គិតត្រឹមថ្ងៃដាក់របាយការណ៍ដល់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ វិច្ឆិកា កម្ពុជា ពុំបានចាត់វិធានការណ៍ចាំបាច់ ដើម្បីដោះស្រាយរាល់អំពើរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើសិទ្ធិនយោបាយនោះទេ។ គណៈកម្មការអឺរ៉ុប ចាត់ទុកថា ចំណាត់នានាដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនៅមុន និងក្រោយការបោះឆ្នោត បានបង្កជាឧបសគ្គរារាំង មិនឱ្យពលរដ្ឋកម្ពុជា អាចអនុវត្តបានពេញលេញនូវសិទ្ធិនយោបាយ ក្នុងនោះរួមមានសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ សិទ្ធិបោះឆ្នោត និងឈរជាអ្នកតំណាងឱ្យពលរដ្ឋបោះឆ្នោតឱ្យនៅក្នុងការបោះឆ្នោតពិតប្រាកដ ព្រមទាំងសិទ្ធិទទួលបានសេវាសាធារណៈដោយគ្មានការរើសអើង។ គណៈកម្មការអឺរ៉ុប ចាត់ទុកថា លក្ខណៈ ពេលវេលា វិសាលភាព និងផលប៉ះពាល់នៃការរំលោភបំពានដែលខ្លួនបានរកឃើញនេះ បង្កើតបានជាការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធដល់គោលការណ៍ស្នូលនៃសិទ្ធិនយោបាយ ដូចមានចែងក្នុងមាត្រា២៥ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់អង្គការសហប្រជាជាតិ។
ទាំងលោក កន សាវាង្ស លោក សម គន្ធាមី និងទាំងបណ្ឌិត មាស នី សុទ្ធតែយល់ឃើញដូចៗគ្នាថា ដរាបណាអ្នកនយោបាយខ្មែរពុំមានឆន្ទៈពិតប្រាកដក្នុងការសម្រុះសម្រួលនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក ហើយគ្មានលក្ខខណ្ឌដោះស្រាយជាក់លាក់នោះទេ នោះដំណោះស្រាយនយោបាយខាងមុខ គ្រាន់តែជាដំណោះស្រាយមួយគ្រា មានរយៈពេលខ្លីតែប៉ុណ្ណោះ។ ពួកគេលើកឡើងថា ការសម្រុះសម្រួលនយោបាយតាមរបៀបនេះ នឹងមិនអាចជួយបញ្ចៀសកម្ពុជា ពីវិបត្តិ និងជម្លោះរ៉ាំរ៉ៃផ្នែកនយោបាយមិនចេះចប់មិនចេះហើយនោះទេ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយខ្មែរ នឹងគ្មានទំនុកចិត្តជាមួយគ្នា ហើយនៅតែយកល្បែងនយោបាយចាស់មកជិះជាន់គូរបដិបក្ខជារៀងរហូត ខណៈអ្នកដែលរងគ្រោះ និងបន្តរងគ្រោះគឺពលរដ្ឋខ្មែរស្លូតត្រង់៕