គណបក្សនយោបាយពីរផ្សេងទៀតប្រឈមនឹងការរំលាយចោល
2017.08.20

គណបក្សពីរផ្សេងទៀតដែលកំពុងធ្វើសកម្មភាពនយោបាយរបស់ខ្លួន កំពុងប្រឈមនឹងការរំលាយ ខណៈប្រធានរបស់ខ្លួនកំពុងរងបទចោទពីតុលាការ ស្របពេលច្បាប់គណបក្សនយោបាយថ្មីហាមមិនឲ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយទណ្ឌិត។ គណបក្សទាំងនោះរួមមាន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា។
មិនសល់ពេលច្រើនទៀតទេសម្រាប់គណបក្សនយោបាយរលាស់ខ្លួនផ្តាច់ទំនាក់ទំនងចេញពីទណ្ឌិតដែលជាប់បទឧក្រិដ្ឋ ឬពីបទមជ្ឈិម បន្ទាប់ពីច្បាប់គណបក្សនយោបាយថ្មីត្រូវបានប្រកាសឲ្យប្រើកាលពីចុងខែកក្កដា កន្លងទៅ។ នៅពេលនេះ ក្រៅពីគណបក្សប្រឆាំងដែលកំពុងពន្លឿនដករូបលោក សម រង្ស៊ី ពីស្លាករបស់ខ្លួន ក៏មានគណបក្សពីរផ្សេងទៀតដែរ ត្រូវរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្ស និងប្តូររូបសញ្ញាចេញ។
ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ ដែលប្រធានគណបក្សលោក គឺលោក សួន សេរីរដ្ឋា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទចោទមួយចំនួន ធ្វើឲ្យប៉ះពាល់កងទ័ព ឲ្យអាស៊ីសេរីដឹងថា ស្លាកគណបក្សអំណាចខ្មែរ នៅក្នុងខេត្តខ្លះមានរូបលោក សួន សេរីរដ្ឋា ដែរ ដូច្នេះគណបក្សនឹងត្រូវប្តូរស្លាកទាំងនោះចេញពីគណបក្ស។ លោកថា គណបក្សត្រូវចំណាយថវិកាជាង ១ម៉ឺន ៥ពាន់ដុល្លារដើម្បីធ្វើការងារទាំងនោះ៖ «យើងប្រយ័ត្ន ព្រោះអីគណបក្សអំណាចខ្មែរ ត្រូវបានគំរាមកំហែងដោយលោក ហ៊ុន សែន»។
លោក សួង សុភ័ណ្ឌ និយាយទៀតថា ដោយសារគណបក្សគ្មានរំពឹងលើប្រព័ន្ធតុលាការថានឹងផ្តល់យុត្តិធម៌ដល់ប្រធានបក្សរបស់លោក នៅពេលនេះដែរ គណបក្សកំពុងប្រជុំផ្ទៃក្នុងរៀបចំរចនាសម្ព័ន្ធប្តូរក្បាលម៉ាស៊ីនបក្សជាថ្មី។ លោកថា នៅដើមខែកញ្ញា ខាងមុខ គណបក្សនឹងបញ្ជូនរបាយការណ៍ពីការផ្លាស់ប្ដូរនេះទៅក្រសួងមហាផ្ទៃ។
ក្រៅពីគណបក្សអំណាចខ្មែរ ដែលកំពុងរូតរះផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំរបស់ខ្លួន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ក៏ប្រឈមរំលាយចោលដែរ ព្រោះលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះក៏ត្រូវតុលាការក្រុងភ្នំពេញចោទពីបទល្មើសទាក់ទងការផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ កាលពីជាង ១០ឆ្នាំមុន។ ស្លាកសញ្ញារបស់គណបក្សនេះដែលបានដាក់បង្ហាញនៅទូទាំងប្រទេស ក៏មានរូបលោក ញឹក ប៊ុនឆៃ ដែរ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រី ឬអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ បានទេនៅថ្ងៃទី២០ ខែសីហា។
ច្បាប់ស្ដីពីគណបក្សនយោបាយថ្មី បានហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះរហូតដល់ ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានខ្លះ ព្រោះតែខ្លាចគណបក្សរបស់ខ្លួនត្រូវរំលាយចោល តំបន់មួយចំនួនដែលខ្វះខាតថវិកា ត្រូវសម្រេចចិត្តកាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ចេញពីស្លាកគណបក្សតែម្តង ព្រោះលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះកំពុងជាប់ទោសជាច្រើននៅតុលាការកម្ពុជា។ យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រកាសថា លោកមិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ កាត់ ឬលុបរូបនេះទៀតទេ គឺត្រូវប្តូររូបសញ្ញាគណបក្សថ្មីតែម្តង គឺរូបព្រះអាទិត្យ។ តាមគម្រោង គណបក្សសង្គ្រោះជាតិ នឹងប្តូរស្លាកថ្មីរបស់ខ្លួនឲ្យអស់ត្រឹមដើមខែកញ្ញា ខណៈដែលគណបក្សបានប្តូរស្លាកថ្មីបាន ៨០ភាគរយទូទាំងប្រទេស។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា គណបក្សនយោបាយមិនគួរប្រញាប់ប្តូររូបសញ្ញា ឬផ្លាស់ប្ដូរក្បាលម៉ាស៊ីនបក្សលឿនពេកទេ គួររង់ចាំការសម្រេចពីតុលាការថា ប្រធានរបស់ខ្លួនមានទោសជាមុនសិន។ លោកបន្តទៀតថា គណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំង គួរតតាំងជាមួយបក្សកាន់អំណាចតាមរយៈរដ្ឋសភាឲ្យមានការពន្យល់ ឬកែប្រែពាក្យពេចន៍ខ្លះនៃច្បាប់គណបក្សនយោបាយ ព្រោះលោកសង្កេតឃើញថា ច្បាប់នេះមិនច្បាស់លាស់នៅឡើយទេ៖ «គឺដូចជារហ័សពេក មានន័យបុរេវិគំនិតលើគាត់ទាំងពីរទៅជាទណ្ឌិត ហើយអយុត្តិធម៌ចំពោះគាត់ផង»។
ច្បាប់គណបក្សនយោបាយថ្មីទុករយៈពេល ៩០ថ្ងៃ ឬបីខែ ដល់គ្រប់គណបក្សនយោបាយ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងចេញពីទណ្ឌិត។ នៅមានរយៈពេលជាង ២ខែទៀត ឬដល់ចុងខែតុលា ច្បាប់នេះបានចូលជាធរមាន នៅក្រោយពីប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានចុះហត្ថលេខាប្រកាសឲ្យប្រើនោះ៕