គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទារ​​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ និង​បញ្ឈប់​រាល់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

0:00 / 0:00

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ និង​បញ្ឈប់​រាល់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ក្នុង​ឱកាស​ខួប​លើក​ទី៧៦ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដែល​មាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន៥ រួមមាន គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម​ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី១០ ខែធ្នូ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើង​វិញ។

សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ទម្លាក់​បទ​ប្រកាន់​ប្រធាន​គណបក្ស​ភ្លើង​ទៀន ទាវ វណ្ណល អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​កំពុង​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ២ឆ្នាំ និង​អ្នកទោស​មនសិការ​ផ្សេង​ទៀត ដែល​បាន​អនុវត្ត​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​ការពារ​បរិស្ថាន និង​សិទ្ធិ​រស់នៅ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។

ដោយឡែក គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ទៀត​គឺ គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ដដែល​ថា ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នៅតែ​ចង្អៀត ដោយសារ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ព្រមទាំង​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​បាន​បិទ​សិទ្ធិ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង មិន​ឱ្យ​ធ្វើ​នយោបាយ ការ​ចាប់​ខ្លួន​មេ​ដឹកនាំ និង​សកម្មជន គណបក្សប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​សហជីព សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ព្រមទាំង អ្នក​សារព័ត៌មាន​ឯករាជ្យ ដាក់​ពន្ធនាគារ​ជា​ដើម។

ទាក់ទង​នឹង​ករណី​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ទទួល​យក​សំឡេង​របស់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខ្មែរ ដែល​តែងតែ​ស្នើសុំ​រដ្ឋាភិបាល ឱ្យ​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង (GSP) ទាំង​ស្រុង​មក​វិញ។

លោក រ៉ុង ឈុន៖«បើ​យើង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ មិន​ត្រឹមតែ​បាត់បង់​ការងារ​ដល់​កម្មករ កម្មការិនី​ទេ វា​ប៉ះពាល់​ដល់​មុខ​របរ​ប្រជាពលរដ្ឋ ដែល​គាត់​ប្រកប​មុខរបរ​ទទួលទាន​នៅ​ជុំវិញ​រោងចក្រ ក៏​ដូច​ជា អ្នក​ដឹក​កម្មករ មាន​ផ្ទះ​ជួល​សម្រាប់​កម្មករ ជា​ពិសេស ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា ហើយ​បើ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគទុន»។

ចំណែក​ឯ​គណបក្ស​ជំនាន់​ថ្មី បាន​សេចក្ដី​ថ្លែងការណ៍​ដែរ​ថា រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង និង​ស្ការ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញលេញ ដោយ​បើក​លំហ​សេរីភាព​នយោបាយ គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ លុបបំបាត់​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​គ្រប់​រូបភាព ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​សាធារណៈ​មតិ​ជាតិ អន្តរជាតិ​បាន​លើក​ឡើង​កន្លង​មក។

ជុំវិញ​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច និង​ជា​សមាជិក​ព្រឹទ្ធសភា លោក សុខ ឥសាន លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ ឬ​អ្នក​ទោស​មនសិការ​នោះ​ទេ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ប៉ុណ្ណោះ។ លោក​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ច្រើន​ដង​ហើយ​ថា កម្ពុជា​នឹង​មិន​ត្រូវ​ការ​ជំនួយ​ពី​បរទេស​ជា​ថ្នូរ​នឹង​អធិបតេយ្យ​កម្ពុជា​នោះ​ទេ។

លោក សុខ ឥសាន៖«រឿងEBAជា​រឿង​របស់​គណៈកម្មាធិការ​អឺរ៉ុប បើ​គាត់​យល់​ឃើញ​ថា«ឱ្យ»ជា​រឿង​របស់​គាត់ បើ​គាត់​ថា មិន​ឱ្យ​ជា​រឿង​របស់​គាត់​ទេ យើង​មិន​អាច​ទៅ​ហាមឃាត់​កើត​ទេ តែ​ឱ្យ​យើង​ស្ដាប់​បញ្ជា​គាត់ តាម​ចិត្ត​គាត់​ចង់​បាន​របស់​គាត់ អា​ហ្នឹង យើង​មិន​អាច​ធ្វើតាម​គាត់​ទេ ដូច​ដែល​ប្រមុខ​រដ្ឋាភិបាល​កន្លង​ទៅ លោក​បាន​ប្រកាស​ហើយ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នា​ពេល​កន្លង​មក គឺ​ដោយសារ​តែ​រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព ជាពិសេស ការ​ចាប់​ខ្លួន​អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​សហជីព​ជា​ដើម ដែល​ផ្ទុយ​ពី​ខ្លឹមសារ​សិទ្ធិមនុស្ស​អន្តរជាតិ។

លោក អំ សំអាត៖«អ៊ីចឹង ការ​ព្រួយ​បារម្ភ​ហ្នឹង​ហើយ បាន​ជា​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​សុំ​ឱ្យ​កម្ពុជា​បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន សិទ្ធិ​សេរីភាព​សារព័ត៌មាន សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​លំហ​នយោបាយ​ហ្នឹង​ឱ្យ​បាន​ពេញលេញ ដើម្បី​ជា​ផល​ប្រយោជន៍​កម្ពុជា​យើង ជា​ផល​ចំណេញ​កម្ពុជា​យើង»។

ក្នុង​ចំណោម​អ្នក​ទោស​មនសិការ​ជិត ៨០នាក់ មាន​អ្នកទោស​នយោបាយ​ចំនួន ៣៨នាក់ កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ អ្នក​ឃ្លាំមើល​សង្គម​ថា រដ្ឋាភិបាល​គួរតែ​ទទួល​យក​ការ​លើក​ឡើង​ពី​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដែល​ទាមទារ​ឱ្យ​បើក​លំហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ការពារ​កុំ​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) បាត់បង់​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។