គណបក្សនយោបាយមួយចំនួនប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ ចំណែកសង្គមស៊ីវិលក៏បានដាក់មន្រ្តីឃ្លាំមើលជុំវិញដំណើរការឃោសនារបស់គណបក្សនយោបាយទាំងនេះដែរ។
គណបក្សនយោបាយមួយចំនួនដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ លើកឡើងថា ពួកគេនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ស្អែកនេះតទៅ។ ទន្ទឹមនឹងនេះ ពួកគេរំពឹងថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីមានឱកាសអនុវត្តគោលនយោបាយអភិវឌ្ឍភូមិឃុំ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់ថា ដំណាក់កាលដំបូង មន្រ្តីរបស់លោកបានបញ្ជូនសម្ភារៈ ដូចជា អាវ មួក បដា ទង់បក្ស ទង់ជាតិ និងខិត្តប័ណ្ណសារនយោបាយជាង៣លានសន្លឹកទៅដល់បណ្តាខេត្តទូទាំងប្រទេសរួចហើយ។ បន្ថែមពីនេះ លោកថា សកម្មជនមូលដ្ឋាន ក៏នឹងធ្វើសកម្មភាពចាក់មេក្រូ ចែកខិត្តប័ណ្ណរៀងខ្លួន ដោយជូនដំណឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតតាមនីតិវិធីច្បាប់រួចហើយដែរ។ លោកឱ្យដឹងថា ថ្ងៃបើកយុទ្ធនាការឃោសនា បក្សភ្លើងទៀននឹងរៀបចំហែរក្បួនទ្រង់ទ្រាយធំរយៈពេលពេញមួយថ្ងៃតាមដងផ្លូវសំខាន់ៗនៅក្នុងរាជធានីភ្នំពេញដែលមានអ្នកគាំទ្រអ្នកចូលរួមរាប់ម៉ឺននាក់។
លោក ថាច់ សេដ្ឋា អំពាវនាវដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋចូលរួមហែរក្បួន ជាមួយគណបក្សភ្លើងទៀនឱ្យបានច្រើនកុះករ ដើម្បីបង្ហាញកម្លាំងគាំទ្រ និងការផ្លាស់ប្តូរនៅមូលដ្ឋាន៖ «យើងអំពាវនាវជាទូទៅសកម្មជន និងអ្នកគាំទ្រឱ្យលោកមកចូលរួមជួយហែរជាមួយយើង ដើម្បីបង្ហាញកម្លាំងគំាទ្រចំពោះគណបក្សភ្លើងទៀន មិនប្រកាន់អ្វីនោះទេ គ្រាន់បង្ហាញការគាំទ្រដើម្បីការផ្លាស់ប្តូរ»។
ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា សម្ភារៈសម្រាប់បម្រើឱ្យសកម្មភាពឃោសនាបោះឆ្នោត គឺគ្រប់គ្រាន់ និងបានដឹកជញ្ជូនទៅដល់មូលដ្ឋានរួចហើយ។ លោកបញ្ជាក់ថា ផ្អែកតាមច្បាប់បោះឆ្នោតឃុំ សង្កាត់គណបក្សប្រជាជននឹងមិនហែរក្បួន ឬជួបជុំលក្ខណៈទ្រង់ទ្រាយធំនោះទេ ប៉ុន្តែគណបក្សបានដាក់ចេញនូវផែនការសកម្មភាព ដូចជា ហែរក្បួនចំនួនពីរដង គឺថ្ងៃបើកនិងបិទបញ្ចប់យុទ្ធនាការនៅតាមឃុំ សង្កាត់ និងផ្សព្វផ្សាយគោលនយោបាយតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋពិចារណាចំពោះស្នាដៃដឹកនាំរបស់បក្សនាពេលកន្លងមក៖ «យើងធ្វើតែពីរដងទេ គឺទីមួយបើកនិងបិទយុទ្ធនាការប៉ុណ្ណោះទេបាទ ហើយក្រៅពីនេះ គឺក្រុមឃោសនា និងសកម្មជនរបស់គណបក្សដើរតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយជូនប្រជាពលរដ្ឋ»។
គណបក្សតូចៗនិងគណបក្សទើបបង្កើតក៏បានត្រៀមលក្ខណៈរួចរាល់ផងដែរ។
អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ប្រាប់វិទ្យុអាស៊ីសេរីថា សម្ភារៈ និងខិត្តប័ណ្ណសារនយោបាយចំនួន៩ចំណុចបានផ្តល់ទៅដល់គណបក្សនៅតាមបណ្តាខេត្តដើម្បីចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយហែរក្បួន និងធ្វើសកម្មភាពតាមឃុំស្របនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ។ លោកឱ្យដឹងថា ថ្ងៃទី២នៃយុទ្ធនាការខាងមុខនេះ ប្រធានគណបក្ស គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងដឹកនាំក្បួនឃោសនាបោះឆ្នោតដោយផ្ទាល់ ដែលមានសកម្មជន និងអ្នកគាំទ្រចូលរួមប្រមាណ១ពាន់ (១.០០០) នាក់ជុំជួបនៅផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរហែរឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកថា ការប្តេជ្ញាចិត្ត និងគោលនយោបាយផ្តោតលើសេវាសាធារណៈ ការពារផលប្រយោជន៍ពលរដ្ឋ។ លោករំពឹងថា ប្រជាពលរដ្ឋប្រមាណជាង ៤០ម៉ឺននាក់គាំទ្រគណបក្សរាជានិយមបន្តទៀត៖ «ខេត្តនីមួយៗមានក្រុមការងារទទួលបន្ទុកថ្នាក់ស្រុករហូតទៅដល់បេក្ខជនដែលបានឈរឈ្មោះនៅតាមឃុំ សង្កាត់ ហ្នឹង គាត់ចុះដោយខ្លួនឯងដោយនាំទៅជាមួយនូវខិតប័ណ្ណគោលនយោបាយគណបក្សបានចែកទៅពួកគាត់ហើយ ហើយពួកគាត់នឹងចុះតាមផ្ទះបងប្អូនតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀចំការបោះឆ្នោត»។
ដោយឡែកគណបក្សទើបបង្កើតថ្មី ជាគណបក្សបែកចេញពីគណបក្សសង្គ្រោះជាតិ គឺគណបក្សកម្ពុជានិយមឲ្យដឹងថា គណបក្សនេះបានបែងចែកក្រុមការងារជាបីក្រុមសម្រាប់ផែនការយុទ្ធនាការឃោសនាបោះឆ្នោតដោយត្រៀមហែរក្បួន ចាក់មេក្រូ ចែកខិត្តប័ណ្ណគោលនយោបាយជាង២សែនសន្លឹក នៅតាមខ្នងផ្ទះ និងទីប្រជុំជននានានៃភូមិសាស្រ្តឃុំ សង្កាត់ចំនួន៣៨ ដែលគណបក្សបានដាក់បេក្ខជនឈរឈ្មោះ ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត។
ប្រធានគណបក្សនេះ គឺលោក យ៉ែម បុញ្ញឬទ្ធិ ថ្លែងថា ថ្ងៃបើកយុទ្ធនាការវិញ ថ្នាក់ដឹកនាំ សកម្មជនគណបក្សប្រមាណជាង១រយនាក់នឹងចូលរួមហែរក្បួននៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង និងឃុំសង្កាត់មួយចំនួនទៀត ដូចជា ខេត្តបន្ទាយមានជ័យ និងសៀមរាបជាដើម៖ «យើងបានកំណត់ដោយសារទីមួយយើងបានដាក់បេក្ខជនចំនួន៣៨ឃុំ សង្កាត់ លើ១០រាជធានី ខេត្ត ទីពីរច្បាប់ដែលនិយាយពីការហែរក្បួនឱ្យហែរក្នុងឃុំ សង្កាត់របស់ខ្លួន ចំណុចទាំងអស់នេះ យើងបានសម្រេចជ្រើសរើសយកយុទ្ធសាស្រ្តមួយដែលហៅថា ការចាក់មេក្រូផ្សព្វផ្សាយក្នុងឃុំ សង្កាត់ទាំង៣៨ រួមទាំងចែកខិត្តប័ណ្ណផ្ទាល់តាមផ្ទះប្រជាពលរដ្ឋ និងទីប្រជុំជន » ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ ថា ឃុំ សង្កាត់ ចំនួន៣២ដែលគណបក្សបានដាក់បេក្ខជនតៀមធ្វើសកម្មភាពឃោសនា រកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃ។ លោកឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ថាថ្នាក់ដឹកនាំគណបក្សនឹងចូលរួមហែរបក្សជាមួយបេក្ខជន និងសកម្មជននៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ម៉្យាងទៀតលោកបញ្ជាក់ថា ក្រៅពីហែរក្បួនគណបក្សក៏រៀបចំក្រុមការងារតាមឃុំចុះផ្សព្វផ្សាយ និងពន្យល់ពលរដ្ឋឱ្យយល់កាន់តែច្បាស់អំពីគោលគោលនយោបាយ និងសារនយោបាយចំនួន៥ចំណុចផងដែរ៖ «ការហែរក្បួនតាមឃុំ សង្កាត់ហ្នឹង យើងអាចហែរម្តង ឬពីរដង ក្នុងគោលបំណងបង្កើនការចាប់អារម្មណ៍ និងឱ្យបានស្គាល់ ដឹងឮឱ្យបានច្រើន ប៉ុន្តែសំខាន់គឺការចុះជួបពន្យល់ផ្សព្វផ្សាយអំពីគោលនយោបាយ និងបេក្ខជនឈរឈ្មោះតែម្តង»។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយខាងមុខនេះ មានរយៈ១៤ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនានេះ។ ច្បាប់បោះឆ្នោតអនុញ្ញាតឱ្យគណបក្សនយោបាយហែក្បួនទ្រង់ទ្រាយធំចំនួនពីរដងប៉ុណ្ណោះក្នុងមួយឃុំ សង្កាត់ ហើយករណីចំនួនរថយន្តពីរគ្រឿង និងម៉ូតូ១០គ្រឿង ឬម៉ូតូ២០គ្រឿងឡើងទៅ គឺចាត់ទុកគណបក្សនយោបាយបានហែរក្បួនឃោសនា។
កាលពីថ្ងៃទី១៧ ខែឧសភា គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវគោរពវិធាន បទបញ្ញត្តិ និងគោលណ៍ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គោរពបទបញ្ញា និងនីតិវិធី ក្រុមសីលធម៌ជាដើម ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ លើសពីនេះ គ.ជ.ប ក៏បានអំពាវនាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរអព្យាក្រិត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនា និងហែរក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នាដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា រហូតមកដល់ពេលនេះ គណបក្សនយោបាយមួយចំនួនបានជូនដំណឹងស្តីពីសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតមក គ.ជ.បរួចហើយ។ លោក ហង្ស ពុទ្ធា ឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនោះ មន្រ្តីរបស់ គ.ជ.ប បានជួបពិភាក្សាជាមួយអាជ្ញាធរដែនដីទាក់ទងតម្រាយផ្លូវហែរក្បួន និងទីកន្លែងហាមឃាត់ជាដើម ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នារវាគណបក្សនយោបាយទាំងនោះ៖ «រហូតមកដល់ពេលនេះមិនទាន់កើតមានបញ្ហាណាមួយបែបអវិជ្ជមាននោះទេបាទ ប៉ុន្តែគ្រាន់តែខ្ញុំសង្កេតឃើញថា គណបក្សនីមួយៗសុទ្ធតែបានត្រៀមលក្ខណៈក្នុងការទទួលយកថ្ងៃថ្មីសម្រាប់ថ្ងៃស្អែកសម្រាប់ការឃោសនាបោះឆ្នោតចាប់ផ្តើមពីម៉ោង៦ព្រឹកទៅបាទ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ខាងលោកនឹងដាក់មន្រ្តីចំនួន២០នាក់ដើម្បីតាមដាន និងឃ្លាំមើលជុំវិញដំណើរការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃនៅតាមរាជធានី និងខេត្តចំនួន២០។ លើសពីនេះ លោកថា សង្គមស៊ីវិលក៏បានជ្រើសរើសគ្រូបង្គោល និងមន្រ្តីសង្កេតការណ៍បោះឆ្នោតដែរ ប៉ុន្តែមិនវាយតម្លៃលើដំណើរបោះឆ្នោតនោះទេ៖ «ជាទូទៅយើងបានចូលរួមឃ្លាំមើលក្នុងកម្រិតមួយដែលអាចធ្វើទៅបាន ប៉ុន្តែមិនធ្វើការវាយតម្លៃដំណើរការបោះឆ្នោតនោះទេ ហើយដំណើរការឃោសនានេះ យើងបានត្រៀមមន្រ្តីចំនួន២០នាក់សម្រាប់២០ខេត្ត ដើម្បីពិនិត្យ និងឃ្លាំមើលស្ថានភាពទូទៅមួយចំនួនទាក់ទងនឹងភាពមិនប្រក្រតីនៃការឃោសនាបោះឆ្នោត»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។